26 C
Phnom Penh

ពលរដ្ឋ​ឃុំ​បិតត្រាំង​ដែល​រងគ្រោះ​ដោយ​អំពើ​ប្លន់​ប្រដាប់​អាវុធ​បន្ត​រិះគន់​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ថា​មិន​បាន​ស្វែងរក​ជនល្មើស

បទវិភាគ

ពលរដ្ឋ​រងគ្រោះ​ដោយ​អំពើ​ប្លន់ និង​គំរាម​សម្លាប់​រស់នៅ​ភូមិ​ចំណោទរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ បាន​បន្ត​រិះគន់​ស្នងការដ្ឋាន​នគរបាល និង​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ថា​គ្មាន​សមត្ថភាព​ស្វែងរក​ចាប់​ខ្លួន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម ដែល​ចូល​ប្លន់ និង​ដុត​ផ្ទះ​ពលរដ្ឋ​កាលពី​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១ យក​មក​ផ្ដន្ទាទោស​នោះ​ទេ។

បទល្មើស​ប្លន់​ប្រដាប់​អាវុធ​នេះ ក្រុម​ពលរដ្ឋ​សង្ស័យ​ថា ទាំង​ថ្នាក់​ដឹកនាំ​ស្នងការដ្ឋាន​នគរបាល មេបញ្ជាការ​កង​រាជ​អាវុធហត្ថ និង​លោក​អភិបាល​ខេត្ត​ព្រះសីហនុ ហាក់​មាន​ចេតនា​លាក់បាំង​ក្រុម​ជនល្មើស ទើប​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​រឿង​នេះ។

ពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ ជួយ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ចាប់​ជន​ដៃដល់ និង​អ្នក​រៀបចំ​គម្រោង​ប្លន់​ទ្រព្យសម្បត្តិ ដុត​ផ្ទះ និង​គំរាម​សម្លាប់​ពលរដ្ឋ ដើម្បី​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ប្រជាពលរដ្ឋ​ថា ពួកគាត់​ហាក់​អស់​ជំនឿ​ទៅលើ​ប្រសិទ្ធភាព​ការងារ​របស់​លោក ជួន ណារិន្ទ ស្នងការ​នគរបាល និង​លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ថា​នឹង​អាច​ចាប់​ខ្លួន​ជនល្មើស​មក​ផ្ដន្ទាទោស​បាន​ទេ។

អ្នក​ភូមិ​សង្ស័យ​ថា មាន​ថ្នាក់​ដឹកនាំ​ខេត្ត​នៅ​ក្រោយ​ហេតុការណ៍​នេះ ដោយ​ហេតុ​ថា​គោលបំណង​ធំ​របស់​អ្នក​រៀបចំ​គម្រោង​ប្លន់​នេះ គឺ​ដើម្បី​បណ្តេញ​ពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​លំនៅឋាន រួច​ប្លន់​យក​ដី ដោយ​ចោទ​ពួកគាត់​ជា​ជន​អនាធិបតេយ្យ​ចូល​មក​សង់​ផ្ទះ​រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់។

ទោះ​ជា​បែប​នេះ​ក្តី ពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក ហ៊ុន សែន ជួយ​បញ្ជូន​មន្ត្រី​ស្អាតស្អំ​ដែល​មាន​ឆន្ទៈ​ចង់​ជួយ​ដោះស្រាយ​កង្វល់​ជូន​ពលរដ្ឋ​ពិតប្រាកដ ឲ្យ​ចុះ​ស៊ើប​អង្កេត​ស្វែងរក​ចាប់​ខ្លួន​ក្រុម​ជនល្មើស​ក្នុង​អំពើ​ប្លន់​ប្រដាប់​អាវុធ និង​អ្នក​រៀបចំ​គម្រោង​ប្លន់​នេះ​ផង។

កាលពី​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១ ពលរដ្ឋ​រស់នៅ​ចំណុច​ភ្នំ​ត្រងោល ស្ថិត​ក្នុង​ភូមិ​ចំណោទរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ បញ្ជាក់​ថា មាន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​មាន​គ្នា​ច្រើន​នាក់ ប្រដាប់​ដោយ​អាវុធ​វែង និង​ឧបករណ៍​ប្រព្រឹត្ត​បទល្មើស បាន​ធ្វើ​សកម្មភាព​ប្លន់​ទ្រព្យសម្បត្តិ គំរាម​សម្លាប់ ប្រើ​ហិង្សា និង​ដុត​បំផ្លាញ​ផ្ទះ​អស់​ជាច្រើន ប៉ុន្តែ​ទាំង​សមត្ថកិច្ច​នគរបាល និង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ហាក់​មាន​ការ​យឺតយ៉ាវ​ចុះ​ជួយ​អន្តរាគមន៍​ពួកគាត់​ឲ្យ​ទាន់​ពេល។

ទោះ​ជា​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​ដែល​ពលរដ្ឋ​បាន​លើកឡើង​នោះ​បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​សីហា។ ចំណែក​ឯ​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ក៏​មិន​អាច​ទាក់ទង​ដើម្បី​បំភ្លឺ​បាន​នៅឡើយ​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស