30 C
Phnom Penh

ជំនន់​ទឹកភ្លៀង​នៅ​ក្រុង​ព្រះសីហនុ​បណ្តាល​ឲ្យ​បុរស​ម្នាក់​បាត់បង់​ជីវិត និង​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ

បទវិភាគ

មន្ត្រី​ព័ត៌មាន​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន​បុរស​ម្នាក់​បាន​ស្លាប់ និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​មួយ​ចំនួន​បាន​ខូចខាត​បណ្តាល​មកពី​ជំនន់​ទឹកភ្លៀង​ជន់​លិច​ក្រុង​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ ខណៈ​ទឹកភ្លៀង​បាន​បន្ត​ធ្លាក់​មក​ឥត​ឈប់ឈរ​មក​ដល់​ល្ងាច​ថ្ងៃ​ពុធ ទី​២៥ ខែ​សីហា។

ជំនន់​ទឹកភ្លៀង​បណ្ដាល​មកពី​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប ITCZ កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា បណ្តាល​ឲ្យ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​ក្រុង​ព្រះសីហនុ ត្រូវ​លិច​ទឹក​ជាច្រើន​ម៉ោង និង​នាំ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​អាជ្ញាធរ​នៃ​រដ្ឋបាល​ខេត្ត​នេះ​មិន​មាន​លទ្ធភាព​ជួយ​ពលរដ្ឋ​រងគ្រោះ​ទេ។

គ្រោះ​ទឹកជំនន់​ដោយសារ​ទឹកភ្លៀង​នេះ ក៏​បាន​ជន់​លិច​ផ្លូវ​ធ្វើ​ដំណើរ​មិន​អាច​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ​ធ្វើ​ចរាចរ​បាន​ឡើយ។ ដោយឡែក​អូរ ប្រឡាយ និង​លូ​សម្រាប់​រំដោះ​ទឹក​ចេញពី​ក្រុង​ទេសចរណ៍​មួយ​នេះ​ត្រូវ​កក​ស្ទះ ព្រោះ​បឹង​ធម្មជាតិ ឬ​អាង​សម្រាប់​ស្តុក​ទឹក ឬ​រំដោះ​ទឹកភ្លៀង​ចេញពី​ក្រុង​ព្រះសីហនុ បាន​ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន និង​ចាក់​ដី​លុប​អស់​គ្មាន​សល់។

ទោះ​យ៉ាងណា ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា ការស្ថាបនា​ផ្លូវ និង​ប្រព័ន្ធ​លូ អូរ ប្រឡាយ​របស់​ក្រុម​ការងារ​ស្ថាបនា​ផ្លូវ​ថ្នាក់​ជាតិ​ទាំង ៣៤​ខ្សែ​នៅ​ក្រុង​ព្រះសីហនុ កន្លងមក គឺ​មិន​បាន​សិក្សា​លម្អិត​តាម​លក្ខណៈ​បច្ចេកទេស​នោះ​ទេ។ មិន​ត្រឹម​តែប៉ុណ្ណោះ ក៏​មិន​មាន​អាង​សម្រាប់​ស្តុក​ទឹក ឬ​រំដោះ​ទឹក​ឲ្យ​បាន​ធំ​ទូលាយ​នោះ​ដែរ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​២៥-៣១ ខែ​សីហា ឆ្នាំ​២០២១ ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​ក្នុង​កម្រិត​ខ្លាំង នឹង​អាច​កើតមាន​នៅ​ជ្រលង​សម្ពាធ​ទាប ITCZ សាជាថ្មី​ទៀត។ ស្ថានភាព​បែប​នេះ នឹង​បណ្តាល​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំដងរែក និង​ខេត្ត​ជាប់​មាត់​សមុទ្រ​ជាដើម នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង និង​មាន​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង។

ក្រសួង​ធនធាន​ទឹក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ប្រុងប្រយ័ត្ន​អំពី​សុវត្ថិភាព​នៃ​បាតុភូត​ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ធំៗ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។

ទាក់ទង​នឹង​ករណី​នេះ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ក៏​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​បញ្ជូន​គ្រឿងចក្រ​ទៅ​កាយ ឬ​ស្ដារ និង​កាយ​សំរាម​ដែល​កក​ស្ទះ​នៅ​តាម​ផ្លូវ តាម​អូរ និង​ប្រឡាយ​សំខាន់ៗ​ក្នុង​ក្រុង​ព្រះសីហនុ ក្រោយ​មាន​ជំនន់​ទឹកភ្លៀង​កាល​ពី​ម្សិលមិញ​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​លិច​ក្រុង​ព្រះសីហនុ កាល​ពី​ម្សិលមិញ គឺ​បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​បុរស​ម្នាក់​ទៀត​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល។ លោក​បន្ត​ថា ជនរងគ្រោះ​ករណី​ទី​១ បាន​កើតឡើង​លើ​បុរស​ម្នាក់​ទៀត​អាយុ​ប្រមាណ ៥០​ឆ្នាំ​ដែល​បាំង​ឆត្រ​ដើរ​កាត់​ផ្លូវ​ពេល​កំពុង​មាន​ជំនន់​ទឹកភ្លៀង​ខ្លាំង​ក្នុង​តំបន់​អូរ៥ សង្កាត់​លេខ៤ ក៏​ត្រូវ​បាន​ទឹក​ហូរ​កួច​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​បាត់​ខ្លួន។ ចំណែក​ករណី​ទី​២ បាន​កើតឡើង​ទៅ​លើ​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​កាត់​ទឹក ហើយ​ត្រូវ​ទឹក​ហូរ​កួច​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទាំង​ម៉ូតូ និង​មនុស្ស​នៅ​សង្កាត់​លេខ១ ប៉ុន្តែ​ត្រូវ​ជួយ​សង្គ្រោះ​ទាន់​ពេល។

យ៉ាងនេះ​ក្តី សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​សាកសព​របស់​បុរស​រងគ្រោះ​ខាងលើ​នេះ​ទេ ព្រោះ​មិន​មាន​ឯកសារ​នៅ​ជាប់​ខ្លួន​ឡើយ។ សមត្ថកិច្ច​បាន​សង្ស័យ​ថា បុរស​រងគ្រោះ​រូប​នេះ​ទំនង​ជា​ជនជាតិ​ចិន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស