សាធារណជនរិះគន់រដ្ឋាភិបាល និងតុលាការនៅខេត្តបាត់ដំបង ចំពោះការចាប់ឃុំខ្លួន និងចោទប្រកាន់យុវជនម្នាក់ពីបទ «ញុះញង់» ដោយគ្រាន់តែត្អូញត្អែរពីបញ្ហាមៀនដែលកសិករបេះហើយ បែរជារដ្ឋាភិបាលមិនទិញពីពួកគាត់។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ និងបញ្ជូនខ្លួនយុវជនម្នាក់ទៅសាលាដំបូងខេត្តបាត់ដំបង ហើយបច្ចុប្បន្នយុវជនរូបនោះត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារដោយចោទប្រកាន់ពីបទ «ញុះញង់»។
បើតាមហ្វេសប៊ុកឈ្មោះ Storytellers បានសរសេរដោយភ្ជាប់ជាមួយរូបថតយុវជន និងកសិករម្នាក់ទៀតថា «និយាយការពិតសោះ ត្រូវគេចោទថាបំពុលសង្គមវិញ»។
ក្រៅពីហ្វេសប៊ុកឈ្មោះ Storytellers ក៏មានហ្វេសប៊ុកឈ្មោះ Mono Tep សរសេរដែរថា ម្ចាស់ចម្ការមៀនត្អូញត្អែរពីបញ្ហាគ្មានទីផ្សារសម្រាប់ផ្លែមៀនដែលខ្លួនបានទទួលផល គេបែរជាចោទគាត់ថាបំពុលសង្គម ហើយដឹកដៃគាត់ចូលប៉ុស្តិ៍ប៉ូលិសឱ្យចុះកិច្ចសន្យា និងសុំទោសជាសាធារណៈ។ មួយវិញទៀត កសិកររងគ្រោះគ្មានទីផ្សារ ខាតបង់ក្ស័យធនហើយ ត្រូវមករងគ្រោះដោយអាជ្ញាធរចោទថាញុះញង់បំពុលសង្គមថែមទៀត។
បើតាមហ្វេសប៊ុកយុវជនដែលត្រូវបានសមត្ថកិច្ចចាប់ និងត្រូវតុលាការឃុំខ្លួននោះ បានបង្ហោះវីដេអូឃ្លីបកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លើគណនីឈ្មោះ Accou Nt ថា «កាលពីមុនដំបូង លោក ហ៊ុន សែន បានជួយទិញមៀន ដោយឱ្យខាងស្រុក–ឃុំចុះមកជួយកត់ថា មៀនមានចំនួនប៉ុន្មានតោន ដោយឱ្យប្រជាពលរដ្ឋកាច់ និងដាក់ថង់ ប៉ុន្តែនៅពេលដាក់ថង់ហើយ គេមិនយក ដោយឱ្យដាក់ឡាំវិញ។ អ៊ីចឹងជ្រុលបើមិនទិញហើយ កុំឱ្យគាត់កាច់អស់លុយថ្លៃកម្មករ គ្រាន់តែថ្លៃកម្មករ ថ្លៃជួលឡានដឹកទៅវិញទៅមកអស់លុយ ហើយថ្លៃកម្មករកាច់មួយគីឡូ ៥០០រៀលទៀត ហើយទិញកេះផង ជួលឡានដឹកផង ហើយអត់ទិញរបស់គាត់ផងហ្នឹង ទុកចោលដដែល»។
យុវជនរូបនេះក៏បានលើកឡើងទៀតថា «គ្រាន់តែជួលកម្មករកាច់អស់លុយច្រើន ហើយខាតលុយថ្នាំហើយ អត់យកមៀនយើងដែលកាច់ហើយទៀត ចុះវាមិនទុកឱ្យស្អុយទៅមិនបាច់ទិញអី។ អ៊ីចឹងមិនបាច់លក់ទេ ច្រកទុកចាក់ចោលទៅ! មើលឱ្យហើយបងប្អូន ឥឡូវរកលុយឱ្យថ្លៃកម្មករមិនបានផង»។
ក្រោយបង្ហោះសារនេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានហៅកសិករចំនួន ២នាក់ទៅបំភ្លឺ និងឱ្យពួកគាត់សុំទោសរដ្ឋាភិបាល និងមន្ត្រីធំៗបាននិងកំពុងប្រមូលទិញផ្លែមៀន និងតាង៉ែនប្រជាកសិករដោយគ្មានទីផ្សារសម្រាប់លក់ ក្រោយពីថៃ មិនទទួលទិញផ្លែមៀន និងតាង៉ែនពីកសិករ។
យ៉ាងណាក៏ដោយ បញ្ហាកសិករដាំដំណាំហើយគ្មានទីផ្សារសម្រាប់លក់កសិផលរបស់ខ្លួន មិនមែនទើបតែនឹងកើតឡើងឡើយ។ បញ្ហានេះ បានកើតឡើងយូរឆ្នាំហើយដោយពេលខ្លះរហូតដល់កសិករចាក់ស្រូវ បន្លែ ផ្លែឈើរបស់ខ្លួនចោល ដោយសារគ្មានទីផ្សារ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាគ្មានដំណោះស្រាយសម្រាប់កសិករឡើយ៕