26 C
Phnom Penh

អ្នក​ស្លាប់​ដោយ​ជំងឺ Covid-19 ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

បទវិភាគ

អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19 បាន​ធ្លាក់​ចុះ​មក​ត្រឹម ៦​នាក់​នៅ​ថ្ងៃ​នេះ ខណៈ​រយៈពេល​កន្លងទៅ ការ​ស្លាប់​មាន​ចំនួន​ច្រើន​រហូត​ដល់​ជាង ៣០​នាក់ និង​តិច​បំផុត​មិន​ក្រោម ១០​នាក់​នោះ​ទេ​ក្នុង​មួយ​ថ្ងៃៗ។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​បង្ហាញ​របាយការណ៍​អំពី​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៤២៣​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ២១៩​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ៦​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៩​ម៉ឺន ៩០០​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៨​ម៉ឺន ៦​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ជាង ១៨៤១​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។

ប្រភព​ដដែល​អះអាង​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នេះ ខ្លួន​បាន​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ប្រជាពលរដ្ឋ​ដូស​ទី​១ បាន​ចំនួន​ជាង ១០​លាន ៧​ម៉ឺន​នាក់​ហើយ រីឯ​ដូស​ទី​២ មាន​ចំនួន​ជាង ៨​លាន ១​សែន​នាក់ ដោយឡែក​អ្នក​ចាក់​ដូស​ទី​៣ មាន​ចំនួន​ជាង ៥​សែន ៤​ម៉ឺន​នាក់ ខណៈ​កុមារ​ចាក់​បាន ៦២,៨៧​ភាគរយ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​របាយការណ៍​អ្នក​ឆ្លង​វីរុស Covid-19 ប្រចាំ​ថ្ងៃ​ដល់​សាធារណជន​ក្នុង​អំឡុង​ពេល​កម្ពុជា​កំពុង​វាយលុក​ដោយសារ​ជំងឺ Covid-19 ក្នុង​សហគមន៍​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​គឺ​វីរុស​បំប្លែង​ថ្មី​ប្រភេទ DELTA តែម្តង។

ជុំវិញ​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ នេះ បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​បិទ​ខ្ទប់​ខណ្ឌ​មានជ័យ សង្កាត់​ចាក់អង្រែក្រោម ក្នុង​រាជធានី​ភ្នំពេញ​លើ​កំណាត់​ផ្លូវ​លេខ​៣៥ ដោយសារ​មាន​ការ​ឆ្លង​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ធ្ងន់ធ្ងរ។

សេចក្តី​សម្រេច​ខាងលើ​អះអាង​ថា ការ​បិទ​ខ្ទប់​នឹង​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ដែល​កំពុង​ឆ្លង​ចូល​សហគមន៍​នៅ​ពេលនេះ ដែល​នឹង​ត្រូវ​ហាមឃាត់​រាល់​ការ​ចេញចូល និង​ការ​ជួបជុំ​ក្នុង​ភូមិ​ព្រែកតាឡុង២ សង្កាត់​ចាក់អង្រែក្រោម នេះ​ជាដាច់ខាត។

ប្រភព​ដដែល​អះអាង​ថា បុគ្គល​ទាំងឡាយ​ណា​ដែល​មិន​អនុវត្ត​តាម​សេចក្តី​សម្រេច​នេះ នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់​ស្រប​តាម​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជាធរមាន។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​យុទ្ធនាការ​ជាតិ​ប្រឆាំង​វីរុស Covid-19 កាលពី​ពេល​ថ្មីៗ​នេះ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​លើកឡើង​ថា ពលរដ្ឋ​ទាំងអស់​ទោះ​ជា​លក្ខណៈ​បុគ្គល​ក្តី គ្រួសារ​ក្តី សហគមន៍​ក្តី ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ និង​អង្គភាព​សាធារណៈ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ ត្រូវតែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ Covid-19 ជាពិសេស​ជំងឺ​បំប្លែង​ថ្មី​ប្រភេទ DELTA ដែល​កំពុង​ឆ្លង​ចូល​សហគមន៍​យ៉ាង​ឆាប់​រហ័ស។

ជាង​នេះ​ទៀត កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​នៅ​កម្ពុជា (WHO) អ្នកស្រី Li Ailan បាន​រំឭក​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 តែ​មួយ​មុខ​មិនមែន​ជា​មធ្យោបាយ​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​វីរុស Covid-19 នោះ​ទេ ដូច្នេះ​ដើម្បី​ទប់ទល់​នឹង​រលក​ទី​៣ នៃ​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA នេះ ពលរដ្ឋ​មិន​អាច​បន្ធូរបន្ថយ​ការ​អនុវត្ត​វិធានការ​សុខាភិបាល​បាន​ឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស