27 C
Phnom Penh

ភាគ​២៖ តើ​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​សកម្មភាព​អ្វី ហើយ​មាន​បំណង​អ្វី​នៅ​បរទេស?

បទវិភាគ

ការ​តាមដាន​មួយ​បាន​កត់សម្គាល់​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​បណ្ដាញ​យុវជន​ឲ្យ​ធ្វើ​សកម្មភាព​រើស​យក​មនុស្ស​ក្នុង​សហគមន៍​ខ្មែរ​ឯ​បរទេស​ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច ដែល​ជា​អតីត​បក្ស​កុម្មុយនីស្ត​នៅ​កម្ពុជា។

អ្នក​សង្កេតការណ៍​មាន​មន្ទិល​សង្ស័យ​ថា តើ​ពួកគេ​រៀបចំ​បណ្ដាញ​ទាំងនេះ​មាន​បំណង​អ្វី ហើយ​ពួកគេ​បង្កើត​បណ្ដាញ​នៅ​បរទេស​ដោយ​របៀប​ណា ហើយ​អ្នកណា​ជា​មេខ្លោង​ក្នុង​រឿង​នេះ?

គណបក្ស​ប្រជាជន​កម្ពុជា ហៅ​កាត់​តាម​អង់គ្លេស​ថា CPP តាម​បារាំង​ថា PPC បាន​ប្រឹងប្រែង​ធ្វើ​សកម្មភាព​រើស​មនុស្ស​ភាគច្រើន​បំផុត​ជា​ពលរដ្ឋ​ខ្មែរ សមាជិក​តាម​សហគមន៍​ខ្មែរ​នៅ​បរទេស​ពី​តំបន់​អាស៊ី អូស្ត្រាលី នូវែលហ្សេឡង់ ដល់​អឺរ៉ុប និង​អាមេរិក​ខាងជើង ឲ្យ​ចូល​ជា​អ្នកគាំទ្រ និង​សមាជិក​បក្ស។ សកម្មភាព​ប្រមូល​មនុស្ស​គ្រប់​ទិសទី​ចូល​បក្ស​ប្រជាជន​កម្ពុជា ផ្តើម​សន្ទុះ​នៅ​ឆ្នាំ​២០១៥ ចេញពី​គោលការណ៍​បក្ស​ដាក់​ឲ្យ​ក្រុម​ការងារ​យុវជន​បក្ស ដោយ​ប្រើ​ពាក្យ​ស្លោក​លើ​បដា​មាន​រូប​មេ​បក្ស ហ៊ុន សែន និង ហេង សំរិន សរសេរ​ថា «មាន​ជ័យជម្នះ ៧ មករា ទើប​យើង​រស់រាន​មាន​ជីវិត​រហូត​មក​ដល់​ថ្ងៃនេះ»

គណបក្ស​ប្រជាជន​កម្ពុជា

បដា​ពាក្យ​ស្លោក​នេះ គេ​ច្រើន​លើក​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ខួប ៧ មករា ថ្ងៃ​ខួប​កំណើត​បក្ស ២៨ មិថុនា តាម​ទីកន្លែង​រៀបចំ​ពិធី​ជប់លៀង អបអរ​សាទរ និង​ស្វាគមន៍​តំណាង​បក្ស និង​រាជរដ្ឋាភិបាល​ពី​ប្រទេស​កម្ពុជា ដែល​ចូលរួម​កម្មវិធី​តាម​សហគមន៍​ខ្មែរ​ឯ​បរទេស។

សកម្មភាព​វាយ​ពុះ​ជ្រែក លុកលុយ ទាក់ អូស ទាញ​ពលរដ្ឋ​ខ្មែរ​តាម​សហគមន៍​នៅ​បរទេស គេ​ប្រើ​ស្ថានទូត​ជា​ទីតាំង​ចម្បង ដោយ​ផ្តើម​ស្ទាបស្ទង់​សមាជិក​សហគមន៍​ខ្មែរ​តាម​តំបន់ ទី​អារាម អាជីវកម្ម រក​មនុស្ស​អ្នក​មាន​សមាន​ចិត្ត​នឹង​បក្ស​ប្រជាជន​កម្ពុជា អ្នក​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ប្រកាស​ខ្លួន​ថា​មិន​កាន់​ខាង​ណាៗ​នោះ ជាមួយ​នឹង​ការ​បង្ហាញ​នូវ​ផលប្រយោជន៍​ដែល​នឹង​ទទួល​បាន បើសិនជា​ចូល​ជាមួយ​បក្ស​ក្តាប់​អំណាច​នេះ។ មុន​នឹង​រាយការណ៍​អំពី​សកម្មភាព​យុវវ័យ​ពី​បក្ស​ប្រជាជន​កម្ពុជា យើង​សូម​ពិនិត្យ​មើល​សកម្មភាព​របស់​រាជរដ្ឋាភិបាល​ដែល​ប្រើ​ធនធាន​រដ្ឋ ជួល​ក្រុម​ជំនួយ​ការងារ​បញ្ចុះបញ្ចូល​អ្នក​ធ្វើ​ច្បាប់​អាមេរិកាំង អង់គ្លេស ហៅថា lobbying firms ឲ្យ​ជួយ​ពន្យល់​សមាជិក​សភា​អាមេរិកាំង កុំ​ឲ្យ​ធ្វើ​ច្បាប់​ទណ្ឌកម្ម​បែប​ណាមួយ​លើ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ប្រធាន​បក្ស​ប្រជាជន​កម្ពុជា។

នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី Donald Trump នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ខែ​វិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់ពី​និយាយ​រិះគន់​មន្ត្រី​អាមេរិកាំង​ថា៖ «ពួក​ច្រមុះ​វែង» អត់​យល់​បែប​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​នៅ​ឆ្នាំ​២០០២ ហើយ​ចោទ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៨ ថា​ជា​មនុស្ស​និយាយ​កុហក​ភូតភរ។

ក្នុង​ឯកសារ​ចុះបញ្ជី​ឆ្នាំ​២០១៩ នៅ​ក្រសួង​យុត្តិធម៌ តាម​ច្បាប់​អាមេរិកាំង ឈ្មោះ U.S. Foreign Agents Registration Act ឬ FARA រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ជួល​ពលរដ្ឋ​អាមេរិកាំង​យ៉ាង​តិច ៩​នាក់ ចាយ​លុយ ១​លាន ២​សែន​ដុល្លារ​ឲ្យ​ជួយ​និយាយ​ប្រាប់​សភា សុំ​កុំ​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP។ ភាគី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ចុះ​កិច្ចសន្យា​បង់​ថ្លៃ​ការងារ​ចំនួន ៧​សែន ២​ម៉ឺន​ដុល្លារ​ឲ្យ​ក្រុមហ៊ុន lobby ឈ្មោះ Brownstein Hyatt Farber Schreck នៅ​ខែ​មេសា និង​ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​មាន​អ្នក​រត់​ការងារ​ឈ្មោះ Brian Wild អតីត​ទីប្រឹក្សា​ឲ្យ​អតីត​ប្រធាន​រដ្ឋសភា John Boehner និង​ប្រធាន​ក្រុម​ភាគច្រើន​រដ្ឋសភា Kevin McCarthy ឈ្មោះ Al Mottur អ្នក​រក​លុយ​ឲ្យ​បេក្ខជន​ប្រធានាធិបតី Hilary Clinton និង Marc Lampkin ទីប្រឹក្សា​ឲ្យ​អតីត​ប្រធាន​រដ្ឋសភា John Boehner និង​អ្នក​រក​លុយ​ឲ្យ​ប្រធានាធិបតី Bush ពី​ឆ្នាំ​២០០០។

ក្រៅពី​ក្រុមហ៊ុន​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ចុះ​កិច្ចសន្យា​ជួល​ក្រុមហ៊ុន lobby PacRim Bridges នៅ​ខែ​មេសា ដោយ​បង់​លុយ ៥​សែន​ដុល្លារ​ឲ្យ​ឈ្មោះ Doug Ericksen អតីត​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​វ៉ាស៊ីនតុន ជា​អនុប្រធាន​យុទ្ធនាការ​គាំទ្រ​បេក្ខជន​ប្រធានាធិបតី Donald Trump ឆ្នាំ​២០១៦ និង​ឈ្មោះ Jay Rodne សមាជិក​សភា​ជាន់​ទាប​រដ្ឋ​វ៉ាស៊ីនតុន។ ក្រៅពី​នេះ មាន​ឈ្មោះ Brian McKeon, David Cohen, Ari Zimmerman, Douglas Mcguire។ តាម​ឯកសារ​ចុះបញ្ជី FARA កិច្ចសន្យា​ចុះហត្ថលេខា​ខែ​មីនា ឆ្នាំ​២០១៩ ធ្វើឡើង​រវាង​តំណាង​ក្រុមហ៊ុន PacRimBridges Doug Ericksen និង​ឯកអគ្គរាជទូត​ប្រចាំ​សហរដ្ឋ​អាមេរិក ជុំ សុន្ទរី។ កិច្ចសន្យា​ចុះហត្ថលេខា​ខែ​មេសា ឆ្នាំ​២០១៩ ធ្វើឡើង​រវាង​តំណាង​ក្រុមហ៊ុន Brownstein Hyatt Farber Schreck និង​អតីត​ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​ប្រចាំ​អង្គការ​សហប្រជាជាតិ អ៊ុច បូរិទ្ធ បច្ចុប្បន្ន​ជា​មន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

អនុលោម​តាម​អនុសាសន៍​នាយករដ្ឋមន្ត្រី​នៅ​ខែ​មិថុនា ឆ្នាំ​២០១៥ បក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​បង្កើត​ក្រុម​ការងារ ៤​ក្រុម ដើម្បី​គ្រប់គ្រង​ការរៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ឯ​នាយ​សមុទ្រ នៅ​សហរដ្ឋ​អាមេរិក អឺរ៉ុប អូស្ត្រាលី នូវែលហ្សេឡង់ និង​កាណាដា ដែល​មាន​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​ប្រធាន។

លោក សុខ ឥសាន អ្នក​នាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា ប្រាប់​កាសែត The Cambodia Daily ផ្សាយ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៥ ថា៖ «គោលការណ៍​បក្ស គឺ​បណ្ដុះ​ទំពាំង ពោល​គឺ​អ្នក​ដែល​មាន​សមត្ថភាព​ធ្វើការ​ឲ្យ​រដ្ឋាភិបាល ឬ​ធ្វើការ​ឲ្យ​បក្ស។ លោក​ថា ប្រទេស​ឯ​ទៀត​មាន​សាខា​បក្ស​ហើយ។ នេះ​គឺ​ដើម្បី​រំឭក​អ្នក​ទាំងអស់​នោះ​ឲ្យ​ខំ​ធ្វើការ​កាន់តែ​ខ្លាំង​ឡើង។ លោក​បន្ថែម​ថា ការ​រើស​យក ហ៊ុន ម៉ាណែត ជា​ប្រធាន​ដឹកនាំ គឺជា​ការ​ចៃដន្យ​ប៉ុណ្ណោះ»

តាម​ការ​បញ្ជាក់​អះអាង​ពី​លោក សុខ ឥសាន ការ​បង្កើត​សាខា​បក្ស​ឲ្យ​បាន​ច្រើន​នៅ​បរទេស គឺ​ដើម្បី​សម្ដែង​ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អវិជ្ជមាន​អំពី​បក្ស និង​រាជរដ្ឋាភិបាល​ទៅកាន់​សហគមន៍​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​តាម​ប្រទេស​នានា។ សាខា​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា ផុស​ចេញពី​ការិយាល័យ​នយោបាយ គណៈកម្មាធិការ​កណ្តាល​មជ្ឈិម​បក្ស (Party Central Committee’s Politburo)។

ដំណាល​គ្នា​នឹង​ការ​ព្យាយាម​អូសទាញ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​បរទេស​យូរ​ឆ្នាំ​មក​ហើយ មធ្យោបាយ​មួយ​ទៀត គឺ​ធ្វើ​តាម​របៀប​ចរចា​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល បញ្ជូន​ពលករ​ទៅ​ធ្វើការ​ក្រៅ​ស្រុក រៀបចំ​បណ្ដាញ​ជា​ក្រុមៗ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា មាន​តាម​វត្តអារាម​ទៀត​ផង ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​បក្ស។

សកម្មភាព​របស់​ក្រុម​ការងារ​ពី​បក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​សកម្មជន​ខ្មែរ និង​អាមេរិកាំង​ស្នេហា​ប្រជាធិបតេយ្យ សិទ្ធិ សេរីភាព និង​យុត្តិធម៌ លើក​ទៅ​និយាយ​ប្រាប់​អំពី​មន្ត្រី​សភា​អាមេរិកាំង​ទាំង​ពីរ​នៅ​ឆ្នាំ​២០១៦។ បណ្ឌិត Mary Blatz រួម​នឹង​សមាជិក​គណៈប្រតិភូ​ខ្មែរ ចាម ម៉ុងតាញ៉ា អាមេរិកាំង បាន​ប្រាប់​លោក Michael Schiffer ទីប្រឹក្សា​ជាន់ខ្ពស់​ក្នុង​គណៈកម្មាធិការ​ទំនាក់ទំនង​ក្រៅ​ប្រទេស​នៃ​ព្រឹទ្ធសភា​ថា៖ «បើ​មើល​សកម្មភាព​រដ្ឋាភិបាល​ប្រទេស​កម្ពុជា និង​បក្ស​ប្រជាជន​កម្ពុជា​យូរៗ​ទៅ ហាក់បីដូចជា​សហរដ្ឋ​អាមេរិក​កំពុងតែ​បើក​ដៃ​ឲ្យ​នាំចូល​លទ្ធិកុម្មុយនិស្ត​មក​តាម​សហគមន៍​ខ្មែរអាមេរិកាំង​ទូទាំង​សហរដ្ឋ​អាមេរិក»

សមាជិក​បក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បន្ទុក​រៀបចំ ចាត់ចែង ចាត់តាំង​រើស​សមាជិក​ចូល​បក្ស​នៅ​សហរដ្ឋ​អាមេរិក សុទ្ធតែ​ជា​មន្ត្រី​នាយ​ទាហាន​ក្នុង​ជួរ​រដ្ឋាភិបាល ទាំង​ស៊ីវិល ទាំង​កងកម្លាំង​ប្រដាប់​អាវុធ។ តាម​រចនាសម្ព័ន្ធ​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា របៀប​ខ្សែ​ទទឹង ឬ​ខ្សែ​បញ្ឈរ​ក្រោម​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត គឺ​ឧត្តមសេនីយ៍​ទ័ព​អាកាស ម៉ឹង ពន្លក កូនប្រុស​ឧត្តមសេនីយ៍ ម៉ឹង សំផន ដន្លង​នឹង​លោក ហ៊ុន សែន ពេល​ដែល​កូនស្រី ហ៊ុន ម៉ាណា រៀបការ​នឹង​កូនប្រុស​ឈ្មោះ ម៉ឹង កុម្ភៈ។ ដូច្នេះ ម៉ឹង ពន្លក និង ហ៊ុន ម៉ាណែត ជា​សាច់ថ្លៃ​យ៉ាង​ជិតស្និទ្ធ។ ម៉ឹង ពន្លក ធ្លាប់​រៀន​នៅ​មហាវិទ្យាល័យ​យោធា​ទ័ព​ជើងគោក​ខាង​សង្គ្រាម​សហរដ្ឋ​អាមេរិក (US Army War College) នៅ​រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក និង​សាកលវិទ្យាល័យ Charles Sturt ប្រទេស​អូស្ត្រាលី។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

ប្រភព​ច្បាស់​ការណ៍​ឲ្យ​ដឹង​ថា ម៉ឹង ពន្លក ជា​ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ និង​ជា​ប្រធាន​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា សម្រាប់​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​តំបន់​កណ្តាល-ខាង​ត្បូង​សហរដ្ឋ​អាមេរិក។

តាម​ព័ត៌មាន​អំពី​ការចែក​អំណោយ​នៅ​ខេត្ត​បាត់ដំបង ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២០ តំបន់​កណ្តាល និង​ខាងត្បូង​សហរដ្ឋ​អាមេរិក មាន​ឈ្មោះ សូ វិសុទ្ធ ឬ សូ វិសុទ្ធី រួម​ទទួល​បន្ទុក​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​តំបន់​កណ្តាល ខាងត្បូង និង​ក្នុង​នាម​មុខ​តំណែង និង​មុខងារ​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍។

ជាម គុណណាត កូនប្រុស​លោក ជាម យៀប នាយក​ក្រុមហ៊ុន​អចលនទ្រព្យ អ៊័គីដេ (Orkide) ជាមួយ ហ៊ុន ម៉ាណា និង ហ៊ុន ម៉ាលី កូនស្រី​លោក ហ៊ុន សែន ជា​សមាជិក​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា សម្រាប់​ក្រុង Philadelphia រដ្ឋ Pennsylvania ត្រើយ​ខាងកើត។

ភាគ​ទី​៣ អំពី​បណ្ដាញ​ចាត់តាំង​សាខា​បក្ស​ប្រជាជន​កម្ពុជា នៅ​សហរដ្ឋ​អាមេរិក សូម​ជូន​បន្ថែម​នៅ​សប្តាហ៍​ក្រោយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស