31 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង៖ ការ​ផ្អឹប​សំណុំរឿង​លោក កឹម សុខា បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា ការ​ផ្អឹប​សំណុំរឿង​ក្តី​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប៉ុន្តែ​បែរជា​បន្ត​បើក​សវនាការ​លើ​ករណី​ផ្សេង​ជំនួស​វិញ​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​អយុត្តិធម៌​ដល់​មេដឹកនាំ​បក្ស​ប្រឆាំង​ផង និង​បង្ហាញ​នូវ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ​នៅ​កម្ពុជា​ផង។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២១ ថា វា​ជា​រឿង​គួរ​ឱ្យ​អស់សំណើច និង​ហួសចិត្ត​ដោយសារតែ​រឿង​ក្តី​នានា​មាន​តែ​ដើម​បណ្តឹង​ទាមទារ​ឱ្យ​ជំនុំ​ជម្រះ​ក្តី​ដែល​ពួកគេ​បាន​ប្តឹង ប៉ុន្តែ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បែរជា​កូន​ក្តី​ទាមទារ​ឱ្យ​ជំនុំ​ជម្រះ​ដោយ​ខ្លួនឯង​ទៅវិញ ខណៈ​តុលាការ​នៅតែ​អូស​បន្លាយ​ការ​ជំនុំ​ជម្រះ​ក្តី​នេះ​ជាបន្តបន្ទាប់​រហូត​មក​ទល់នឹង​ពេល​នេះ។

លោក​អះអាង​ថា បើ​លោក ហ៊ុន សែន យល់​ថា​រឿង​ក្តី​របស់​លោក កឹម សុខា មិនមែន​រឿង​នយោបាយ ចុះ​ហេតុ​អ្វី​បាន​ជា​ផ្អឹប​សំណុំរឿង​នេះ​អស់​រយៈពេល ៤​ឆ្នាំ​ហើយ​នៅតែ​មិនទាន់​ជំនុំ​ជម្រះ​ក្តី​នេះ​ទៀត ចេះ​តែ​បន្ត​ពន្យារ​ពេល​រហូត ខណៈ​តុលាការ​នៅតែ​បន្ត​តាមដាន និង​រឹតត្បិត​សេរីភាព​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​មាន​ការ​កំណត់​ពេលវេលា​ច្បាស់លាស់។

លោក សួន សុរីដា លើកឡើង​ទៀត​ថា នៅ​ពេល​ដែល​មតិ​ជាតិ និង​អន្តរជាតិ​ពិនិត្យ​ទៅលើ​ដំណើរការ​ក្តី និង​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​កន្លងមក​ថា​គឺជា​រឿង​នយោបាយ ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន តែងតែ​ប្រកែក​ជំទាស់​ជានិច្ច​ថា​មិនមែន​ជា​រឿង​នយោបាយ​ដូច​ការ​លើកឡើង​នោះ​ទេ។

លោក សួន សុរីដា ប្រតិកម្ម​ថា បើ​មិនមែន​ជា​រឿង​នយោបាយ​មែន​នោះ គួរតែ​ឆាប់​បើក​សវនាការ​លើ​សំណុំរឿង​ក្តី​នេះ​ឲ្យ​ចប់ ជាជាង​អូស​បន្លាយ​ពេល​បន្ត​ទៀត ព្រោះ​ថា​សំណុំរឿង​នេះ​បាន​អូស​បន្លាយ​អស់​រយៈពេល ៤​ឆ្នាំ​មក​ហើយ។

ទោះ​យ៉ាងណា កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព លោក ហ៊ុន សែន បាន​អះអាង​ថា ករណី​របស់​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារ​ពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ឯណោះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពេល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​យប់​នៅ​គេហដ្ឋាន​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស ហើយ​ត្រូវ​ឃុំ​ខ្លួន​នៅ​គុក​ត្រពាំងផ្លុង ជាង ១​ឆ្នាំ។ រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​អ្នក​ដទៃ ឬ​ចាកចេញ​ពី​គេហដ្ឋាន​របស់​ខ្លួន​នោះ​ទេ។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ លោក កឹម សុខា ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ផ្តល់​សិទ្ធិ​សេរីភាព​មួយ​កម្រិត​ទៀត គឺ​អាច​ធ្វើ​ដំណើរ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​បាន ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ជានិច្ច។ បន្ថែម​ពី​នេះ លោក​ក៏​ត្រូវ​បាន​ហាម​ធ្វើ​សកម្មភាព ឬ​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស​ជាដាច់ខាត។

យ៉ាងនេះ​ក្តី មក​ទល់នឹង​ពេល​នេះ លោក កឹម សុខា នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​លោក​មិនទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណាមួយ​នៅឡើយ​ទេ ខណៈ​តុលាការ​កម្ពុជា​ប្រកាស​ផ្អាក​សវនាការ​របស់​លោក​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស