35 C
Phnom Penh

ប្រធានាធិបតី​អាមេរិក​ប្ដេជ្ញា​តាម​ប្រមាញ់​អ្នក​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​កាប៊ុល​ដែល​ផ្តាច់​ជីវិត​កងទ័ព​អាមេរិក​១៣​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​សន្ទរកថា​ពោរពេញ​ទៅ​ដោយ​ទឹកភ្នែក​ដែល​ថ្លែង​ចេញពី​សេតវិមាន​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​ប្ដេជ្ញា​ថា​នឹង​តាម​ប្រមាញ់​ក្រុម​ដែល​ស្ថិតនៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ុល ដែល​បាន​ផ្តាច់​ជីវិត​កងទ័ព​អាមេរិកាំង ១៣​នាក់ និង ១៨​នាក់​ទៀត​រង​របួស។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែ​សីហា ថា លោក បៃដិន បាន​បញ្ជាក់​ទៀត​ថា ប្រតិបត្តិការ​ជម្លៀស​មនុស្ស​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន នឹង​នៅតែ​បន្ត។

តាម​សេចក្ដី​ថ្លែងការណ៍​របស់​លោក បៃដិន គឺ​លោក​បាន​ប្រាប់​ក្រុម​ដែល​បាន​រៀបចំ​ការ​វាយប្រហារ​នេះ ហើយ​ក្រុម​ណា​ក៏ដោយ​ដែល​ចង់​ឲ្យ​អាមេរិក​រងគ្រោះ​ដឹង​ថា អាមេរិក​នឹង​មិន​លើកលែង និង​មិន​បំភ្លេច​ជាដាច់ខាត គឺ​ត្រូវ​តាម​ប្រមាញ់​ឱ្យ​មក​ទូទាត់​សង​ការ​ឈឺចាប់​នេះ​វិញ។

ថ្លែង​ចេញពី​សេតវិមាន លោក​ប្រធានាធិបតី​បាន​ហៅ​កងទ័ព​អាមេរិក​ដែល​បាន​ពលី​ជីវិត​នៅ​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​កាប៊ុល​ដោយសារ​អំពើ​ភេរវកម្ម​នេះ គឺជា​វីរបុរស​នៃ​ប្រជាជន​អាមេរិក។

ចំពោះ​ការ​ជម្លៀស​មនុស្ស​ចេញពី​អាហ្វហ្គានីស្ថាន សម្រាប់​លោក បៃដិន សន្យា​ថា​នឹង​ត្រូវ​បន្ត​រហូត​ដល់​កាលកំណត់ គឺ​ថ្ងៃ​ទី​៣១ ខែ​សីហា។ លោក​ប្ដេជ្ញា​ថា ផែនការ​នេះ​នឹង​មិន​ត្រូវ​បាន​ផ្អាក​ឡើយ ហើយ​ក៏​មិន​ទុក​ឱកាស​ឱ្យ​ភេរវកម្ម​បង្អាក់​បេសកកម្ម​នេះ​បាន​ឡើយ។

អ្នក​នាំពាក្យ​មន្ទីរ​បញ្ចកោណ លោក John Kirby បាន​បញ្ជាក់​ថា ការ​ផ្ទុះ​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ជិត​ច្រក Abby Gate នៃ​ព្រលាន​យន្តហោះ​នោះ ជា​ទី​ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីនោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ ជាមួយគ្នា​នេះ មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្តាល​យោធា​អាមេរិក ឧត្តមសេនីយ៍ Kenneth McKenzie បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា កងទ័ព​អាមេរិក ១៣​នាក់​ពិត​ជា​បាន​បាត់បង់​ជីវិត និង ១៨​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ការ​វាយប្រហារ​ផ្ទួនៗ​ចំនួន​ពីរ​កន្លែង។

ក្រោយ​ការវាយប្រហារ​កើតឡើង ក្រុម​ភេរវករ ISIS បាន​ចេញ​មុខ​អះអាង​ថា ពួកគេ​ជា​អ្នក​ស្ថិតនៅ​ពីក្រោយ​ហេតុការណ៍​នេះ។ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម ISIS ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ថា សមាជិក​របស់​ក្រុម​នេះ​បាន​រៀបចំ​ធ្វើ​ដំណើរ​ទៅកាន់​កន្លែង​ប្រមូល​ផ្តុំ​នៃ​ក្រុម​អ្នក​បកប្រែ និង​សម្របសម្រួល​នៅ​ក្នុង​ជំរំ Baran Camp នៃ​កងទ័ព​អាមេរិក ដែល​ស្ថិតនៅ​ក្បែរ​ព្រលាន​យន្តហោះ​ទីក្រុង​កាប៊ុល ហើយ​បន្ទាប់មក ក្រុម​នោះ​ក៏​បាន​ចុច​បំផ្ទុះ​គ្រាប់បែក​ដែល​នៅ​ជាប់​ខ្លួន​តែម្តង។ ក្នុង​ព្រឹត្តិការណ៍​ភ្លាម​នេះ មនុស្ស ៦០​នាក់​បាន​ស្លាប់ និង ១៤០​នាក់​ទៀត​រង​របួស​ជា​ទម្ងន់។

ក្រុម​នេះ​ប្រកាស​ថា ខ្លួន​គេ​ជា​អ្នក​រៀបចំ​ផែនការ​នេះ គឺ​សំដៅ​លើ​កងទ័ព​អាមេរិក។ សម្រាប់​ពួក​តាលីបង់​វិញ ដែល​ព្រមាន​ថា​នឹង​បិទ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល និង​ប្រឆាំង​អាមេរិក​ដែល​ចង់​ពន្យារ​ការ​ជម្លៀស​មនុស្ស​លើស​ថ្ងៃ​ទី​៣១ ខែ​សីហា បាន​ចេញ​មុខ​បដិសេធ​ថា​ខ្លួន​គេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​បំផ្ទុះ​គ្រាប់បែក​នោះ​ទេ ដោយ​បាន​សន្យា​ថា​នឹង​តាម​ចាប់​ខ្លួន ឬ​កម្ទេច​ក្រុម​វាយប្រហារ​នេះ។ តែ​ក្រុម​តាលីបង់ នៅតែ​ព្រមាន​មិន​ឱ្យ​អាមេរិក​បន្ត​ជម្លៀស​មនុស្ស​ឱ្យ​ហួស​ថ្ងៃ​ដែល​បាន​កំណត់​នោះ​ទេ។

មន្ត្រី​តាលីបង់ ប្រាប់​ថា​គ្មាន​ហេតុផល​ណាមួយ​ដែល​ការ​ជម្លៀស​មនុស្ស​ចេញពី​អាហ្វហ្គានីស្ថាន ដែល​កំពុង​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នោះ ត្រូវ​ពន្យារ​ពេល​នោះ​ឡើយ។ មន្ត្រី​ម្នាក់​របស់​ពួក​តាលីបង់ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សមាជិក​របស់​ខ្លួន​ចំនួន ២៨​នាក់​ក៏​បាន​ស្លាប់​ដោយសារតែ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ ហើយ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​ជាង ១០០​នាក់។

តាម​មន្ត្រី​តាលីបង់ ដែល​មិន​ប្រាប់​ឈ្មោះ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា មនុស្ស​សរុប ១២០​នាក់​ដែល​បាន​រង​បួស ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​នានា​ក្នុង​ទីក្រុង​កាប៊ុល។

មន្ត្រី​អាហ្វហ្គានីស្ថាន និង​កងទ័ព​អាមេរិក បាន​ឲ្យ​ដឹង​ថា ជនជាតិ​អាហ្វហ្គានីស្ថាន​យ៉ាងហោចណាស់ ៦០​នាក់ និង​កងទ័ព​អាមេរិក ១៣​នាក់​បាន​ស្លាប់​ភ្លាមៗ។ ប៉ុន្តែ​ពេលនេះ តួលេខ​បញ្ជាក់​ថា​ជនជាតិ​អាហ្វហ្គានីស្ថាន ដែល​ស្លាប់​បាន​កើន​ឡើង​ដល់ ៩៥​នាក់ និង​រាប់​រយ​នាក់​ទៀត​រង​របួស។

តាម​សេចក្ដី​រាយការណ៍​ចុងក្រោយ​បាន​ឱ្យ​ដឹង​ថា ការ​ជម្លៀស​មនុស្ស​ចេញពី​អាហ្វហ្គានីស្ថាន តាមរយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​កាប៊ុល បាន​ចាប់ផ្តើម​ឡើងវិញ​ហើយ ទោះបី​កងទ័ព​អាមេរិក​ស្លាប់​ជាច្រើន​នាក់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​ក៏ដោយ ហើយ​ការ​បន្ត​ឡើងវិញ​នេះ គឺ​ធ្វើតាម​ការ​បញ្ជា​របស់​លោក​ប្រធានាធិបតី ចូ បៃដិន ដែល​បាន​ប្រកាស​ថា​នឹង​មិន​មាន​ការ​ផ្អាក ឬ​បិទ​បញ្ចប់​ឡើយ។ លោក​ថា​ត្រូវ​ធ្វើ​ឱ្យ​ចប់​តាម​កាលកំណត់​នៅ​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​សីហា។

តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters យន្តហោះ​ដឹក​មនុស្ស​ចាកចេញ​ពី​ក្រុង​កាប៊ុល បាន​បន្ត​ឡើងវិញ​ជា​ធម្មតា ដោយ​គេ​បាន​ឃើញ​យន្តហោះ​បាន​ហោះ​ចេញ​ជាបន្តបន្ទាប់​ឡើងវិញ​គិត​ចាប់តាំង​ពី​ព្រឹក​ថ្ងៃ​សុក្រ ហើយ​ការ​ធ្វើ​ចរាចរណ៍​ទៅកាន់​អាកាសយានដ្ឋាន Hamid Kazai នោះ​នៅតែ​ដំណើរ​ធម្មតា​វិញ​ហើយ។

គិត​មក​ដល់​ពេល​នេះ សហរដ្ឋ​អាមេរិក​ជម្លៀស​មនុស្ស​ចេញពី​ក្រុង​កាប៊ុល បាន​ចំនួន ៩​ម៉ឺន ៥​ពាន់ ៧០០​នាក់ តាម​ជើង​យន្តហោះ​យោធា​អាមេរិក និង​ប្រទេស​សម្ពន្ធមិត្ត។ ចំណែក​អង់គ្លេស​ជម្លៀស​បាន​ជិត ៦​ពាន់​នាក់ និង​អាល្លឺម៉ង់​ជិត ៣​ពាន់​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស