28.5 C
Phnom Penh

សរុប​ព្រឹត្តិការណ៍​ចុងក្រោយ​មុន​មួយ​ថ្ងៃ​នៃ​ការ​បិទ​បញ្ចប់​ការ​ដក​ទ័ព​អាមេរិក​និង​សម្ពន្ធមិត្ត​ចេញពី​ក្រុង​កាប៊ុល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​សល់​តែ ២៤​ម៉ោង​ទៀត​ប៉ុណ្ណោះ ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ស្ថិត​ក្រោម​ពួក​តាលីបង់ នឹង​អស់​មាន​វត្តមាន​កងទ័ព​បរទេស​ហើយ។ កងទ័ព​អាមេរិក និង​ណាតូ ដែល​ចូល​កាន់កាប់ និង​ផ្ដួល​រំលំ​របប​តាលីបង់ កាលពី​ឆ្នាំ​២០០១ បាន​តាំង​នៅ​លើ​ប្រទេស​នេះ​អស់​រយៈពេល ២០​ឆ្នាំ។

សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​ណាតូ បាន​ឯកភាព​ដក​ទ័ព​ចេញពី​ប្រទេស​ឥស្លាម​មួយ​នេះ​ដោយ​មិន​ឱ្យ​ហួស​ថ្ងៃ​កំណត់​នៃ​ថ្ងៃ​ទី​៣១ សីហា ឡើយ។ តែ​នៅ​ខណៈ​កាលបរិច្ឆេទ​កាន់តែ​ជិត​ចូល​មក​ដល់ រដ្ឋធានី​កាប៊ុល ក៏​បាន​ធ្លាក់​ក្នុង​អំពើ​ភេរវកម្ម​ដែល​សូម្បី​កងទ័ព​អាមេរិក​ក៏​ស្លាប់​ដោយសារ​អំពើ​នេះ​ដែរ។ ទ័ព​អាមេរិក​ស្លាប់ ១៣​នាក់ និង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន ដែល​សម្រុក​ឡើង​ជិះ​យន្តហោះ​អាមេរិក និង​សម្ពន្ធមិត្ត​ចាកចេញ​ពី​មាតុភូមិ​របស់​ខ្លួន បាន​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​កាលពី​ថ្ងៃ​ទី​២៦ សីហា សរុប​ជិត ១៧០​នាក់។

ក្នុង​ហេតុការណ៍​នេះ ប្រធានាធិបតី​អាមេរិក បាន​ព្រមាន​ពី​ការ​វាយ​សងសឹក​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម ISIS-K ដែល​បាន​ប្រកាស​ថា ខ្លួន​គេ​ជា​អ្នក​រៀបចំ​វាយប្រហារ​នេះ។ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា នេះ ដែល​សល់​មួយ​ថ្ងៃ​គត់​ដល់​ថ្ងៃ​បិទ​បញ្ចប់​ប្រវត្តិសាស្ត្រ​របស់​អាមេរិក និង​សម្ពន្ធមិត្ត​ណាតូ បញ្ចប់​វត្តមាន​កងទ័ព​របស់​ខ្លួន គេ​សង្កេត​ឃើញ​មាន​ព្រឹត្តិការណ៍​ជាច្រើន​កើតឡើង។

គ្រាប់​រ៉ុកកែត ៥​គ្រាប់​ដែល​ហោះ​សំដៅ​ទៅ​រក​អាកាសយានដ្ឋាន​យន្តហោះ​រដ្ឋធានី​កាប៊ុល ត្រូវ​បាន​កាំជ្រួច​អាមេរិក​បាញ់​ស្កាត់​កម្ទេច​លើ​អាកាស។

ប្រភព​ពី​មន្ត្រី​អាមេរិក​ម្នាក់​បាន​ឲ្យ​ដឹង​ថា រ៉ុកកែត​ចំនួន ៥​គ្រាប់​ហោះ​សំដៅ​ទៅ​រក​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​កាប៊ុល នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ប៉ុន្តែ​គ្រាប់​រ៉ុកកែត​ទាំងនេះ​ត្រូវ​បាន​ទប់ស្កាត់​ដោយ​ប្រព័ន្ធ​ការពារ​កាំជ្រួច​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែ​សីហា។

តាម​ប្រភព​ដដែល​នេះ ការ​បាញ់​គ្រាប់​រ៉ុកកែត​ទាំងនោះ​បាន​កើតឡើង​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទី​៣០ ខែ​សីហា ប៉ុន្តែ​ពុំ​ដឹង​ច្បាស់​ថា គ្រាប់​ទាំងនោះ​ត្រូវ​បាន​ប្រព័ន្ធ​ការពារ​បាញ់​ស្ទាក់​ដោយ​ជោគជ័យ​ទាំងអស់ ឬ​យ៉ាងណា។ តែ​បើ​យោង​តាម​របាយការណ៍​ដំបូងៗ គឺ​ពុំ​មាន​មនុស្ស​រង​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នេះ​ឡើយ។

ការ​បាញ់​គ្រាប់​រ៉ុកកែត​ចំនួន ៥​គ្រាប់​របស់​ពួក​សកម្ម​ប្រយុទ្ធ​ដែល​បរាជ័យ​នេះ កើតឡើង​បន្ទាប់ពី​កងទ័ព​អាមេរិក​ទើប​តែ​បាន​បើក​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​នៅ​ទីក្រុង​កាប៊ុល កាលពី​ថ្ងៃ​អាទិត្យ ទី​២៩ សីហា ដោយ​មាន​គោលដៅ​លើ​រថយន្ត​របស់​ជន​បំផ្ទុះ​គ្រាប់បែក។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ឱ្យ​ដឹង​ថា ក្រុម​បំផ្ទុះ​គ្រាប់បែក​យ៉ាងតិច ២​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​រថយន្ត​របស់​ពួកគេ​ក៏​ត្រូវ​បាន​វាយ​កម្ទេច​ផង​ដែរ។

ស្រប​ពេល​គ្រាប់​រ៉ុកកែត​ចំនួន ៥​គ្រាប់​បាញ់​សំដៅ​លើ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល ត្រូវ​បាន​បាញ់​កម្ទេច​ដោយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អាមេរិក គឺ​ក្រុម​តាលីបង់ បាន​បិទ​ផ្លូវ​ចូល​ទៅកាន់​អាកាសយានដ្ឋាន​កាប៊ុល ខណៈ​កងទ័ព NATO មួយ​ភាគ​ធំ​បាន​ចាកចេញ​ពី​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​នេះ។

សហរដ្ឋ​អាមេរិក នៅតែ​បន្ត​ប្រតិបត្តិការ​ជម្លៀស​ពលរដ្ឋ​មុន​ថ្ងៃ​ផុត​កំណត់​ចូល​មកដល់​ថ្ងៃ​អង្គារ ទី​៣១ ខែ​សីហា សប្ដាហ៍​នេះ។ ក្រសួង​ការបរទេស​អាមេរិក​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​នេះ ដោយ​បញ្ជាក់​ថា អាមេរិក​នឹង​ដាក់​សម្ពាធ​ឱ្យ​ក្រុម​តាលីបង់ ប្ដេជ្ញា​ជា​សាធារណៈ​បើកផ្លូវ និង​ផ្ដល់​ពេលវេលា​សមស្រប​ឱ្យ​មនុស្ស​ចាកចេញ​ពី​អាហ្វហ្គានីស្ថាន ទោះ​ជា​ហួស​កាលបរិច្ឆេទ​ថ្ងៃ​ទី​៣១ ខែ​សីហា ក៏ដោយ។

ជាមួយ​នឹង​ការ​បិទផ្លូវ​ចូល​ទៅកាន់​អាកាសយានដ្ឋាន​កាប៊ុល ពួក​តាលីបង់​ដែល​ទើប​ឈ្នះ​សង្គ្រាម​លើ​រដ្ឋាភិបាល​គាំទ្រ​ដោយ​អាមេរិក គឺ​ក្រុម​នេះ​បាន​ថ្កោលទោស​អាមេរិក​ដែល​បាន​បើក​ការវាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​អាមេរិក​នៅ​ក្នុង​ទឹកដី​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃ​ទី​២៩ សីហា។

អ្នក​នាំពាក្យ​ក្រុម​តាលីបង់ Zabihullah Mujahid បាន​ថ្លែង​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ទីក្រុង​កាប៊ុល ដោយ​ចាត់ទុក​ថា​ជា​អំពើ​ខុសច្បាប់​ក្នុង​ការ​ធ្វើ​សកម្មភាព​វាយប្រហារ​តាម​អំពើ​ចិត្ត​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត។

លោក Zabihullah Mujahid បាន​ថ្លែង​ដូចនេះ​ថា ការវាយប្រហារ​តាម​អាកាស​នេះ គឺ​ត្រូវ​ថ្កោលទោស ព្រោះ​វា​ជា​អំពើ​ខុសច្បាប់​ក្នុង​ការ​ធ្វើ​សកម្មភាព​វាយប្រហារ​តាម​អំពើ​ចិត្ត​នៅ​ក្នុង​ដែនដី​របស់​ប្រទេស​មួយ។

អ្នក​នាំពាក្យ​រូប​នេះ​បាន​ទទូច​ថា ប្រសិនបើ​មាន​ការ​គំរាមកំហែង​ណាមួយ​ដែល​អាច​កើតមាន​ឡើង គឺ​គួរតែ​ត្រូវ​បាន​រាយការណ៍​មក​ភាគី​តាលីបង់ គឺ​មិន​ត្រូវ​ធ្វើ​ការវាយប្រហារ​តាម​អំពើ​ចិត្ត​ដែល​បណ្តាល​ឱ្យ​ជនស៊ីវិល​បាត់បង់​ជីវិត​នោះ​ទេ។

ពី​ទីក្រុង​វ៉ាស៊ីនតោន ឯណោះ​វិញ ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បន្ត​សន្យា​ថា​នឹង​មាន​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​បន្ថែម​ទៀត​លើ​ក្រុម ISIS ឬ ISIS-K ដើម្បី​សងសឹក​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​ស្លាប់​មនុស្ស​ជាច្រើន​រយ​នាក់​នៅ​ក្បែរ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល។

ការវាយប្រហារ​ដោយ​ប្រើ​យន្តហោះ​ដ្រូន​លើ​ក្រុម ISIS-K នៅ​ខេត្ត Nangahar ក្នុង​ដែនដី​អាហ្វហ្គានីស្ថាន ពិតជា​បាន​ធ្វើឡើង​មែន។

ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​ឲ្យ​ដឹង​ថា ការវាយប្រហារ​នោះ​បាន​ផ្តាច់​ជីវិត​មនុស្ស​សំខាន់ ២​នាក់​របស់ ISIS-K។

លោក បៃដិន បាន​សន្យា​ថា នេះ​មិនមែន​ជា​លើក​ចុងក្រោយ​ឡើយ​ដោយ​អាមេរិក​នឹង​បន្ត​តាម​ប្រមាញ់​ជន​ដែល​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា រហូត​កាត់​ឫសគល់​នៃ​ពួក​សកម្ម​ប្រយុទ្ធ​ទាំងនេះ។ ប៉ុន្តែ​ខណៈ​នេះ សកម្មភាព​ជម្លៀស​ជនស៊ីវិល​តាម​យន្តហោះ​ចេញពី​ក្រុង​កាប៊ុល​របស់​ប្រទេស​ទាំងអស់ បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា។

តែយ៉ាងណាក៏ដោយ នៅ​មាន​ប្រជាជន​អាហ្វហ្គានីស្ថាន រាប់​ពាន់​នាក់​ទៀត ដែល​នៅតែ​រង់ចាំ​ក្បែរ​អាកាសយានដ្ឋាន ដើម្បី​អាច​ធ្វើ​ដំណើរ​ចាកចេញ​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​ផ្សេង។

កាលពី​ថ្ងៃ​អាទិត្យ ទី​២៩ សីហា ក្រុម​តាលីបង់ បាន​អះអាង​ថា​នឹង​អនុញ្ញាត​ឲ្យ​ជនបរទេស និង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​អាច​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​សុវត្ថិភាព ទោះ​ជា​ផុត​ថ្ងៃ​ទី​៣១ សីហា ក៏ដោយ។

ការ​ជម្លៀស​ជនស៊ីវិល​តាម​យន្តហោះ​របស់​ប្រទេស​ធំៗ ដូចជា​បារាំង អង់គ្លេស អាល្លឺម៉ង់ ជាដើម ត្រូវ​បាន​បិទ​បញ្ចប់​ហើយ។ បច្ចុប្បន្ន គឺ​នៅសល់​តែ​កងទ័ព​អាមេរិក​តែប៉ុណ្ណោះ​ដែល​នៅ​បង្ហើយ​កិច្ចការ​នៅ​ទីក្រុង​កាប៊ុល មុន​នឹង​ចាកចេញ​ទាំងស្រុង​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា។

អាមេរិក​បាន​បន្សល់​ទុក​កងទ័ព​របស់​ខ្លួន​ប្រមាណ​ជាង ៥​ពាន់​នាក់​ឱ្យ​ស្ថិតនៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​កាប៊ុល ដើម្បី​ជួយ​ជម្លៀស​ជនស៊ីវិល​គ្រប់​ជាតិសាសន៍ បន្ទាប់ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​អាហ្វហ្គានីស្ថាន​ដែល​លោក​ខាងលិច​គាំទ្រ ត្រូវ​បាន​ពួក​តាលីបង់ វាយ​ផ្ដួល​រំលំ​នៅ​ថ្ងៃ​ទី​១៥ សីហា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស