27 C
Phnom Penh

សមត្ថកិច្ច​រំដោះ​ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​រង​ការ​ជួញដូរ​នៅ​ប្រទេស​ចិន​ឲ្យ​មាន​សុវត្ថិភាព​វិញ

បទវិភាគ

ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ក្វាងចូវ សហការ​ជាមួយ​អាជ្ញាធរ​ចិន បាន​រំដោះ​ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​ចាញ់បោក​មេខ្យល់​ទៅ​ធ្វើការ និង​ត្រូវ​លក់​បន្ត​នៅ​ឯ​ប្រទេស​ចិន ឲ្យ​មាន​សុវត្ថិភាព និង​ត្រៀម​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ហើយ។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ចុះ​ជួយ​ស្ត្រី​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ជួញដូរ​នៅ​ប្រទេស​ចិន នេះ គឺ​បន្ទាប់ពី​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​បាន​ផ្ញើ​សារ​តាម​បណ្ដាញ​សង្គម ប្ដឹង​និង​សុំ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ពេល​ថ្មីៗ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន និង​ការ​ចាត់ចែង​តាម​ជំនាញ​រួច​មក លោក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​នាយកដ្ឋាន​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​អង្គ​ហេតុ រក​ឃើញ​ទីតាំង​ជនរងគ្រោះ​នៅ​ឯ​ក្រុង​ណាភីង នៃ​ខេត្ត​ហ្វូជៀន ប្រទេស​ចិន។

លោក​ថា អាជ្ញាធរ​កម្ពុជា​សហការ​ជាមួយ​អាជ្ញាធរ​ចិន បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ឈ្មោះ អ៊ិត ឈូក ភេទ​ស្រី ទីកន្លែង​កំណើត​ភូមិ​ត្រពាំងរំដេង ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ហើយ​អាជ្ញាធរ​កំពុង​ធ្វើ​បែបបទ​ដើម្បី​សង្គ្រោះ​ជនរងគ្រោះ​ត្រឡប់​មក​កម្ពុជា​វិញ ព្រមទាំង​ស្វែងរក​ព័ត៌មាន​បន្ថែម​ទៀត និង​មាន​ចំណាត់ការ​បន្ត។

ទោះ​យ៉ាងណា មន្ត្រី​អង្គការ​សង់ត្រាល់ ដែល​ធ្វើការ​ទាក់ទង​នឹង​ពលករ​ចំណាកស្រុក ធ្លាប់​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​បាន​រងគ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស ឬ​ចាញ់បោក​មេខ្យល់​ភាគច្រើន គឺ​ត្រូវ​បាន​មេខ្យល់​នាំ​ទៅ​រក​ការងារ​ធ្វើ ឬ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នាំ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី ឬ​អារ៉ាប់រួម ជាដើម។ ហើយ​ជនរងគ្រោះ​ធ្វើការ​ដូចជា​ទាសករ រង​នូវ​អំពើ​ហិង្សា​ពី​ម្ចាស់ ឬ​ថៅកែ ព្រមទាំង​រង​ការបៀតបៀន​រំលោភ​បំពាន​ផ្លូវ​ភេទ​ជាដើម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស