36 C
Phnom Penh

តំណាង​សកម្មជន​ព្រៃឡង់​ថា​ការ​កែប្រែ​យុទ្ធសាស្ត្រ​របស់ USAID នឹង​មាន​ប្រសិទ្ធភាព​បើ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​សហគមន៍​ឃ្លាំមើល​ព្រៃឈើ​នៅ​កម្ពុជា បាន​អះអាង​ថា ការ​កែប្រែ​យុទ្ធសាស្ត្រ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា USAID ក្នុង​ការ​ជួយ​ទៅ​ដល់​សហគមន៍​មូលដ្ឋាន​ដើម្បី​ពង្រឹង​សមត្ថភាព និង​បច្ចេកទេស​ការពារ​ព្រៃឡង់ គឺជា​យុទ្ធសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព បើ​គ្មាន​ការ​ជ្រៀតជ្រែក​ណាមួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ទេ​នោះ។

តំណាង​សហគមន៍​ព្រៃឡង់ លោក ហឿន សុភាព ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​ជំរុញ​ឱ្យ​សហគមន៍​មូលដ្ឋាន​ល្បាត​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​បៃតង​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​នេះ នឹង​ទទួល​បាន​ប្រសិទ្ធភាព​ជាង​ពេល​ដែល​សហការ​ជាមួយ​រដ្ឋាភិបាល ព្រោះថា​រាល់​កិច្ចការ​ទាក់ទង​នឹង​ការ​ការពារ​ព្រៃឈើ​នេះ នឹង​មាន​តម្លាភាព គណនេយ្យភាព និង​មាន​ប្រសិទ្ធភាព​ជាង​មុន។

លោក​អះអាង​ថា ប្រភព​ដែល​ជា​មុខសញ្ញា​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​នោះ មិន​មែន​ជា​ពលរដ្ឋ​ក្នុង​សហគមន៍​នោះ​ទេ គឺជា​មន្ត្រី​រាជការ​ខិលខូច​មួយ​ចំនួន​ដែល​សហការ​គ្នា​ជាមួយ​ឈ្មួញ​ទុច្ចរិត ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក​នៅតែ​មិន​អាច​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ទាំងនោះ​បាន។

សកម្មជន​ការពារ​ព្រៃឡង់​ខេត្ត​កំពង់ធំ លោក ហឿន សុភាព ចុះ​ល្បាត​ព្រៃ​សហគមន៍​ក្បាលខ្លា ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧។

សកម្មជន​ព្រៃឈើ​រូប​នេះ​បញ្ជាក់​ថា ការ​អនុវត្ត​ការងារ​របស់​សហគមន៍​ក្នុង​ការ​ការពារ​ព្រៃឈើ​អាច​នឹង​ជួប​ឧបសគ្គ ប្រសិនបើ​មាន​ការ​រំខាន​ពី​សំណាក់​អាជ្ញាធរ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្តី ក៏​នៅតែ​អាច​មាន​ប្រសិទ្ធភាព​ជាង​កាលពី​ពេល​ដែល USAID សហការ​ជាមួយ​នឹង​រដ្ឋាភិបាល ពីព្រោះ​សំឡេង​ពលរដ្ឋ​នៅ​សហគមន៍​នៅ​មូលដ្ឋាន គឺជា​សំឡេង​ពិតប្រាកដ​ដោយ​គ្មាន​ការ​ភូត​កុហក​ម្ចាស់​ជំនួយ​នោះ​ឡើយ។

សហគមន៍​ព្រៃឡង់​បៃតង បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ថា រយៈពេល ២​ឆ្នាំ​ខាងមុខ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ USAID នឹង​កែប្រែ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​ជួយ​ទៅ​ដល់​សហគមន៍​មូលដ្ឋាន ដោយ​ការ​ផ្លាស់ប្ដូរ​ពី​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ក្នុង​ការ​ល្បាត​ព្រៃឡង់ ទៅជា​កញ្ចប់​ជំនួយ​ខ្នាត​តូច​ជំនួស​វិញ ដើម្បី​ពង្រឹង​សមត្ថភាព និង​បច្ចេកទេស​ក្នុង​ការ​ការពារ​ព្រៃឡង់​ដល់​សហគមន៍​ទាំងនោះ។

ប្រភព​ដដែល​អះអាង​ថា ជំនួយ​នេះ​នឹង​ជួយ​សហគមន៍​មូលដ្ឋាន​ឱ្យ​មាន​មូលនិធិ​ដើម្បី​ធ្វើ​សកម្មភាព​ក្នុង​ការ​អភិរក្ស​តំបន់​ការពារ​ធនធាន​ធម្មជាតិ និង​លើក​កម្ពស់​ជីវភាព​សហគមន៍​ផង​ដែរ។

ជាង​នេះ​ទៀត គម្រោង​នោះ​នឹង​ជួយ​ឱ្យ​សហគមន៍​មូលដ្ឋាន​កាន់តែ​មាន​សមត្ថភាព​គ្រប់គ្រង​សកម្មភាព​ផែន និង​ការ​អភិរក្ស​ព្រៃឈើ​នៅ​មូលដ្ឋាន​របស់​ខ្លួន​ថែមទៀត។ កាលពី​ពេល​ថ្មីៗ​នេះ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ USAID បាន​ដំណើរការ​រៀបចំ​សហគមន៍​មូលដ្ឋាន​ចំនួន​៥៦ នៅ​ក្នុង​តំបន់​ព្រៃឡង់ ដើម្បី​រៀបចំ​ផ្តល់​ជំនួយ​ខ្នាត​តូច​ដល់​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​ការពារ​ព្រៃឡង់​ទាំងនោះ ក្នុង​នោះ​រួម​មាន សហគមន៍​តំបន់​ការពារ​ធម្មជាតិ សហគមន៍​ព្រៃឈើ និង​សហគមន៍​អេកូទេសចរណ៍ ផង​ដែរ។

គម្រោង USAID ព្រៃឡង់​បៃតង​នេះ មាន​រយៈពេល​ពី ១៤ ទៅ ១៦​ខែ ដើម្បី​គាំទ្រ​សកម្មភាព​នានា ដូចជា៖

  • ការ​លើក​កម្ពស់​ការ​ការពារ​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន
  • ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ក្នុង​សហគមន៍
  • និង​ការ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ល្បាត​ព្រៃឡង់​របស់​សហគមន៍​មូលដ្ឋាន ជាដើម។

គម្រោង​នេះ ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាត់​ផ្តាច់​ជំនួយ​អភិរក្ស​ព្រៃឡង់​ដែល​ធ្លាប់​ផ្តល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្រមាណ​ជាង ១០០​លាន​ដុល្លារ​អាមេរិក​កាលពី​ពេល​កន្លងទៅ ក្រោម​ហេតុផល​ថា អាជ្ញាធរ​កម្ពុជា​មិន​បាន​អនុវត្ត​ច្បាប់​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខុសច្បាប់​នោះ​ទេ ផ្ទុយទៅវិញ បទល្មើស​ព្រៃឈើ​បាន​កើត​មាន​កាន់តែ​ច្រើន​ឡើងៗ។

រូប​ឯកសារ៖ សមាជិក​នៃ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ចុះ​ល្បាត និង​បំបួស​ព្រៃឈើ​នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃឡង់។ (រូបថត​បណ្ដាញ​សហគមន៍​ព្រៃឡង់)

ចំណែក​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឆឺយ ឧត្តមរស្មី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ថា ការ​ផ្តល់​ជំនួយ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ USAID ទៅ​ឱ្យ​ក្រសួង​បរិស្ថាន​កន្លង​មក គឺ​មិន​បាន​លទ្ធផល​ជា​ផ្លែផ្កា​អ្វី​ទាំងអស់ ព្រោះ​ក្រសួង​មិន​ដែល​អនុវត្ត​ទៅតាម​គោលការណ៍​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ម្តង​ណា​ឡើយ។

លោក​អះអាង​ថា ទោះបី​ទីភ្នាក់ងារ​នេះ​ផ្តល់​ថវិកា​ទៅ​ឱ្យ​ក្រសួង​បរិស្ថាន​រាប់​កោដិ​ដុល្លារ​អាមេរិក​ក៏ដោយ ក៏​នៅតែ​មិន​អាច​ការពារ​ព្រៃឡង់​បាន​ដែរ ត្បិត​ក្រសួង​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ឈ្មួញ​ខិលខូច​ឱ្យ​ចូល​កាប់​បំផ្លាញ​ព្រៃឈើ​ដដែល ប៉ុន្តែ​ប្រសិនបើ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​នេះ​ផ្តល់​ថវិកា​នេះ​ត្រឹមតែ ១០% នៃ​ការ​ផ្តល់​ឱ្យ​ក្រសួង​បរិស្ថាន​កន្លងទៅ​សម្រាប់​សហគមន៍​វិញ នោះ​នឹង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ព្រៃឡង់​ឆ្ងាយ​ណាស់។

លោក ឆឺយ ឧត្តមរស្មី បញ្ជាក់​ថា សហគមន៍​មូលដ្ឋាន​មិន​មាន​ជំនឿ​លើ​មន្ត្រី​ជំនាញ​អភិរក្ស​ព្រៃឡង់​នោះ​ទេ ព្រោះថា​ក្រោម​ជំនួយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ USAID កន្លងមក ក្រសួង​បរិស្ថាន​នៅតែ​មិន​អាច​បំបាត់​ក្រុមហ៊ុន​រកស៊ី​ឈើ​ខុសច្បាប់​ជាច្រើន​ចេញពី​តំបន់​នោះ​បាន​ឡើយ ដូចជា​ក្រុមហ៊ុន PNT ក្រុមហ៊ុន Thing Biotech និង​ក្រុមហ៊ុន សំអឿន សុវណ្ណ ជាដើម ខណៈ​មន្ត្រី​ជំនាញ​ទាំងនោះ​មិន​អនុញ្ញាត​ឱ្យ​សហគមន៍​មូលដ្ឋាន​ដើរ​ល្បាត​ព្រៃឡង់​ថែម​ទៀត។

កាលពី​ពាក់កណ្តាល​ខែ​មិថុនា ឆ្នាំ​២០២១ សហរដ្ឋ​អាមេរិក អះអាង​ថា ខ្លួន​នឹង​បង្វែរ​ជំនួយ​ក្នុង​ការ​អភិរក្ស​ព្រៃឡង់​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ USAID ទៅ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​សហគមន៍​មូលដ្ឋាន ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ និង​ពង្រីក​កសិកម្ម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ជំនួស​វិញ។

គម្រោង​ព្រៃឡង់​បៃតង គឺជា​គម្រោង​អភិរក្ស​បរិស្ថាន និង​ជីវចម្រុះ​នៅ​តំបន់​ព្រៃឡង់ ដែល​មាន​ផ្ទៃដី​ជាង ៤​សែន​ហិកតារ លាតសន្ធឹង​លើ​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស