សឹងតែគ្រប់បណ្ដាញផ្សាយព័ត៌មានធំៗបានចុះផ្សាយយ៉ាងព្រោងព្រាតនូវសេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលលោកបានថ្លែងបិទបញ្ចប់ជាប្រវត្តិសាស្ត្រនូវការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ចប់ត្រឹមថ្ងៃទី៣១ ខែសីហា។
ថ្លែងចេញពីសេតវិមាន លោក ចូ បៃដិន បានបញ្ជាក់ថា លោកប្ដេជ្ញាថានឹងមិនបន្តអូសបន្លាយសង្គ្រាមដែលមិនចេះចប់នេះទេ ហើយលោកក៏នឹងមិនបន្តអូសបន្លាយការដកទ័ពអាមេរិកចេញពីដែនដីមួយនេះដែរ។ លោកបន្តថា សហរដ្ឋអាមេរិកបានបញ្ចប់សង្គ្រាមរយៈពេល ២០ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយចាត់ទុកថានេះគឺជាសង្គ្រាមយូរបំផុតរបស់សហរដ្ឋអាមេរិក។
តែនៅពេលជាមួយគ្នានេះ លោក ចូ បៃដិន បានថ្លែងដោយមោទនភាពនៃការជួយជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថានដែលលោកថាបានជម្លៀសតាមផ្លូវអាកាសក្នុងចំនួនដ៏ច្រើនបំផុតមួយក្នុងប្រវត្តិសាស្ត្រ ដោយបានជម្លៀសបានមនុស្សជាង ១សែន ២ម៉ឺននាក់ ប្រកបដោយសុវត្ថិភាព ហើយមិនដែលមានប្រទេសណាផ្សេងទៀតធ្លាប់ធ្វើបានដូច្នេះទេ។
ក្នុងដំណើរជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថាន និងការដាក់ពង្រាយទ័ពអាមេរិកជាង ៥ពាន់នាក់ លោក ចូ បៃដិន និងទីប្រឹក្សាសន្តិសុខរបស់លោក បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការរក្សាវត្តមានកងទ័ពសហរដ្ឋអាមេរិកឱ្យហួសថ្ងៃទី៣១ ខែសីហា ប៉ុន្តែបានសម្រេចចុងក្រោយដោយត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី៣១ សីហា។
តាមសេចក្តីថ្លែងការណ៍របស់លោក ចូ បៃដិន គឺក្រុមនាយអគ្គសេនាធិការកងទ័ព និងមេបញ្ជាការ បានផ្តល់អនុសាសន៍ជាឯកច្ឆន្ទឲ្យបញ្ចប់បេសកកម្មដឹកជញ្ជូនពលរដ្ឋ។ ការបញ្ចប់បេសកកម្មកងទ័ពអាមេរិក គឺជាមធ្យោបាយដ៏ល្អ និងចំពេលវេលាដើម្បីការពារអាយុជីវិតកងទ័ព និងធានាបាននូវការចាកចេញរបស់ជនស៊ីវិលដែលចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយក៏ចំពេលក្រុមតាលីបង់ បានប្ដេជ្ញាឲ្យមានការជម្លៀសដោយសុវត្ថិភាព។
តាមលោក ចូ បៃដិន ចំនួនពលរដ្ឋអាមេរិកដែលនៅសេសសល់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយថ្ងៃទី៣១ ខែសីហា មានតិចជាង ២០០នាក់ ឬលើសពី ១០០នាក់បន្តិចប៉ុណ្ណោះ។ លោកថា ក្រសួងការបរទេសអាមេរិក នឹងបន្តជម្លៀសពលរដ្ឋទាំងនោះបន្តទៀត។ ចំណែកបេសកកម្មការទូតរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន ត្រូវបានប្តូរទៅដាក់នៅរដ្ឋធានីដូហា នៃប្រទេសកាតា វិញ។
ក្រោយពីទទួលដំណឹងថា អាមេរិកបានដកកងទ័ពរបស់ខ្លួនអស់ហើយពីក្រុងកាប៊ុល ក្រុមតាលីបង់ បានដាក់ពង្រាយកងកម្លាំងពិសេសរបស់ខ្លួនឲ្យទៅគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិ Hamid Karzai នៃទីក្រុងកាប៊ុល គឺនៅថ្ងៃទី៣១ សីហា គឺប៉ុន្មានម៉ោងក្រោយកងទ័ពអាមេរិកចេញផុតអស់ពីទីនោះ។
អ្នកនាំពាក្យតាលីបង់ Zabihullah Mujahid បានប្រាប់ក្រុមអ្នកកាសែតថា កងកម្លាំងពិសេស Badri របស់ក្រុមតាលីបង់ ត្រូវបានដាក់ពង្រាយនៅព្រលានយន្តហោះកាប៊ុល ហើយសន្តិសុខនិងសុវត្ថិភាព ត្រូវបានធានានៅទីនោះ។
បើតាមលោក Mujahid អ្វីៗនឹងត្រឡប់ទៅរកភាពប្រក្រតីវិញនៅព្រលានយន្តហោះ ហើយពួកគេកំពុងប្រឹងប្រែងធ្វើការរៀបចំដើម្បីឲ្យជើងហោះហើរស៊ីវិលអាចចាប់ផ្តើមធ្វើប្រតិបត្តិការបានក្នុងពេលឆាប់ៗ។
ការចាកចេញរបស់សហរដ្ឋអាមេរិកពីប្រទេសអាហ្វហ្គានីស្ថាននេះ ត្រូវបានក្រុមតាលីបង់ចាត់ទុកជាជ័យជម្នះដ៏ធំធេងសម្រាប់ក្រុមរបស់ខ្លួន។
អ្នកគាំទ្រក្រុមតាលីបង់រាប់ពាន់នាក់បានចេញមកតាមផ្លូវនានាក្នុងទីក្រុង Kandahar ដែលជាកន្លែងចាប់កំណើតនៃចលនាអ៊ីស្លាមនេះ ដោយពួកគេគ្រវីទង់ជាតិ និងស្រែកពាក្យថា ព្រះអស្ចារ្យណាស់។
រថយន្តជាច្រើនគ្រឿងដែលចុចស៊ីផ្លេផងនោះ បានមកប្រមូលផ្តុំគ្នាក្នុងទីលានប្រមូលផ្តុំដ៏សំខាន់មួយនៅទីក្រុងធំទីពីររបស់អាហ្វហ្គានីស្ថាន។ ក្រុមមនុស្សទាំងនោះបានអបអរដោយសំឡេងសប្បាយរីករាយចំពោះការដកកងទ័ពអាមេរិកចុងក្រោយចេញពីអាហ្វហ្គានីស្ថាន បន្ទាប់ពីសង្គ្រាមអស់រយៈពេល ២០ឆ្នាំមក។
ទីក្រុង Kandahar គឺជាបេះដូងនៃក្រុមជនជាតិភាគតិច Pashtun របស់ក្រុមតាលីបង់ ដែលនៅទីនោះក្រុមនេះត្រូវបានបង្កើតឡើង ហើយបានកាន់អំណាចក្នុងឆ្នាំ១៩៩៦ នោះនៅពេលក្រុមនេះបានវាយផ្ដួលរំលំរដ្ឋាភិបាលក្រុងកាប៊ុល ដែលសហភាពសូវៀតគាំទ្រ។
ទីក្រុង Kandahar ជាមូលដ្ឋានដែលមេដឹកនាំជាន់ខ្ពស់តាលីបង់ដ៏អាថ៌កំបាំងមួយរូប គឺលោក Hibatullah Akhundzada កំពុងរស់នៅក្រោយការលាក់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
ក្នុងវីដេអូឃ្លីបមួយដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមពីទីលាន Shaheedan បុរសម្នាក់ដែលមានឈ្មោះថា Abdullah និយាយថា ថ្ងៃនេះជាថ្ងៃឯករាជ្យជាតិរបស់អាហ្វហ្គានីស្ថានដែលដឹកនាំដោយក្រុមអ៊ីស្លាម។ លោកសូមអបអរសាទរដល់បងប្អូនមូស្លីម និងប្រទេសអាហ្វហ្គានីស្ថានទាំងមូល។ ក្រុមគាំទ្របានលើកទង់ព្យាការី Muhammad ហើយនិងលើកទង់ជាតិនេះនៅក្នុងពិភពលោកទាំងមូល។
តាមទីភ្នាក់ងារសារព័ត៌មាន AFP ហ្វូងមនុស្សដែលជាអ្នកគាំទ្រក្រុមតាលីបង់ មកពីភូមិក្បែរៗនោះ ធ្វើដំណើរយ៉ាងណែនណាន់ទៅកាន់ទីក្រុង Kandahar ភាគខាងត្បូង បន្ទាប់ពីមានព័ត៌មាននៃការចាកចេញរបស់កងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានទាំងស្រុង។
ប្រជាជននៅក្រុង Kandahar បានច្រៀងរាំដោយពួកគេបានបន្ទរថា យើងបានយកឈ្នះមហាអំណាច។ អាហ្វហ្គានីស្ថាន ជាកន្លែងកប់ខ្មោចរបស់ពួកមហាអំណាច។ អ្នកគាំទ្រតាលីបង់បានស្រែកដូចនេះចេញពីឡាន និងម៉ូតូរបស់គេ ស្របពេលដែលគេបានបើកជុំវិញទីក្រុងនៅក្រោមកម្ដៅថ្ងៃដោយមានបង្ហាញកាំភ្លើងយន្តរបស់គេផងដែរ។
ស្របពេលជាមួយគ្នានេះ ក្រុមតាលីបង់បានប្រកាសថា ការបង្កើតរដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន គឺកំពុងស្ថិតនៅក្នុងដំណាក់កាលមកដល់ហើយ។
លោក Anas Haqqani មេដឹកនាំជាន់ខ្ពស់តាលីបង់ បានប្រាប់សារព័ត៌មាន Al Jazeera ថា រដ្ឋាភិបាលថ្មីនឹងចេញជារូបរាងនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
តែបែបណា អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានព្រមានថា មហន្តរាយមនុស្សធម៌កំពុងកើតឡើងនៅក្នុងប្រទេសមួយនេះ។ លោក Antonio Guterres បានថ្លែងបន្ទាប់ពីការដកកងទ័ពអាមេរិកទាំងស្រុងចេញពីប្រទេសអាហ្វហ្គានីស្ថាន។ លោកដាក់ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដែលនឹងកើតមានឡើងនៅក្នុងប្រទេសនេះ។
លោក Antonio Guterres បានបន្ថែមទៀតថា មហន្តរាយមនុស្សធម៌កំពុងកើតឡើងហើយ។ ឥឡូវនេះកុមារ ស្ត្រី និងបុរសអាហ្វហ្គានីស្ថាន កាន់តែច្រើនឡើងៗត្រូវការការគាំទ្រ និងសាមគ្គីភាពពីសហគមន៍អន្តរជាតិ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវសុំឱ្យសហគមន៍អន្តរជាតិឆាប់ជួយជាបន្ទាន់រាល់គ្រប់ជំនួយក្នុងតម្លៃមនុស្សជាតិ ខណៈលោកព្រមានពីការផ្ទុះភាពអត់ឃ្លានក្រោមរបបតាលីបង់នឹងមានភាពធ្ងន់ធ្ងរ៕