26 C
Phnom Penh

ក្រុម​អ្នក​តាមដាន៖ អ្នក​នយោបាយ​ខ្មែរ​ពូកែ​ឈ្លោះ​ជាមួយ​ជាតិសាសន៍​ឯង ខណៈ​អ្នក​នយោបាយ​មុនៗ​ធ្វើ​សង្គ្រាម​ដើម្បី​ពង្រីក​ទឹកដី

បទវិភាគ

ក្រុម​អ្នក​តាមដាន​ការ​អភិវឌ្ឍ​នៅ​កម្ពុជា បាន​លើកឡើង​ថា អ្នក​នយោបាយ​ខ្មែរ​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​ឈប់​ឈ្លោះ​គ្នា​នៅឡើយ​ទេ ហើយ​ពូកែ​ឈ្លោះ​តែ​ជាមួយ​ជាតិសាសន៍​ឯង ដែល​ផ្ទុយ​ស្រឡះ​ពី​អ្នក​នយោបាយ និង​រាជការ​សម័យ​មុនៗ​ដែល​ឈ្លោះ​គ្នា​ដើម្បី​ពង្រីក​ទឹកដី។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​សារ​នៅ​លើ​គណនី Facebook របស់​លោក កាលពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២១ ក្នុង​ន័យ​ថ្វាយ​សារ ឬ​ទូលពិត​ថ្វាយ​អតីត​ព្រះ​មហា​វីរក្សត្រ​ជំនាន់​មុនៗ​ថា លោក​សូម​ក្រាប​បង្គំ​ទូល​ព្រះ​មហា​វីរក្សត្រ​ខ្មែរ​ដែល​បាន​កសាង​អង្គរ​គ្រប់​ព្រះអង្គ​ថា អ្នក​នយោបាយ​ដែល​ជា​កូនចៅ​របស់​ព្រះអង្គ​នៅ​បន្ត​ឈ្លោះ​ទាស់​គ្នា​នៅឡើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

ចំណែកឯ​ទឹកដី​ដែល​ព្រះអង្គ​ប្រឹង​ពង្រីក និង​កសាង​ជា​អាណាចក្រ​មួយ​ដ៏​ខ្លាំងក្លា ឥឡូវ​នេះ​នៅសល់​តែ ១៨១០៣៥​គីឡូម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ ហើយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ មិន​ដឹង​ថា​ទឹកដី​នេះ​នឹង​នៅសល់​គ្រប់​ចំនួន​ដូច​តួលេខ ឬ​ក៏​អត់​នោះ​ទេ។

លោក​អះអាង​ថា ប្រាសាទ​ដែល​ព្រះអង្គ​បាន​កសាង​ដើម្បី​ថ្វាយ​ព្រះអាទិទេព ក៏​បាន​រក​លុយ​ឱ្យ​កូនចៅ​ព្រះអង្គ​ជំនាន់​នេះ​បាន​ច្រើន​សន្ធឹកសន្ធាប់​ដែរ តែ​ដោយសារ​អំពើពុករលួយ មិន​ដឹង​ថា​តើ​ចំណូល​ជាតិ​ចំនួន​ប៉ុន្មាន​ទេ​ដែល​បាន​បាត់​ក្នុង​មួយ​ឆ្នាំៗ ហេតុ​ដូច្នេះ សូម​ព្រះអង្គ​មេត្តា​បណ្តាល​ចិត្ត​ឱ្យ​កូនចៅ​ព្រះអង្គ​ចេះ​រួបរួម​គ្នា​ផង បើ​មិន​ដូច្នោះ​ទេ ទឹកដី​ដែល​ព្រះអង្គ​ប្រឹង​កសាង​ឡើង​នេះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជនជាតិ​ផ្សេង​ជាមិនខាន។

សារ​ថ្វាយ​អតីត​ព្រះ​មហា​វីរក្សត្រ​ក្នុង​ន័យ​បញ្ឆិតបញ្ឆៀង​របស់​អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ ស្រប​ពេល​ដែល​អ្នក​នយោបាយ​ខ្មែរ​នៅតែ​បន្ត​ហែកហួរ​គ្នា​តាមរយៈ​នៃ​ការ​ប្រើ​ល្បិចកល​នយោបាយ​យក​ឈ្នះ​លើ​ជាតិសាសន៍​ខ្លួនឯង​តែ​រៀងៗ​ខ្លួន ខណៈ​ទឹកដី​ខ្មែរ​ចេះតែ​បាត់បង់​បន្តិច​ម្តងៗ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ កញ្ញា ថា អង្គរវត្ត​របស់​ខ្មែរ​ពិត​មែន​តែ​កសាង​ដោយ​ស្តេច​ច្រើន​អង្គ ប៉ុន្តែ​ស្ថិត​ក្នុង​គំរូ​ប្លង់​តែ​មួយ និង​សោភណភាព​ស្ថាបត្យកម្ម​ដូច​គ្នា​ទាំងអស់ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ស្មារតី​ជាតិ​តែ​មួយ​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់។

លោក​អះអាង​ថា ចំពោះ​ការ​កសាង​ប្រជាធិបតេយ្យ ក៏​មាន​លក្ខណៈ​ដូច​គ្នា​ដែរ បើ​ទោះ​ជា​អ្នក​នយោបាយ​ខ្មែរ​មាន​ទស្សនៈ​ផ្ទុយ​គ្នា​ក៏ដោយ ប៉ុន្តែ​ត្រូវតែ​ស្ថិត​ក្នុង​គោលដៅ​តែ​មួយ គឺ​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន​ដូច​គ្នា ដូច្នេះ​អ្នក​បន្ត​វេន​ត្រូវ​ជួយ​ជំរុញ​គោលការណ៍​ប្រជាធិបតេយ្យ​ឱ្យ​រឹងមាំ ដើម្បី​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទាំងមូល។

លោក​បន្ត​ថា ប្លង់​ស្ថាបត្យកម្ម​រួម​ជាតិ ត្រូវ​គេ​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់ រួច​សម្រេច​យក ហើយ​គេ​អនុវត្ត។ ស្តេច​ជំនាន់​មួយ​សង់​បាន​ប៉ុន្មាន ដូច្នេះ​ស្តេច​ជំនាន់​បន្ទាប់ៗ​បន្ត​សង់​រហូត​សម្រេច​គោលដៅ​តាម​គំរូ​ប្លង់​តែ​មួយ។ ប្លង់​ទាំងនេះ គឺ​ពិត​តែ​ឆ្លង​ជំនាន់​ស្តេច​ច្រើន​អង្គ​មែន ប៉ុន្តែ​ប្រាសាទ​អង្គរវត្ត​មាន​ឯកភាព​ខាង​សោភណភាព និង​ស្ថាបត្យកម្ម។

លោក​បន្ត​ថា កេរដំណែល​ស្ថាបត្យកម្ម​សំណង់​អង្គរវត្ត​ប្រវត្តិសាស្ត្រ​ល្បីល្បាញ ជាក់ស្តែង​ណាស់​កើត​ពី​គំនិត​ជាតិ​រួម​ស្មារតី​ជាតិ។ រីឯ​ការ​កសាង​ប្រជាធិបតេយ្យ ក៏​មាន​លក្ខណៈ​ដូច​គ្នា​ដែរ។ ដូនតា​យើង​បាន​បង្រៀន​ហើយ​ថា យើង​ត្រូវ​ធ្វើ​អ្វីៗ​តាម​គោល​គំនិត​ជាតិ​ចេញពី​សំណង់​ស្ថាបត្យកម្ម​អង្គរ​នេះ គឺ​ធ្វើ​សកម្មភាព​ក្នុង​ស្មារតី​ជាតិ​រួម ដោយ​ដាក់​បុព្វហេតុ​ជាតិ​ជា​គោល។

លោក​បន្ត​ថា បើ​ខ្មែរ​កសាង​ប្រជាធិបតេយ្យ​ដល់​ដំណាក់កាល​នេះ​ទើប​បាន​ប៉ុណ្ណឹង អ្នក​បន្ត​វេន​នានា​ត្រូវ​រុញ​គម្រោងការ​រួម​ឲ្យ​បន្ត​អនុវត្ត​ទៅ​មុខ​ទៀត​ដោយ​មិន​បោះបង់ នោះ​ស្ថាប័ន​ប្រជាធិបតេយ្យ​នឹង​ដល់​ទីដៅ​រឹងមាំ​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទូទៅ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​អះអាង​ថា ដូនតា​យើង​បាន​បន្សល់​ទុក​ប្រាសាទ​អង្គរវត្ត​ដ៏​អស្ចារ្យ​ទុក​ឲ្យ​យើង ហេតុ​នេះ​យើង​ជំនាន់​នេះ​ក៏​ត្រូវ​ចេះ​រួបរួម​គ្នា​កសាង​ប្រជាធិបតេយ្យ​ដែល​លើក​តម្កើង​យុត្តិធម៌​ជា​គោល​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​ដែរ ហើយ​មិនមែន​នៅ​ដេក​ស្រមៃ​បួងសួង​ទៅ​ព្រះអង្គ​គ្រប់​អង្គ​ដែល​បាន​សោយទិវង្គត​យូរ​ហើយ​នោះ​ទេ។

លោក គឹម សុខ បន្ត​ថា ព្រះមហាក្សត្រ​សម័យ​អង្គរ​បាន​ជួយ​យើង​យ៉ាង​ធំ​មហាសាល​រួច​ហើយ គឺ​គំរូ​កេរដំណែល​ស្ថាបត្យកម្ម​ដែល​យើង​គួរតែ​ចេះ​ឆ្លាត​យក​គំនិត​ដ៏​ល្អ​ឯក​នេះ​ទៅ​ផលិត​ឲ្យ​ចេញ​ជា​គ្រឹះ​ប្រជាធិបតេយ្យ​ជាតិ​រួបរួម។ ការ​រួម​គ្នា​ធ្វើ​ក្នុង​ស្មារតី​ជាតិ ដើម្បី​សម្រេច​គោលដៅ​ប្រជាធិបតេយ្យ​ជាតិ​រួម ផ្តើម​ចេញពី​ការ​ជម្រុះ​ចោល​គំនិត​អស្មិមានះ និង​លះបង់​អំនួត​បុគ្គល/ក្រុម។ លោក គឹម សុខ អះអាង​ថា នយោបាយ​ជាតិ គឺជា​ស្ថាបត្យកម្ម​នយោបាយ​ប្រតិបត្តិ។ នយោបាយ​ស្រមៃ​លើ​មាត់ គឺជា​ល្ខោន​នយោបាយ​កាយ​ផ្លូវ​រក​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ។

ក្រោយ​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​កាលពី​ឆ្នាំ​១៩៩១ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​ព្រះមហាក្សត្រ​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ប៉ុន្តែ​ក្រោយ​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​នេះ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មក អ្នក​ដឹកនាំ​នយោបាយ​ខ្មែរ​ធំៗ ជាពិសេស​មេដឹកនាំ​បក្ស​កាន់​អំណាច​បាន​នាំគ្នា​កែប្រែ​ច្បាប់​គ្រប់​បែបយ៉ាង ដើម្បី​ចង​ព្រះមហាក្សត្រ​ខ្មែរ​ឲ្យ​ក្រោម​អំណាច​របស់​ខ្លួន។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ មិន​អាច​រក​អធិបតេយ្យភាព​សម្រាប់​កម្ពុជា​បាន​ទេ ខណៈ​ជម្លោះ​នយោបាយ​ដណ្តើម​អំណាច​កាន់តែ​កើត​មាន​ខ្លាំង​ឡើងៗ សាមគ្គី​ជាតិ​ខ្មែរ​រឹត​តែ​បែកបាក់​ធំ​ទៅៗ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ជួប​វិបត្តិ​នយោបាយ​ឥត​ស្រាកស្រាន្ត​រហូត​ដល់​សព្វថ្ងៃ​នេះ។

ទោះ​ជា​បែប​នេះ​ក្តី កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២១ ក្នុង​ទិវា​ខួប​លើក​ទី​៣៦​ឆ្នាំ​នៃ​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​សម្ដែង​មោទកភាព​លើ​ខ្លួន​គាត់​ថា ក្រោម​ការ​ដឹកនាំ​ដ៏​វៃឆ្លាត​របស់​លោក​ដែល​ពោរពេញ​ទៅ​ដោយ​បទពិសោធន៍ បាន​ដឹកនាំ​កម្ពុជា​ឲ្យ​មាន​ការ​កសាង និង​ការ​អភិវឌ្ឍ មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​មាន​មុខមាត់​លើ​ឆាក​អន្តរជាតិ​មក​ទល់​នឹង​សព្វថ្ងៃ​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស