26 C
Phnom Penh

សហគមន៍៖ ករណី​កាប់​បំផ្លាញ​ព្រៃឈើ​ជាង​១០០​ករណី​ទៀត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ​នៅ​ពេល​ថ្មីៗ​នេះ

បទវិភាគ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ក្នុង​ខេត្ត​ព្រះវិហារ អះអាង​ថា ខ្លួន​បាន​តាមដាន​ឃើញ​បទល្មើស​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជាង ១០០​ករណី​ថ្មី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ក្រោយ​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​អស់​រយៈពេល ២​យប់ ៣​ថ្ងៃ​កាលពី​ពេល​ថ្មីៗ​នេះ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ដើម​ខែ​កញ្ញា នេះ​ថា កាលពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ភូមិ​ប្រមេរុ បាន​រក​ឃើញ​បទល្មើស​នៃ​ការ​កាប់​បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាច្រើន​ករណី​តាម​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងៗ និង​ប្រទះ​ឃើញ​បន្ទះក្តារ​ដែល​គេ​បាន​គរ​ទុក​ក្នុង​ព្រៃ​ជាច្រើន​សន្លឹក​ផង​ដែរ។

សហគមន៍​ដដែល​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​តាមដាន​ស្ថានភាព​ព្រៃឈើ​ទាំងនោះ ពួកគេ​បាន​ឃើញ​គោយន្ត​ដឹក​ឈើ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ជាង ១០​គោយន្ត។ បន្ថែម​ពី​នេះ ក៏​បាន​រក​ឃើញ​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រមេរុ មាន​ចំនួន ១២​ទីតាំង និង​កន្លែង​ផ្ទុក​ឈើ​ខុសច្បាប់​ចំនួន ២​ទីតាំង​ផ្សេង​ទៀត​ដែល​កំពុងតែ​ដំណើរការ​នៅឡើយ។

គល់​ឈើ និង​កំណាត់​ឈើ​ដែល​ជនល្មើស​លួច​កាប់​នៅ​តំបន់​ព្រៃព្រះរការ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ក្រុម​ជនជាតិ​ដើម​ភាគតិច​កួយ ក្រោយ​ការ​ចុះ​ល្បាត​រយៈពេល ២​យប់ ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១។ (រូបថត៖ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរុ)

ប្រភព​ដដែល​អះអាង​ថា មាន​តែ​ការ​បើកចំហ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​អាច​ចូលរួម​ការពារ​ព្រៃឈើ និង​អនុវត្ត​ការងារ​ដោយ​សេរី ស្របតាម​រដ្ឋធម្មនុញ្ញ​ដោយ​គ្មាន​ការ​រឹតត្បិត និង​គំរាមកំហែង​ប៉ុណ្ណោះ ទើប​អាច​បញ្ឈប់​បទល្មើស​ព្រៃឈើ​ទាំងនោះ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ និង​តំបន់​អភិរក្ស​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ស្ថិត​ក្នុង​ភូមិ​ប្រមេរុ ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២១ ថា សហគមន៍​បាន​រក​ឃើញ​បទល្មើស​នៃ​ការ​កាប់​ឈើ​ខុសច្បាប់​សរុប​ចំនួន ១០១​ករណី​កាលពី​ចុង​ខែ​សីហា ខណៈ​ដើមឈើ​ដែល​ត្រូវ​កាប់​បំផ្លាញ​នោះ គឺជា​ប្រភេទ​ដើមឈើ​ទាល ពពេល ស្ទៀង ផ្ដៀក គគីរ កកោះ ត្រសេក ជាដើម ដែល​មាន​មុខកាត់​ចាប់ពី ៤​តឹក​ដល់​ជិត ៣​ម៉ែត្រ។

កំណាត់​ឈើ​ដែល​គេ​កាប់​រំលំ​ក្នុង​តំបន់​ព្រៃព្រះរការ ខេត្ត​ព្រះវិហារ ដែល​ក្រុម​សកម្មជន​បរិស្ថាន​ចុះ​ល្បាត​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១។ (រូបថត៖ CYN)

កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ក៏​ត្រូវ​បាន​រក​ឃើញ​ចំនួន ៩០​ករណី​ផង​ដែរ ហើយ​ឈើ​ដែល​ត្រូវ​កាប់​បំផ្លាញ​ដោយ​ខុសច្បាប់​ទាំងនោះ រួម​មាន​ដើមឈើ​ទាល កកោះ គគីរ ស្ទៀង ផ្ដៀក ពពេល ផ្ចឹក ត្រាច ត្រសេក សុក្រំ និង​ខ្វាវ ជាដើម ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ មិន​មាន​ចំណាត់ការ​ណាមួយ​ពី​អាជ្ញាធរ​កម្ពុជា ឬ​ស្ថាប័ន​ពាក់​អនុវត្ត​ច្បាប់​ស្ដីពី​ព្រៃឈើ ដើម្បី​ចាត់ការ​លើ​ករណី​ទាំងនេះ​ទៅ​តាម​ច្បាប់​នៅឡើយ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២១ ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ថា ទោះបី​កម្ពុជា​មាន​ច្បាប់​ការពារ​ព្រៃឈើ​ក៏ដោយ ក៏​កម្ពុជា​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​បំផុត ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក។

ដើមឈើ​ដែល​ត្រូវ​បាន​ជន​ខិលខូច​លួច​កាប់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ អំឡុង​ពី​ថ្ងៃ​ទី​២៩ ដល់​ទី​៣០ ខែ​មីនា ឆ្នាំ​២០២១។ (រូបថត CYN)

ប្រភព​ដដែល​អះអាង​ថា កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​ជាង ៥០​ម៉ឺន​ហិកតារ​ក្នុង​រយៈពេល​ជិត ២​ទសវត្សរ៍​ចុងក្រោយ​នេះ ក្នុង​នោះ​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ក៏​បាន​កើត​មាន​រាប់​រយ​ករណី​ផង​ដែរ ខណៈ​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​លើ​ឈើ​ខុសច្បាប់​ទាំងនេះ​នៅតែ​មាន​វត្តមាន​ក្នុង​តំបន់​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា​ជាប់​រហូត​មក ដូចជា​ក្រុមហ៊ុន Think Biotech និង​ក្រុមហ៊ុន Angkor Plywood ជាដើម។

ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ត្រូវ​ក្រសួង​បរិស្ថាន​ដាក់​បញ្ចូល​ជា​ព្រៃ​អភិរក្ស​ដែល​មាន​ទំហំ ៩​ម៉ឺន ៦​ពាន់​ហិកតារ ដែល​លាតសន្ធឹង​ក្នុង​ស្រុក​ចំនួន​៣ គឺ​ស្រុក​ជាំខ្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប ក្នុង​ខេត្ត​ព្រះវិហារ ក៏ប៉ុន្តែ​តំបន់​អភិរក្ស​នេះ​ត្រូវ​ទទួល​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ខណៈ​អាជ្ញាធរ​នៅតែ​មិន​មាន​សមត្ថភាព​ក្នុង​ការ​បង្ក្រាប​បទល្មើស​កាប់​ឈើ​ខុសច្បាប់​ទាំងនេះ​តាំងពី​ដើម​រហូត​មក៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស