26 C
Phnom Penh

កម្ពុជា​បរាជ័យ​លក់​កាបូន​ឱ្យ​កូរ៉េ ដោយសារ​មិន​អាច​ការពារ​ព្រៃឈើ​ក្នុង​តំបន់​គម្រោង​រេដបូក

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា បរាជ័យ​ក្នុង​ការ​លក់​កាបូន​ដែល​បាន​មកពី​ព្រៃឈើ​ទៅ​ឱ្យ​រដ្ឋាភិបាល​កូរ៉េ ដោយសារ​ព្រៃឈើ​ជាង ៣៧% នៅ​ក្នុង​តំបន់​គម្រោង «គោល​នយោបាយ​កាប់​ឈើ​គ្មាន​ជាតិ​កាបូន» ហៅ​កាត់​ថា រេដបូក (REDD+) ត្រូវ​បាន​កាប់​បំផ្លាញ និង​ខូចខាត​ក្នុង​រយៈពេល ៦​ឆ្នាំ​ចុងក្រោយ​នេះ។

របាយការណ៍​អង្កេត​មួយ​ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ របស់ Korea Ferderation for Environmental Movements ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កូរ៉េ បាន​ចាប់ផ្តើម​គម្រោង​សាកល្បង​រេដបូក (REDD+) នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ​២០១៣ ក្រោយ​មក​ក៏​បាន​ពង្រីក​ដល់​ប្រទេស​កម្ពុជា ឡាវ និង​ភូមា។

គម្រោង​សាកល្បង «រេដបូក ទំរីង» នៅ​ប្រទេស​កម្ពុជា​នេះ ជា​គម្រោង​ទី​មួយ​ដែល​រដ្ឋាភិបាល​កូរ៉េ​ប្រើប្រាស់​សេវាកម្ម​ព្រៃឈើ​សម្រាប់​ទទួល​បាន​ឥណទាន​កាបូន ដើម្បី​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​ឈប់​កាប់​បំផ្លាញ​ព្រៃឈើ។ គម្រោង​រេដបូក​នេះ​មាន​គោលបំណង​ដើម្បី​ការពារ​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស​សម្រាប់​ជា​ផល​ប្រយោជន៍​ជាតិ និង​ចូលរួម​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​សកល ក្នុង​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ។

របាយការណ៍​អង្កេត ឱ្យ​ដឹង​ថា កាលពី​ពេល​ថ្មីៗ​នេះ ព្រៃឈើ​ដែល​កម្ពុជា​លក់​ទៅ​ឱ្យ​កូរ៉េ សម្រាប់​ទទួល​បាន​កាបូន​នោះ ត្រូវ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ជា​ទ្រង់ទ្រាយ​ធំ ក្នុង​នោះ​ព្រៃឈើ ៣៧​ភាគរយ​ក្នុង​តំបន់​គម្រោង​រេដបូក បាន​បាត់បង់ និង​ខូចខាត​ក្នុង​រយៈពេល ៦​ឆ្នាំ​ចុងក្រោយ​ចាប់តាំង​ពី​គម្រោង​សាកល្បង​បង្កើត​ឡើង។

របាយការណ៍​បញ្ជក់​ថា ព្រៃឈើ​ដែល​បាត់បង់ និង​ខូចខាត​បន្ទាប់ពី​ក្រុម​ការងារ​មួយ​បាន​ចុះ​ទៅ​ពិនិត្យ​ព្រៃ​សហគមន៍​ចំនួន ១៣ ក្នុង​ចំណោម​ព្រៃ​សហគមន៍​ចំនួន ១៤ នៅ​ក្នុង​តំបន់​គម្រោង​រេដបូក នៅ​ខេត្ត​កំពង់ធំ។ ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ​មូលដ្ឋាន​នេះ គឺ​ដឹកនាំ​ដោយ​លោក អ៊ូច ឡេង ដែល​ធ្លាប់​ទទួល​បាន​ពានរង្វាន់​បុរស​មាស (Gold Man) ផ្នែក​បរិស្ថាន និង​ជា​ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា (CHRTF) និង​គាំទ្រ​ដោយ​សកម្មជន​នៃ​សហព័ន្ធ​កូរ៉េ ដើម្បី​ចលនា​បរិស្ថាន (KFEM) និង​មូលនិធិ​ជីវចម្រុះ។

ប៉ុន្តែ​យោង​តាម​ទិន្នន័យ​ផ្កាយរណប​សាធារណៈ​ដែល​ផ្តល់​ដោយ​សាកលវិទ្យាល័យ​ម៉ារីលែន ឲ្យ​ដឹង​ថា ផ្ទៃដី​ព្រៃឈើ​ក្នុង​តំបន់​រេដបូក បាន​ថយ​ចុះ​ពី​ប្រហែល​ជាង ៥​ម៉ឺន ៦​ពាន់​ហិកតារ​ក្នុង​ឆ្នាំ​២០១៥ មក​នៅ​ត្រឹម​ប្រហែល​ជាង ៣​ម៉ឺន ៥​ហិកតារ​នៅ​ចុង​ឆ្នាំ​២០២០។ ការ​បាត់បង់​ព្រៃឈើ​នេះ គឺ​ស្មើ​នឹង​ផ្ទៃដី ២៤​ដង​នៃ​ទំហំ​កោះ​អ៊ីយូដូដូ របស់​ទីក្រុង​សេអ៊ូល។

ក្រុម​ការងារ​ស្រាវជ្រាវ​បាន​អះអាង​ថា ការ​ខូចខាត និង​បាត់បង់​ព្រៃឈើ​នៅ​តំបន់​រេដបូក ធំ​ជាង​អ្វី​ដែល​បាន​ឃើញ​នៅ​លើ​ផ្កាយរណប ដោយសារតែ​ការ​បាត់បង់ និង​ខូចខាត​រហូត​ដល់ ៤៥​ភាគរយ​នៃ​គម្រប​ព្រៃឈើ​ទាំងមូល។

លើស​ពី​នេះ អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ជាង​នេះ​ទៅទៀត គឺ​អត្រា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ក្នុង​នោះ​នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២១ ព្រៃឈើ​ដល់​ទៅ ៨,៣​ភាគរយ​បាន​បាត់បង់ ខណៈ​នៅ​ឆ្នាំ​២០២០ ព្រៃឈើ​ចំនួន ៨,៧៦​ភាគរយ​បាន​បាត់បង់​នៅ​ក្នុង​តំបន់​គម្រោង​រេដបូក។

របាយការណ៍​ដដែល​ថា តំបន់​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​ភាគច្រើន​ត្រូវ​បាន​ប្រែ​ក្លាយ​ទៅជា​ដី​ចម្ការ​ធំៗ ដែល​ភាគច្រើន​ជា​កៅស៊ូ ដំឡូងមី និង​ស្វាយចន្ទី។ នេះ​បើ​យោង​តាម​បទសម្ភាសន៍​ជាមួយ​ពលរដ្ឋ​ក្នុង​តំបន់​ដែល​ដាំ​ដើមឈើ​ឡើងវិញ ខណៈ​សេចក្តី​រាយការណ៍​មួយ​ទៀត​ក៏​បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​មកពី​តំបន់​ផ្សេង​ទៀត ដោយ​មាន​ការ​បើក​ដៃ​ពី​មន្ត្រី​មូលដ្ឋាន ឬ​បុគ្គលិក​ត្រួតពិនិត្យ​ព្រៃឈើ ធ្វើ​ឱ្យ​អ្នក​ស្រុក​ក្នុង​មូលដ្ឋាន​ដោះស្រាយ​ប្រតិបត្តិការ​កាប់​ឈើ និង​ទិញ​ឈើ។

ការ​បាត់បង់​ព្រៃឈើ​ក្នុង​តំបន់​គម្រោង​រេដបូក​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​បរាជ័យ​ក្នុង​ការ​ការពារ​ព្រៃឈើ​លក់​ឱ្យ​កូរ៉េ សម្រាប់​ទាញ​យក​កាបូន ដើម្បី​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ ក្រៅពី​បរាជ័យ​ហើយ រដ្ឋាភិបាល​កម្ពុជា​ទទួល​រង​ការរិះគន់​ដែរ ក្នុង​នោះ​រដ្ឋាភិបាល​កូរ៉េ ថា​ព្រៃឈើ​នៅ​គង់វង្ស​អាស្រ័យ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា។

បើ​តាម​របាយការណ៍​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​បង្ហាញ​ការ​រក​ឃើញ​ថ្មី​មួយ​ជុំវិញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ទ្រង់ទ្រាយ​ធំ។ អង្គការ​នេះ​បង្ហាញ​ក្តី​បារម្ភ​ថា ព្រៃឡង់​ដែល​មាន​ផ្ទៃក្រឡា​ប្រមាណ​កន្លះ​លាន​ហិកតារ គឺ​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ។

ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​ហានិភ័យ​នេះ ស្រប​ពេល​ដែល​ការ​ល្បាត​ព្រៃ​របស់​ប្រជា​សហគមន៍ សកម្មជន​ការពារ​ព្រៃឈើ និង​អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​ហាមឃាត់​ជាង​មួយ​ឆ្នាំ​មក​ហើយ។ លើស​ពី​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សកម្មជន​ការពារ​បរិស្ថាន បាន​ក្លាយ​ជា​គោលដៅ​របស់​អាជ្ញាធរ​ក្នុង​ការរារាំង ហាមឃាត់ ឬ​ចាប់​ខ្លួន​ចំពោះ​ការងារ​ការពារ​បរិស្ថាន​របស់​ពួកគេ​ទៀត​ផង។

ដោយឡែក​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២១ អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន (Global Initiative Against Transnational Organized Crime) បាន​ចេញ​របាយការណ៍​មួយ​ដោយ​រក​ឃើញ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​ចុងក្រោយ​នេះ មាន​អត្រា​ខ្ពស់​បំផុត ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ព្រៃឈើ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ជាង ៥​សែន​ហិកតារ ដែល​ស្មើ​នឹង​ជិត ១២​ភាគរយ​នៃ​គម្រប​ព្រៃឈើ​សរុប៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស