26 C
Phnom Penh

វៀតណាម​ប្រារព្ធ​ខួប​ឯករាជ្យ​ជាតិ ៧៦​ឆ្នាំ ដោយ​ដោះលែង​អ្នកទោស​ជាង ៣០០០​នាក់

បទវិភាគ

ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដែល​ជា​ចំណុច​របត់​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​វៀតណាម ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​នៃ​សង្គ្រាម​វៀតណាម​ខាងត្បូង នា​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៩៧៥។ ថ្ងៃ​នោះ គឺជា​ថ្ងៃ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ហើយ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ទិវា​ឯករាជ្យ​ជាតិ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បច្ចុប្បន្ន។

កាលនោះ មេដឹកនាំ ឬ​សមមិត្ត​ហូជីមិញ បាន​អាន​សេចក្តី​ប្រកាស​ឯករាជ្យ​នៅ​ទីលាន Ba Dinh ដោយ​ប្រកាស​ជា​ផ្លូវការ​នូវ​ឯករាជ្យ​ជាតិ និង​អធិបតេយ្យភាព​របស់​វៀតណាម​ពី​អាណានិគម​និយម​ជប៉ុន និង​បារាំង។ ជាមួយ​នឹង​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ ប្រទេស​វៀតណាម បាន​ប្រកាស​លើកលែង​ទោស​ដល់​អ្នកទោស​ជាង ៣​ពាន់​នាក់។

លោក Le Quoc Hung អនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម និយាយ​ថា អ្នកទោស​ដែល​ជាប់​ពន្ធនាគារ​ពី​បទ​ពុករលួយ ថ្នាំញៀន និង​ទោស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​នោះ ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ដោះលែង​មុន​ដំបូង​គេ ហើយ​បញ្ជី​ឈ្មោះ​អ្នក​ដោះលែង​នោះ រួម​មាន​ជនបរទេស​ចំនួន ២១​នាក់​ផង​ដែរ។

លោក Hung បាន​បដិសេធ​មិន​និយាយ​ថា តើ​អ្នកទោស​នយោបាយ​ប៉ុន្មាន​នាក់​នឹង​ត្រូវ​ដោះលែង​នោះ​ទេ តែ​លោក​អះអាង​ថា ប្រទេស​វៀតណាម​មិន​មាន​អ្នកទោស​នយោបាយ​នោះ​ទេ។

តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch អ្នកទោស​មនសិការ​មាន​ជាង ១៣០​នាក់ បាន​ស្ថិតនៅ​ក្នុង​ការ​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រដ្ឋបាល​ដែល​ប្រកាន់​នយោបាយ​តឹងតែង បាន​ព្យាយាម​បង្ក្រាប​ពួក​អ្នក​ប្រឆាំង ហើយ​បាន​ចាប់​ខ្លួន​អ្នក​រិះគន់ ជាពិសេស​អ្នក​ដែល​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​ព័ត៌មាន​សង្គម​នោះ។ ការិយាល័យ​ប្រធានាធិបតី​វៀតណាម បាន​ប្រកាស​ថា នេះ​ជា​ការ​លើកលែង​ទោស​លើក​ទី​១ នៅ​ក្នុង​រយៈពេល ៤​ឆ្នាំ។

បើ​តាម​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម ក្នុង​ប្រទេស​វៀតណាម មាន​អ្នកទោស​ជាង ១​សែន​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

ជា​ការ​កត់សម្គាល់ រាល់​គ្រប់​បុណ្យ​ជាតិ​ធំៗ ប្រទេស​វៀតណាម តែងតែ​លើកលែង​ទោស និង​ដោះលែង​អ្នកទោស។ តាម​ទម្លាប់ ពិធី​បា្ររព្ធ​ទិវា​ដូចនេះ ធ្វើឡើង​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មាន​ទាំង​ធ្វើ​ក្បួន​ព្យុហយាត្រា​កងទ័ព​ទៀត​ផង។

ទិវា​ជា​ប្រវត្តិសាស្ត្រ​កើត​ចេញពី​ការ​តស៊ូ និង​ពលី​ជីវិត​កងទ័ព និង​ប្រជាជន​វៀតណាម ដែល​មិន​អាច​បំភ្លេច​បាន គឺ​ទិវា​ឯករាជ្យ​ជាតិ ២ កញ្ញា ឆ្នាំ​១៩៤៥ និង​ការ​រំដោះ​ប្រទេស​ពី​សង្គ្រាម​វៀតណាម​ខាងត្បូង ជា​សង្គ្រាម​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​៣០ មេសា ឆ្នាំ​១៩៧៥។ តែ​សម្រាប់​ថ្ងៃ​ទី​២ កញ្ញា នេះ ដែល​វៀតណាម​ចាត់ទុក​ជា​ទិវា​ឯករាជ្យ​របស់​ខ្លួន គឺជា​ជំហាន​ដំបូង​នៃ​ការ​តស៊ូ​វណ្ណៈ​ដឹកនាំ​ដោយ​សមមិត្ត ហូ ជីមិញ។

ប្រវត្តិ​នៃ​ទិវា​ឯករាជ្យ​ជាតិ​វៀតណាម

នៅ​ឆ្នាំ​១៨៨៧ វៀតណាម​ស្ថិតនៅ​ក្រោម​អាណានិគម​របស់​បារាំង។ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ វៀតណាម​កាន់កាប់​ដោយ​ប្រទេស​ជប៉ុន។ នៅ​មុន​ការ​បញ្ចប់​សង្គ្រាម​លោក គឺ​នៅ​ខែ​សីហា សមមិត្ត ហូ ជីមិញ បាន​បង្កើត​បដិវត្តន៍​មួយ​ហៅថា ‘August Revolution’។

នៅ​ពេល​ដែល​ជប៉ុន ចុះចាញ់​ជា​ផ្លូវការ​ចំពោះ​សម្ពន្ធមិត្ត​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ ហូ ជីមិញ មាន​ឱកាស​ដើម្បី​ប្រកាស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ជា​រដ្ឋ​ឯករាជ្យ។

នៅ​ពេល​ជប៉ុន​ដក​ខ្លួន​ត្រឡប់​ទៅវិញ កងកម្លាំង​បារាំង​ក៏​ដណ្តើម​បាន​វៀតណាម​ខាងត្បូង ហើយ​បើក​កិច្ចពិភាក្សា​ជាមួយ​ពួក​កុម្មុយនីស្ត​វៀតណាម ដែល​ដឹកនាំ​ដោយ​សមមិត្ត ហូ ជីមិញ។ ជំនួប​នោះ​ពុំ​រក​លទ្ធផល​ឃើញ​ឡើយ ដោយ​ដួល​រលំ​នៅ​ឆ្នាំ​១៩៤៦ ហើយ​យន្តហោះ​បារាំង​បាន​ទម្លាក់​គ្រាប់បែក​នៅ​ទីក្រុង​ហៃហ្វុង ភាគ​ខាងជើង​ប្រទេស​វៀតណាម ដោយ​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់។ ពេល​នោះ ភ្លក់​ភ្លើង​សង្គ្រាម​មួយ​ទៀត​ក៏​បាន​ឆាបឆេះ​ឡើង គឺ​វៀតមិញ បាន​បើក​ការវាយប្រហារ​ប្រឆាំង​នឹង​បារាំង នៅ​ទីក្រុង​ហាណូយ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​១៩៤៦ ដែល​ជា​ការ​ចាប់ផ្តើម​នៃ​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​មួយ។ ក្នុង​អំឡុង​សង្គ្រាម គឺ​សហរដ្ឋ​អាមេរិក បាន​ជួយ​ដល់​កងកម្លាំង​វៀតណាម​ខាងត្បូង និង​បារាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​កុម្មុយនីស្ត។ តែ​អាមេរិក​ពេល​នោះ​ជួយ​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ។

នៅ​ឆ្នាំ​១៩៥៤ បារាំង​បាន​បរាជ័យ​យ៉ាង​ធំ​នៅ​សមរភូមិ​ឌៀនបៀនភូ នៅ​ភាគ​ពាយ័ព្យ​ប្រទេស​វៀតណាម ដែល​ជំរុញ​ឱ្យ​មាន​ការចរចា​សន្តិភាព និង​ការបែងចែក​វៀតណាម​ជា​ពីរ។

នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​១៩៥៤ បារាំង​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​ឥណ្ឌូចិន ដោយ​បារាំង​សុខចិត្ត​ប្រគល់​ឯករាជ្យ​ដល់​វៀតណាម ក៏ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ​ក្រុង​ហ្សឺណែវ នា​ពេល​នោះ ប្រទេស​វៀតណាម ត្រូវ​បាន​បន្ត​ទុក​ឲ្យ​នៅ​ពុះ​ចែក​ជា​ពីរ​ដដែល ដោយ​បាន​ត្រឹមតែ​កំណត់​ថា វៀតណាម​ទាំង​ពីរ​នឹង​ត្រូវ​បង្រួបបង្រួម​គ្នា​មក​វិញ​នៅ​ក្រោយ​ការបោះឆ្នោត​ជាតិ​មួយ ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​វៀតណាម នៅ​ឆ្នាំ​១៩៥៦ ប៉ុន្តែ​ពុំ​មាន​ឱកាស​បោះឆ្នោត​ឡើយ។

នៅ​ពេល​បារាំង​ចាញ់​សង្គ្រាម​នៅ​ឌៀនបៀនភូ ក៏​សហរដ្ឋ​អាមេរិក​ហក់​ចូល​ក្នុង​សង្គ្រាម​ជំនួស​បារាំង តែ​បន្តិច​ម្ដងៗ​រហូត​ជួយ​វៀតណាម​ខាងត្បូង​ពេញ​ទំហឹង។

នៅ​ពេល​នោះ វៀតណាម​ត្រូវ​បាន​បែងចែក​ទៅ​ជា​តំបន់​ភាគ​ខាងជើង និង​ខាងត្បូង។ អ្នក​ខ្លះ​ថា​សមមិត្ត ហូ ជីមិញ គ្រប់គ្រង​វៀតណាម​ខាងជើង និង​អធិរាជ​បាវដាយ គ្រប់គ្រង​វៀតណាម​ខាងត្បូង។

នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ ហូ ជីមិញ បាន​រៀបចំ​ចលនា​ទ័ព​ព្រៃ​កុម្មុយនីស្ត​មួយ​នៅ​ភាគ​ខាងត្បូង ហៅថា​វៀតកុង។

វៀតណាម​ខាងជើង​ងើប​ឡើង​ប្រឆាំង​របប​នៅ​វៀតណាម​ខាងត្បូង ដែល​គាំទ្រ​ដោយ​អាមេរិក ហើយ​ចាប់ផ្តើម​សង្គ្រាម​ពេញ​ទំហឹង​នៅ​ឆ្នាំ​១៩៦៤។ ខណៈ​សង្គ្រាម​ផ្ទុះ​ពេញ​ទំហឹង សមមិត្ត ហូ ជីមិញ ក៏​ទទួល​មរណភាព គឺ​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​១៩៦៩ គឺ ២៥​ឆ្នាំ​បន្ទាប់ពី​ប្រកាស​ឯករាជ្យ​របស់​វៀតណាម​ពី​ជប៉ុន និង​បារាំង។

រយៈពេល​ជិត ៦​​ឆ្នាំ កងទ័ព ហូ ជីមិញ ក៏​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្រួបបង្រួម​វៀតណាម​ខាងជើង និង​ខាងត្បូង​ឡើងវិញ​ក្រោម​ការ​គ្រប់គ្រង​កុម្មុយនីស្ត។

សៃហ្គន អតីត​ទីក្រុង​ព្រៃនគរ ជា​រដ្ឋធានី​នៃ​ប្រទេស​វៀតណាម​ខាងត្បូង បាន​ធ្លាក់​ក្រោម​ការ​កាន់កាប់​ដោយ​កងទ័ព​វៀតណាម​ខាងជើង នៅ​ថ្ងៃ​ទី​៣០ មេសា ឆ្នាំ​១៩៧៥ បន្ទាប់ពី​អាមេរិក​សម្រេច​ដក​ទ័ព និង​បិទ​បញ្ចប់​សង្គ្រាម​នៅ​វៀតណាម​ខាងត្បូង។ សៃហ្គន ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅជា​ទីក្រុង​ហូជីមិញ។

ដើម្បី​អបអរ​សាទរ​ទិវា​ឯករាជ្យ​ជាតិ​វៀតណាម ខួប ៧៦​ឆ្នាំ រដ្ឋាភិបាល​កុម្មុយនីស្ត​នៃ​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ​បាន​ប្រកាស​ដោះលែង​អ្នកទោស​ជាង ៣​ពាន់​នាក់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស