27 C
Phnom Penh

អ្នកវិភាគ៖ ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ដោយ​មិន​កំណត់ គឺ​បង្ហាញ​ពី​ទង្វើ​អយុត្តិធម៌​ធ្ងន់ធ្ងរ

បទវិភាគ

អ្នក​ការពារ​រដ្ឋធម្មនុញ្ញ​ខ្មែរ ព្រមាន​ថា ការ​បន្ត​នីតិវិធី​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដោយ​មិន​កំណត់​ថ្ងៃ​បើក​សវនាការ​ដូច​បច្ចុប្បន្ន​នេះ គឺ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​នូវ​ភាព​អយុត្តិធម៌​ក្នុង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកវិភាគ​នយោបាយ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ បាន​ចោទ​ជា​សំណួរ​នៅ​លើ​គណនី Facebook របស់​លោក នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា ហេតុ​អ្វី​មេដឹកនាំ​នយោបាយ​ធំៗ​របស់​ខ្មែរ​ប្រព្រឹត្ត​ទង្វើ​អសីលធម៌​រហូត​ដល់​ថ្នាក់​យក​សេរីភាព និង​អាយុ​ជីវិត​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ធ្វើជា​ល្បែង​ភ្នាល់​ចាញ់​ឈ្នះ​សម្រាប់​ផលប្រយោជន៍​របស់​ខ្លួន​បែប​នេះ។

លោក​លើកឡើង​ថា ប្រសិនបើ​សំណុំរឿង​លោក កឹម សុខា ជា​សំណុំរឿង​ស្ថិត​ក្នុង​ការចាត់ចែង​របស់​តុលាការ នោះ​ករណី​នេះ​នឹង​ត្រូវ​បាន​ជំនុំ​ជម្រះ​កាត់​សេចក្តី​រួច​ស្រេច​ទៅ​ហើយ ពីព្រោះ​តុលាការ​អាច​ឃុំ​ខ្លួន​ជន​សង្ស័យ​យ៉ាង​យូរ​បាន​តែ ១៨​ខែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ករណី​របស់​លោក កឹម សុខា បាន​អូស​បន្លាយ​ពេល​ជំនុំ​ជម្រះ​ក្តី​ជាបន្តបន្ទាប់ នៅតែ​មិន​ទាន់​បើក​សវនាការ​បាន​នៅឡើយ ដូច្នេះ​សំណុំរឿង​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​រឿង​នយោបាយ​សុទ្ធសាធ។

បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​កម្លាំង​នយោបាយ​ធំ​មួយ​តំណាង​ឱ្យ​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​កម្លាំង​មេដឹកនាំ​ប្រឆាំង​រូប​នេះ គឺជា​សត្រូវ​ធំ​ណាស់​របស់​លទ្ធិកុម្មុយនីស្ដ​ផ្ដាច់ការ ហើយ​ភស្តុតាង​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ពេលនេះ គឺ​ការ​ប្រើ​ល្បិច​ឃុំ​ខ្លួន​លោក​ដោយ​រំលោភ​នីតិវិធី​ច្បាប់។

ការ​លើកឡើង​របស់​បណ្ឌិត ឡៅ ម៉ុងហៃ ចំ​ថ្ងៃ​គម្រប់​ខួប ៤​ឆ្នាំ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​តាំងពី​ឆ្នាំ​២០១៧ មក។

មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជិតស្និទ្ធ​នឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ម្សិលមិញ​ថា នៅ​យប់​ថ្ងៃ​ទី​២ ខែ​កញ្ញា កាលពី ៤​ឆ្នាំ​មុន​ជា​យប់​ដែល​សមាជិក និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ក្ដី​រន្ធត់​យ៉ាង​ខ្លាំង ក្រោយ​ទទួល​ដំណឹង​ថា កម្លាំង​របស់​លោក ហ៊ុន សែន បាន​ចាប់​លោក កឹម សុខា ទាំង​យប់​កណ្តាល​អាធ្រាត្រ ដោយ​បំពាន​លើ​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្ត្រ និង​បំពាន​ច្បាប់​ទាំងស្រុង។

ចំណែក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក សួន រីដា រិះគន់​ថា អ្នក​ប្រឌិត​បទ​ចោទ​ពី​បទ​ក្បត់​ជាតិ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​មនុស្ស​អគុណធម៌​បំផុត ព្រោះថា​លោក កឹម សុខា មិន​ដែល​ចុះហត្ថលេខា​កាត់​ទឹកដី​ឱ្យ​បរទេស មិន​ធ្លាប់​មាន​ប្រវត្តិ​បាតដៃ​ប្រឡាក់​ឈាម ហើយ​ក៏​មិន​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ដោយ​ការ​លក់​ធនធាន​ធម្មជាតិ​ដូច​ពួក​អ្នក​មាន​អំណាច​ដែល​គេ​ធ្លាប់​បាន​ធ្វើ​នោះ​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស។ ក្រោយ​ការ​ចាប់​ខ្លួន លោក​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ឃុំឃាំង​នៅ​គុក​ត្រពាំងផ្លុង អស់​រយៈពេល ១​ឆ្នាំ។ នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​អ្នក​ដទៃ ឬ​ចាកចេញ​ពី​គេហដ្ឋាន​របស់​ខ្លួន​ឡើយ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពេល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​យប់​នៅ​គេហដ្ឋាន​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទើប​លោក កឹម សុខា ត្រូវ​បាន​ផ្តល់​សិទ្ធិ​សេរីភាព​មួយ​កម្រិត​ទៀត គឺ​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​ត្រូវ​ហាមប្រាម​ការ​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស​ជាដាច់ខាត។

ទោះជាយ៉ាងណាក៏ដោយ រហូត​មក​ទល់​នឹង​ពេលនេះ លោក​នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះថា​លោក កឹម សុខា មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណាមួយ​នៅឡើយ​ទេ ខណៈ​តុលាការ​កម្ពុជា​ប្រកាស​ផ្អាក​សវនាការ​របស់​លោក​ជាបន្តបន្ទាប់ ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ មក​ម្ល៉េះ ក្រោម​លេស​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19។

ជុំវិញ​បញ្ហា​នេះ កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព លោក ហ៊ុន សែន បាន​អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ក្រោយ​ការបោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ឯណោះ។

របាយការណ៍​មួយ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) ស្ដីពី​នីតិរដ្ឋ​នៅ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០២០ បាន​ផ្តល់​ពិន្ទុ​ឲ្យ​កម្ពុជា​ជាប់​លេខ​រៀង​ទី​១២៧ ក្នុង​ចំណោម​ប្រទេស​ចំនួន ១២៨ នៅ​ជុំវិញ​ពិភពលោក ដោយ​បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​អាក្រក់​បំផុត​នៅ​ក្នុង​លោក ប៉ុន្តែ​ល្អ​​​ជាង​តែ​ប្រទេស​វេណេហ្ស៊ុយអេឡា តែ​មួយ​ប៉ុណ្ណោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស