35 C
Phnom Penh

ACU ចាប់​ខ្លួន​ប្រធាន​និង​អនុប្រធាន​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ក្រចេះ​បន្ទាប់ពី​សង​លុយ​ពុករលួយ​ទៅ​ម្ចាស់​ដើម​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចាប់​ខ្លួន​ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ជាមួយ​អនុប្រធាន​ម្នាក់​ទៀត​អស់​រយៈពេល​ជិត​កន្លះ​ខែ​មក​ហើយ ប៉ុន្តែ​មិនទាន់​បញ្ជូន​ករណី​នេះ​ទៅ​តុលាការ​ខេត្ត​នៅឡើយ។

ប្រភព​ពី​មន្ត្រី​សុខាភិបាល និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ កំពុង​ទទឹង​រង់ចាំ​មើល​លទ្ធផល​នៃ​ចំណាត់ការ​របស់ ACU បញ្ជូន​ជន​ពុករលួយ​ទាំងនោះ​ឡើង​តុលាការ ដោយ​មិន​មាន​ការ​យោគយល់ ដើម្បី​ជា​គំរូ​ល្អ​ដល់​អ្នក​ឯ​ទៀត​កុំ​ឱ្យ​ធ្វើ​តម្រាប់​តាម។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​ពួកគេ​ទាំង​ពីរ​នាក់ គឺ​មាន​រយៈពេល​យូរ​ថ្ងៃ​មក​ហើយ នៅ​មិន​ឃើញ​បញ្ជូន​ជន​សង្ស័យ​ឡើង​តុលាការ​ទៀត។ ករណី​នេះ អាច​ទំនង​ជា​ខ្លាច​បែកការ​រាលដាល​ដឹង​ដល់​ខេត្ត​ផ្សេងៗ​ទៀត ដែល​មាន​លក្ខណៈ​ពុករលួយ​របៀប​ដូចៗ​គ្នា។

លោក ទឺ ប៊ុនឡេង ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ និង​លោក ជាង សុខអេង អនុប្រធាន​ការិយាល័យ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចាប់​ខ្លួន​បន្ទាប់ពី​មាន​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​សុខាភិបាល​ក្នុង​ខេត្ត​ក្រចេះ ដោយ​បាន​រងគ្រោះ​ក្នុង​អំពើពុករលួយ និង​គាបសង្កត់​ក្រោម​អំណាច​របស់​អ្នក​ទាំង​ពីរ ព្រមទាំង​ប្រមូល​បាន​ភស្តុតាង​ជាច្រើន​ថែមទៀត។

ACU បាន​បង្ខំ​ឲ្យ​ប្រធាន និង​អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ទាំង​ពីរ​រូប​នេះ​សង​លុយ​ទៅ​មន្ត្រី​ជាប់​កិច្ចសន្យា​ក្នុង​បេសកកម្ម​ប្រឆាំង​ជំងឺ Covid-19 ទាំង ១៣០​នាក់​នោះ​វិញ​គ្រប់​ចំនួន​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី ១​ម៉ឺន​ទៅ ១​ម៉ឺន ៣​ពាន់​ដុល្លារ​អាម៉េរិក។

លោក ទឺ ប៊ុនឡេង ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ត្រូវ​បាន​អ្នក​ដឹកនាំ​មន្ត្រី​រាជការ​ធ្វើការ​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ និង​មណ្ឌល​សុខភាព​ទាំងអស់​ក្នុង​ខេត្ត​ក្រចេះ ប្ដឹង និង​លាតត្រដាង​អំពើពុករលួយ​កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ ទៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​អភិបាល​ខេត្ត ស្នើសុំ​ឱ្យ​មាន​ការ​ស៊ើបអង្កេត និង​ចាត់​វិធានការ។

ប្រភព​ពី​មន្ត្រី​សុខាភិបាល​ខេត្ត​ក្រចេះ បាន​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ឈ្មោះ ទឺ ប៊ុនឡេង និង​លោក ជាង សុខអេង បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដូច​ការ​ចោទ​ប្រកាន់​ពិតប្រាកដ​មែន។ ពួកគេ​ប្រព្រឹត្ត​អំពើពុករលួយ និង​ប្រើ​អំណាច​ជា​មន្ត្រី​រដ្ឋបាល គាបសង្កត់ គំរាមកំហែង​ដល់​បុគ្គលិក​ពេទ្យ ឬ​មន្ត្រី​ថ្នាក់​ក្រោម​ជា​ថ្នូរ​នឹង​ប្រាក់​សំណូក​ជាច្រើន​ឆ្នាំ​មក​ហើយ ព្រមទាំង​ធ្វើការ​ខុស​បច្ចេកទេស និង​ខុស​គោលការណ៍​ក្រសួង​ជាដើម។

ទោះ​យ៉ាងណា ប្រភព​ដដែល​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​បុគ្គល​ពីរ​រូប​នេះ គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ដោយសារតែ​លោក ឈ្នាង សុវុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ក៏​បាន​ទទួល​លុយ​ពី​អំពើពុករលួយ​នេះ​ដែរ។ មិន​ត្រឹម​តែប៉ុណ្ណោះ លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ដែល​ត្រូវ​ជា​ក្មួយ​ប្រសា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​នេះ​ដែរ។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​ទៅ​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ទាក់ទង​នឹង​ការ​រំលេច​ឈ្មោះ​របស់​លោក​ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស