38 C
Phnom Penh

នាយករដ្ឋមន្ត្រី​ជប៉ុន​ម្នាក់​ទៀត​ប្រកាស​លាលែង​ពី​តំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga បាន​ប្រកាស​ថា រូប​លោក​នឹង​លាលែង​ចេញពី​តំណែង​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ការ​ប្រកាស​នេះ បាន​កើតមាន​ឡើង​ខណៈ​លោក Suga ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទើប​តែ​កាន់​តំណែង​បាន​ត្រឹម​មួយ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ប្រជាប្រិយភាព​របស់​លោក​ក៏​ចាប់ផ្ដើម​ធ្លាក់​ចុះ​ខ្លាំង​ដោយសារ​វិបត្តិ COVID-១៩។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​៣ កញ្ញា ថា លោក Suga នឹង​លាលែង​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ជប៉ុន យ៉ាង​យូរ​នៅ​សប្ដាហ៍​ក្រោយ ហើយ​លោក​នឹង​មិន​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី ម្តង​ទៀត​ដែល​នឹង​ធ្វើឡើង​នៅ​ចុង​ខែ​កញ្ញា នេះ​ទេ។

លោក​ក៏​បាន​ប្រកាស​ដែរ​ថា​នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជប៉ុន ម្តង​ទៀត​ដែរ​នៅ​ក្រោយ​ពេល​ចប់​អាណត្តិ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ខាងមុខ។

លោក Suga បាន​ប្រកាស​ប្រាប់​អ្នកកាសែត​ថា លោក​ចង់​ទុក​កម្លាំង​ថាមពល និង​ពេលវេលា​ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ-១៩ ដែល​កំពុង​អង្រួន​ប្រទេស​ជប៉ុន នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​លោក​ក៏​ចង់​ឃើញ​នាយករដ្ឋមន្ត្រី​ជំនួស​រូប​លោក​មាន​សមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​ការ​រាតត្បាត​ដ៏​កំណាច​នេះ។

ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន នេះ គឺ​ស្រប​ពេល​ដែល​ប្រជាប្រិយភាព​របស់​លោក ក៏ដូចជា​រដ្ឋាភិបាល​លោក បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

យោង​តាម​គណបក្ស LDP អ្នក​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​យក​តំណែង​ជា​ប្រធាន​បក្ស​កាន់​អំណាច​មួយ​នេះ នឹង​ត្រូវ​ដឹកនាំ​បក្ស​ទាំងមូល​ទៅ​ចូលរួម​ការ​បោះឆ្នោត​សកល ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២១ នេះ។

ជុំវិញ​ការប្រកាស​លាលែង​ចេញពី​តំណែង​នេះ​ដែរ អគ្គលេខាធិការ​នៃ​បក្ស​កាន់​អំណាច​នៅ​ជប៉ុន LDP លោក Toshihiro Nikai បាន​និយាយ​ថា លោក​ពិតជា​មាន​ការ​ភ្ញាក់ផ្អើល ប៉ុន្តែ​លោក​ជឿជាក់​ថា នេះ​ជា​ការ​សម្រេច​ចិត្ត​ដែល​លោក​នាយករដ្ឋមន្ត្រី​ត្រូវ​តែ​ធ្វើ បន្ទាប់ពី​ការ​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន ហើយ​បក្ស​ក៏​បាន​ទទួល​យក​ការ​សម្រេច​ចិត្ត​នេះ​រួច​ហើយ​ដែរ។

ប៉ុន្តែ​ដើមហេតុ​ដែល​នាំ​ឱ្យ​លោក Yoshihide Suga ប្រកាស​ចុះចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី គឺ​បន្ទាប់ពី​មាន​ការ​ស្ទង់មតិ​មួយ​របស់​សារព័ត៌មាន Nikkei Review ដោយ​បាន​បង្ហាញ​ថា លោក Suga ធ្លាក់​ចុះ​ប្រជាប្រិយភាព​ជា​ខ្លាំង។ យោង​តាម​ការ​ស្ទាបស្ទង់​មតិ​នេះ រដ្ឋាភិបាល​របស់​លោក​បាន​ទទួល​ការ​ពេញចិត្ត​ពី​ប្រជាជន​ជប៉ុន មិន​ដល់ ៣០% ផង​ទេ។

ប្រជាជន​ជប៉ុន​ភាគច្រើន​បាន​រិះគន់​រដ្ឋាភិបាល​របស់​លោក ដែល​មានះ​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូក្យូ ខណៈ​ដែល​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ-១៩ មាន​ស្ថានភាព​ធ្ងន់ធ្ងរ។ ជាង​នេះ​ទៀត យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​នៅ​ជប៉ុន បាន​ដំណើរការ​ទៅ​យឺតយ៉ាវ​ជា​ខ្លាំង។

បញ្ហា​ធំ​បំផុត​ដែល​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​លោក Suga ធ្លាក់​ចុះ​នោះ គឺ​ការ​ដោះស្រាយ​វិបត្តិ COVID-19 មិន​មាន​ប្រសិទ្ធភាព។ ការ​សម្រេច​ចិត្ត​របស់​លោក Suga ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​បើក​ផ្លូវ​ឲ្យ​គណបក្ស LDP ស្ដារ​មុខមាត់​ឡើងវិញ​ចំពោះ​ការ​បោះឆ្នោត​សភា​ដែល​នឹង​ធ្វើ​នៅ​ខែ​ក្រោយ​នេះ។

ក្នុង​វ័យ ៧២​ឆ្នាំ លោក Suga បាន​ចូល​មក​កាន់​តំណែង​បន្ត​ពី​លោក ស៊ីនហ្សូ អាបេ កាលពី​ខែ​កញ្ញា ឆ្នាំ​២០២០ បន្ទាប់ពី​លោក អាបេ លា​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី ដោយសារ​បញ្ហា​សុខភាព។

ហេតុ​អ្វី​មេដឹកនាំ​ប្រទេស​ជប៉ុន ងាយ​លាលែង​ពី​តំណែង ខណៈ​មេដឹកនាំ​ប្រទេស​ខ្លះ​មិន​អាច​ធ្វើ​ដូចនេះ​បាន?

ការលាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន គឺ​ទាំង​លោក ស៊ីនហ្សូ អាបេ និង​លោក Suga ដែល​អ្នក​ទាំង​ពីរ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ដូច​គ្នា បាន​ធ្វើ​ឱ្យ​ប្រទេស​ជប៉ុន ក្នុង​រយៈពេល ២​ទសវត្ស​មកនេះ​មាន​នាយករដ្ឋមន្ត្រី​ដល់​ទៅ ៦​រូប​ហើយ ដែល​សម្រេច​ចិត្ត​ដូចនេះ។ បើ​គិត​ពី​ចំនួន​នេះ គឺ​ក្នុង​រយៈពេល ២០​ឆ្នាំ​មាន​នាយករដ្ឋមន្ត្រី​ចំនួន ៦​រូប​ឯណោះ​បាន​លាលែង​ចេញពី​តំណែង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​អន្តរជាតិ​មើល​ឃើញ​ថា ជប៉ុន​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​លេចធ្លោ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​អាស៊ី និង​នៅ​ក្នុង​ពិភពលោក ដែល​មាន​មេដឹកនាំ​ចិត្ត​សឿង​ហ៊ាន​លាលែង​ពី​តំណែង​កំពូល​របស់​ខ្លួន។

ការណ៍​នេះ​ក៏​ក្លាយ​ជា​ចំណោទ​មួយ​ផង​ដែរ​ថា ហេតុ​អ្វី​បាន​ជា​បណ្ដា​ប្រទេស​ខ្លះ​ដែល​ក្នុង​នោះ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ផង​ដែរ តែ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច គឺ​មេដឹកនាំ​ប្រទេស​នោះ​កម្រ​នឹង​ធ្វើ​ដូចនេះ​កើត​ណាស់។

មាន​មេដឹកនាំ​ខ្លះ​បាត់បង់​ទំនុក​ចិត្ត​ការ​គាំទ្រ​ពី​ប្រជាជន និង​សមាជិក​រដ្ឋសភា ហើយ​មេដឹកនាំ​ដែល​រង​ការ​ចោទប្រកាន់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ដូចជា​បំពាន​អំណាច​រដ្ឋ អំពើពុករលួយ ឧក្រិដ្ឋកម្ម តែ​បែរជា​មិន​អាច ឬ​មិនព្រម​ទម្លាក់​អំណាច​ខ្លួន​នោះ​ទេ។ មេដឹកនាំ​ខ្លះ​សុខចិត្ត​ក្រាញ​អំណាច សុខចិត្ត​បញ្ជា​ឱ្យ​ស្ថាប័ន​បោះឆ្នោត​លួច​សន្លឹកឆ្នោត ជួយ​កែ​តួលេខ​លទ្ធផល​បោះឆ្នោត​មក​ឱ្យ​ខ្លួន ដើម្បី​បាន​កាន់​អំណាច​បន្ត​ទៀត។

មិនតែប៉ុណ្ណោះ ក៏​មាន​មេដឹកនាំ​ខ្លះ​ទៀត​ហ៊ាន​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​ពី​បក្ស​ឈ្នះ​ឆ្នោត បង្គាប់​ឱ្យ​តុលាការ​រំលាយ​បក្ស​ប្រឆាំង និង​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ទៀត​ផង ជាពិសេស​ដូចជា​មេដឹកនាំ​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ភូមា ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស