27 C
Phnom Penh

បទវិភាគ៖ តើ​អ្នក​ណា​ជា​មនុស្ស​គន្លឹះ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ?

បទវិភាគ

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ព្រមព្រៀង​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ប៉ុន្តែ​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​សឹង​កន្លះ​នគរ​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧។

តើ​អ្នក​ណា​ជា​មនុស្ស​គន្លឹះ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ? ហើយ​ថា​តើ​មាន​អ្វី​ជា​ចំណុច​សំខាន់​បំផុត​មុន​នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ?

នៅ​ខែ​សីហា ឆ្នាំ​២០១៧ លោក អូន ព័ន្ធមុន្នីរ័ត្ន ត្រូវ​បាន​រាជបណ្ឌិត្យសភា​កម្ពុជា ស្នើសុំ​គោរមងារ​ជា «អគ្គបណ្ឌិត​សភាចារ្យ» ហើយ​គាត់​ទទួល​បាន​នូវ​គោរមងារ​ដ៏​អស្ចារ្យ​នេះ​នៅ​ឆ្នាំ​២០១៨។ នេះ​ជា​គោរមងារ​ខ្ពស់​ផុត​គេ​ឯង​សម្រាប់​សមាជិក​គណៈរដ្ឋមន្ត្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា។

ពួក​អ្នកជំនាញ​ភាសា​អង់គ្លេស​រក​ពាក្យ​ត្រឹមត្រូវ​ទៅ​បកប្រែ​សម្រួល​គោរមងារ​នេះ​មិន​បាន។ តើ​គួរ​ប្រើ​ពាក្យ Highest Doctor ឬ Supreme Doctor ឬ General Doctor ឬ Super Doctor ឬ​ពាក្យ​ណា​ផ្សេង​ទៀត? ប៉ុន្តែ​មនុស្ស​ថ្នាក់ក្រោម​របស់​លោក អូន ព័ន្ធមុន្នីរ័ត្ន សរសេរ​ហៅ​គោរមងារ «អគ្គបណ្ឌិត​សភាចារ្យ» របស់​គាត់​ជា​ភាសា​អង់គ្លេស​ថា «Super Doctor» ដែល​អាច​និយាយ​ឲ្យ​ស្រួល​យល់​ថា «បណ្ឌិត​កំពូល ឬ​បណ្ឌិត​អស្ចារ្យ» ជា​ករណី​ដែល​មាន​តែ​មួយ​នៅ​ក្នុង​ពិភពលោក។

លោក អូន ព័ន្ធមុន្នីរ័ត្ន

ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨ លោក អូន ព័ន្ធមុន្នីរ័ត្ន ក៏​ត្រូវ​ដំឡើង​ជា​ឧបនាយករដ្ឋមន្ត្រី។ ក្រោយ​មក​ទៀត លោក ហ៊ុន សែន ថែមទាំង​អះអាង​ថា លោក អូន ព័ន្ធមុន្នីរ័ត្ន ក៏​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​មួយ​រូប​ក្នុង​បណ្ដា​បេក្ខភាព​ទាំងឡាយ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។ រីឯ​លោក កើត រិទ្ធ ដែល​ជា​រដ្ឋលេខាធិការ ក៏​ត្រូវ​លើក​ទឹកចិត្ត​ផ្ដល់​រង្វាន់​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ដែរ។

ហេតុ​អ្វី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​លើក​កិត្តិយស​ខ្ពស់​យ៉ាង​នេះ?

ចម្លើយ​សម្រាប់​សំណួរ​នេះ គឺ​ដោយសារតែ​ពួកគាត់​ជា​មនុស្ស​គន្លឹះ​ក្នុង​ផែនការ​ចាប់​លោក កឹម សុខា ដាក់​គុក និង​លេង​ល្បែង​នយោបាយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ល្បិចកល​ជួយ​លោក ហ៊ុន សែន ឲ្យ​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​បាន។

អ្នកវិភាគ​នយោបាយ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់ The Cambodia Daily ថា លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៧ បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ជ្រួលច្របល់​ខ្លាំង​ណាស់។ លោក​បាន​ពន្យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ ដណ្ដើម​បាន​សន្លឹកឆ្នោត​ទូទាំង​ប្រទេស​ជិត ៤៤% ប្រកៀកប្រកិត​គ្នា​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​សំឡេង ៥០% ក្រោយ​ពី​ប្រឹង​លួច​បន្លំ​គ្រប់​រូបភាព​ដែល​ជា​ការរិះគន់​របស់​មជ្ឈដ្ឋាន​នានា ជាពិសេស​ប្រជាពលរដ្ឋ​ម្ចាស់​សន្លឹកឆ្នោត អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ។

គណបក្ស​សង្គ្រោះ​ជាតិ ដណ្ដើម​បាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាង ៥​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស ប្រកៀក​គ្នា​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​ជាង ៦​ពាន់​នាក់។

បើ​ប្រៀបធៀប​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ កន្លងទៅ​នេះ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចាញ់​ប្រៀប​គណបក្ស​ប្រជាជន​កម្ពុជា​តែ​បន្តិចបន្តួច​មែន ប៉ុន្តែ​បើ​គេ​ប្រមូល​ទិន្នន័យ​នៃ​ការបោះឆ្នោត​តាម​មណ្ឌល​នីមួយៗ ជាពិសេស​នៅ​មណ្ឌល​ធំៗ​ទៅ​បែងចែក​ជា​អាសនៈ​សភា​តាម​រូបមន្ត​សព្វថ្ងៃ​វិញ គណបក្ស​សង្គ្រោះ​ជាតិ​សម្លឹង​ឃើញ​រួច​ជា​សម្រេច​ទៅ​ហើយ​នូវ​ការ​ឈ្នះ​ឆ្នោត​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨។

លោក គឹម សុខ អះអាង​ថា នេះ​ជា​មូលហេតុ​ចម្បង​ដែល​លោក អូន ព័ន្ធមុន្នីរ័ត្ន និង​លោក កើត រិទ្ធ រួម​គ្នា​បង្កើត​ឧបាយកល​នយោបាយ​កម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​មុន​ឆ្នាំ​២០១៨។

លោក ហ៊ុន សែន ពិតជា​អ្នក​សម្រេច​ចិត្ត​មែន ប៉ុន្តែ​លោក អូន ព័ន្ធមុន្នីរ័ត្ន ជា​អ្នក​រៀប​ល្បិច​លេង​ល្បែង​នេះ ដោយ​សហការ​គ្នា​ជាមួយ​លោក កើត រិទ្ធ។

លោក កើត រិទ្ធ

តើ​លោក អូន ព័ន្ធមុន្នីរ័ត្ន និង​លោក កើត រិទ្ធ បាន​ធ្វើ​អ្វី​ជា​ចាំបាច់​មុន​នឹង​ផ្ដល់​យោបល់​ឲ្យ​លោក ហ៊ុន សែន ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដាក់​គុក​ត្រពាំងផ្លុង​ទាំង​យប់​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ និង​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នោះ?

លោក អូន ព័ន្ធមុន្នីរ័ត្ន ដែល​ជា​ប្រធាន​គណៈ​ពង្រឹង​ស្រុក​ខ្សាច់កណ្ដាល និង​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក កើត រិទ្ធ ដែល​ជា​មន្ត្រី​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កណ្ដាល កៀក​នឹង​លោក ហ៊ុន សែន ដែរ បាន​ធ្វើ​ការ​ស្ទង់មតិ​ជា​សម្ងាត់​មួយ​នៅ​ស្រុក​ខ្សាច់កណ្ដាល និង​ស្រុក​ល្វាឯម ជា​តំបន់​ដែល​ខ្លួន​កាន់កាប់។ ល្បែង​នេះ គឺ​លោក អូន ព័ន្ធមុន្នីរ័ត្ន និង​លោក កើត រិទ្ធ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៧ បាន​រៀប​ឲ្យ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ពី​សហភាព​សហព័ន្ធ​យុវជន​របស់​លោក ហ៊ុន ម៉ានី ដើរ​តួនាទី​ជា​ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចុះ​ទៅ​ធ្វើ​ការ​ស្ទង់មតិ​ពលរដ្ឋ​ចំនួន ១​ម៉ឺន​នាក់​ក្នុង​ស្រុក​ទាំង​ពីរ​នេះ ដើម្បី​ចង់​ដឹង​អំពី​ជំហរ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ។

មាន​សំណួរ​ជាច្រើន​ក្នុង​ល្បែង​ស្ទង់មតិ​មិន​ចំហ​នេះ ប៉ុន្តែ​មាន​សំណួរ​៤ ដែល​ពួក​អ្នក​ស្ទង់មតិ​ផ្ដោត​អារម្មណ៍​បំផុត។

  • សំណួរ​ទី​១ សួរ​ថា បើ​លោក សម រង្ស៊ី នៅ​ក្រៅ​ប្រទេស ហើយ​លោក កឹម សុខា ជា​អ្នក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តើ​ពលរដ្ឋ​គាំទ្រ​ឬ​ទេ? ពេល​នោះ​ប្រជាពលរដ្ឋ​ប្រមាណ ៨៧% ឆ្លើយ​ថា​នៅតែ​គាំទ្រ។
  • សំណួរ​ទី​២ សួរ​ថា បើ​លោក សម រង្ស៊ី ហ៊ាន​ចូល​ប្រទេស​កម្ពុជា នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ តើ​ប្រជាពលរដ្ឋ​ទៅ​ទទួល​ឬ​ទេ? ពេល​នោះ​ប្រជាពលរដ្ឋ​ជាង ៧៦% ឆ្លើយ​ថា​ទៅ​ទទួល។ ពេល​សួរ​ថា ខ្លាច​ទេ(?) យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ជាង ៦២% ឆ្លើយ​ថា ទោះ​ខ្លាច​ក៏​នៅតែ​ទៅ​ទទួល​ដែរ។
  • សំណួរ​ទី​៣ សួរ​ថា តើ​ប្រជាពលរដ្ឋ​យល់​យ៉ាងណា​ចំពោះ​គុណ​របស់​សម្ដេច​តេជោ ដែល​ខំ​កសាង​ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម? ពេល​នោះ​ប្រជាពលរដ្ឋ ៨២% ឆ្លើយ​ថា ការ​សាងសង់​ជា​ការងារ​របស់​អ្នក​ឈ្នះ​ឆ្នោត វា​ជា​រឿង​ធម្មតា។
  • សំណួរ​ទី​៤ សួរ​ថា តើ​ប្រជាពលរដ្ឋ​ពិតជា​ចង់​ដូរ​អ្នក​ដឹកនាំ​មែន​ទេ? ពេល​នោះ​ប្រជាពលរដ្ឋ​ជាង ៨៩% ឆ្លើយ​ថា ចង់​ដូរ។

ទិន្នន័យ​នេះ​ត្រូវ​បាន​លោក អូន ព័ន្ធមុន្នីរ័ត្ន និង​លោក កើត រិទ្ធ នាំ​យក​ទៅ​ពិភាក្សា​ជាមួយ​លោក ហ៊ុន សែន បន្ទាប់ពី​ប្រមូល​បាន​ក្នុង​រយៈពេល ១០​ថ្ងៃ។

ប្រភព​ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ចំការមន ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ The Cambodia Daily ថា រឿង​នេះ​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ខឹងសម្បា​ខ្លាំង​ណាស់ ព្រោះ​ដឹង​ច្បាស់​ថា​គាត់​នៅសល់​ប្រជាប្រិយភាព​មិន​ដល់ ២០% ផង បើ​ប្រៀបធៀប​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នោះ។

សេណារីយោ​នៃ​ល្បិច​ល្បែង​ចាប់​លោក កឹម សុខា ដាក់​គុក និង​ផែនការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ទំនង​ជា​កំណត់​ជាក់លាក់​ក្នុង​ពេល​ដឹង​ទិន្នន័យ​មិន​ចំហ​នោះ​ដែរ គឺ​ក្នុង​អំឡុង​ចុង​ខែ​កក្កដា ឬ​ដើម​ខែ​សីហា ឆ្នាំ​២០១៧ ហើយ​នៅ​ដើម​ខែ​សីហា ឆ្នាំ​២០១៧ នោះ​ហើយ​ដែល​លោក អូន ព័ន្ធមុន្នីរ័ត្ន ត្រូវ​បាន​ស្នើ​ដំឡើង​គោរមងារ​ជា «អគ្គបណ្ឌិត​សភាចារ្យ»

លោក ហ៊ុន សែន បាន​ចាត់តាំង​មនុស្ស ៤​នាក់​ឲ្យ​ធ្វើការ​រួម​គ្នា​ជាបន្ទាន់​ក្នុង​គម្រោង​កម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​លោក ហ៊ុន ម៉ាណែត លោក កើត រិទ្ធ លោក ជា សុផារ៉ា និង​លោក អូន ព័ន្ធមុន្នីរ័ត្ន។

លោក ជា សុផារ៉ា

ប្រភព​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​សុំ​លាក់​អត្តសញ្ញាណ បាន​ប្រាប់ The Cambodia Daily ថា លោក អូន ព័ន្ធមុន្នីរ័ត្ន បាន​ពន្យល់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​អំឡុង​ពាក់កណ្ដាល​ខែ​សីហា ឆ្នាំ​២០១៧ ថា មាន​ជម្រើស​តែ​ពីរ​គត់ គឺ​ទី​១ បើ​ទុក​គណបក្ស​សង្គ្រោះ​ជាតិ នោះ​គណបក្ស​ប្រជាជន​នឹង​ចប់ និង​ទី​២ បើ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​សង្ឃឹម​រស់ ទោះ​រស់​ដោយ​លំបាក។

ពេល​នោះ លោក អូន ព័ន្ធមុន្នីរ័ត្ន សួរ​ផ្ទៃក្នុង​ថា តើ​ព្រម​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​រស់​ដោយ​លំបាក ឬ​ចង់​ឃើញ​គណបក្ស​ប្រជាជន​ដួល​ឆាប់ៗ?

លោក អូន ព័ន្ធ មុន្នីរ័ត្ន ជា​មេក្រុម​យុទ្ធសាស្ត្រ និង​ចាត់ចែង​កិច្ចការ​ហិរញ្ញវត្ថុ​សម្រាប់​យុទ្ធនាការ​រួម។ លោក ជា សុផារ៉ា ជា​អ្នក​រ៉ាប់រង​ហិរញ្ញវត្ថុ ដែល​ក៏​ធ្វើ​ឲ្យ​លោក​ត្រូវ​បាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ដែរ។ លោក ហ៊ុន ម៉ាណែត ទទួល​ការងារ​សន្តិសុខ ហើយ​លោក កើត រិទ្ធ ធ្វើ​ការងារ​សម្រួល​ផ្លូវ​ច្បាប់។

ចាប់ពី​ខែ​សីហា ឆ្នាំ​២០១៧ សន្តិសុខ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​រឹត​បន្តឹង​ជាពិសេស ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន ម៉ាណែត។ នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជាប្រិយភាព ត្រូវ​បាន​ចាប់​ដាក់​គុក​ទាំង​យប់។

លោក ហ៊ុន ម៉ាណែត

បន្ទាប់​មក​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល ហើយ​យក​អាសនៈ​សភា និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​នេះ​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង​ទៀត ផ្អែក​តាម​មាត្រា​ច្បាប់​នានា​ក្នុង​ច្បាប់​បោះឆ្នោត ច្បាប់​គណបក្ស​នយោបាយ និង​ក្រមព្រហ្មទណ្ឌ​ជាដើម ដែល​រៀប​ចាត់ចែង​បម្រុង​ទុក​ជា​សម្រេច​ដោយ​លោក កើត រិទ្ធ។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ភ្លាមៗ​ថា ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​នា​ខែ​កក្កដា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ដំណើរការ​បោះឆ្នោត​តាម​ការ​គ្រោងទុក។

នេះ​អាច​ជា​ការ​សារភាព​ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា មិន​ខ្វល់​អំពី​អយុត្តិធម៌​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ហើយ​ខំ​លេង​ល្បែង​បោះឆ្នោត​បោក​បន្លំ ដើម្បី​បិទបាំង​ផែនការ​ប្លន់​អំណាច។ លោក គឹម សុខ ធ្លាប់​បាន​និយាយ​អំពី​ករណី​នេះ​ថា «ជា​ក្បួន​ប្លន់​អំណាច​អចិន្ត្រៃយ៍»

ចំណែក​ឯ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ កាលពី​ខែ​តុលា ឆ្នាំ​២០១៧ ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ម្ចាស់​សន្លឹកឆ្នោត​អាច​នាំគ្នា​ប្ដឹង​សុំ​រំលាយ​គណបក្ស​កាន់​អំណាច​វិញ​បាន ចំពោះ​ទង្វើ​មួយ​ចំនួន​របស់​គណបក្ស​នេះ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូច​ដែល​ធានា​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ធ្វើ​វិសោធនកម្ម​ចុងក្រោយ​ពាក់ព័ន្ធ​នឹង​ច្បាប់​បោះឆ្នោត​ដើម្បី​រឹបអូស​យក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ផ្សេង​ទៀត​ដែល​បាន​ចាញ់​ការ​បោះឆ្នោត គឺជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។

លោក គឹម សុខ បាន​លើកឡើង​ថា ស្ថានការណ៍​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ក្លាយ​ជា​វិបត្តិ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត​ភាគច្រើន​លើសលប់​ខឹងងំ​ក្នុង​ចិត្ត។

ដូច្នេះ ដើម្បី​អាច​បញ្ជា​ឲ្យ​មាន​ការ​ប្រើ​កម្លាំង​ការពារ​អំណាច​ក្នុង​គ្រាអាសន្ន ខ្លាចក្រែង​មហាជន​ចេញ​តាម​ផ្លូវ​តវ៉ា​នោះ លោក កើត រិទ្ធ បាន​ប្រើ​លេស​កូវីដ-១៩ ទៅ​បាំង​មុខ បាន​ផ្ដល់​កាដូ​ឲ្យ​លោក ហ៊ុន សែន មួយ​ទៀត គឺ​ការ​ធ្វើ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​គ្រាអាសន្ន ដែល​ប្រកាស​ឲ្យ​ប្រើ​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២០។

លោក គឹម សុខ យល់​ឃើញ​ថា ច្បាប់​នេះ​ជា​អាវុធ​នីតិវិធី​ដែល​លោក កើត រិទ្ធ រៀប​ទុក​ជា​មធ្យោបាយ​ឲ្យ​លោក ហ៊ុន សែន ប្រើ​ជា​លេស​បញ្ចេញ​កម្លាំង​ការពារ​អំណាច​ក្នុង​គ្រា​គ្រោះអាសន្ន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មក​ដល់។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បាន​និយាយ​ថា ទោះ​លោក ហ៊ុន សែន មាន​ក្រុម​បញ្ញវន្ត​ជាន់ខ្ពស់​ស៊ីឈ្នួល​ឃ្លាន​អំណាច​ដូចជា​លោក អូន ព័ន្ធមុន្នីរ័ត្ន និង​លោក កើត រិទ្ធ មើល​ទៅ​រៀប​ក្រឡា​អំណាច​យ៉ាង​លម្អិត​ទាំង​ការ​ត្រៀម​កម្លាំង​ប្រដាប់​អាវុធ យុទ្ធនាការ​ឃោសនា និង​បច្ចេកទេស​ក្នុង​ការ​បំភ្លៃ​ច្បាប់​ក៏ដោយ ក៏​នៅតែ​មាន​ចន្លោះ​ច្រើន​ដែរ។

ចំណុច​ចន្លោះ​បរាជ័យ​ធំ​បំផុត គឺ​ឆាក​ល្ខោន​នយោបាយ​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​ភាគី​ជាច្រើន​នៅ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា អស់​ទឹកចិត្ត​នៅ​តស៊ូ​ជាមួយ​លោក ហ៊ុន សែន ហើយ​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក លោត​ចុះ​លោត​ឡើង​រក​ផ្លូវ​ដោះស្រាយ​មិន​ឃើញ ទាំង​វិបត្តិ​នយោបាយ វិវាទ​ការទូត បញ្ហា​ស្ទើរ​គាំង​សេដ្ឋកិច្ច ទាំង​កសិកម្ម និង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស វិបត្តិ​កូវីដ-១៩ និង​ការ​ប្រឈម​គ្រោះ​ទឹកជំនន់​ជាដើម។

លោក គឹម សុខ បន្ត​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ពុំ​មាន​លទ្ធភាព​អ្វី​ទៅ​ដោះស្រាយ​វិបត្តិ​ធំៗ​ទាំងនេះ​ទេ បើ​សូម្បី​តែ​សព្វថ្ងៃ រដ្ឋ​គ្មាន​លុយ​រហូត​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ចេញ​ល្បិច​ជំរិត​ឈ្មួញ​ឧកញ៉ា​ឲ្យ​ជួយ​ចេញ​ចំណាយ​ប្រាក់ខែ​មន្ត្រី​រាជការ​ទៅ​ហើយ។ ទីបំផុត​ទៅ លោក ហ៊ុន សែន នៅ​ប្រឈម​មុខ​យ៉ាង​តឹងតែង​ទល់​នឹង​ពលរដ្ឋ​ភាគច្រើន​លើសលប់ និង​ផ្ទៃក្នុង​នៃ​គណបក្ស​ខ្លួនឯង​ប៉ុណ្ណោះ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​នៅ​ឈរ​ជើង​បាន​សព្វថ្ងៃ ដោយសារ​គណបក្ស​ប្រឆាំង​មិន​ធ្វើ​សកម្មភាព​នៅ​លើ​សមរភូមិ​ប៉ុណ្ណោះ។ បើ​គណបក្ស​ប្រឆាំង​ក្លាហាន​តែ​បន្តិច ជំហរ​ទ្រេត​ស្ទើរ​រលំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ត្រូវ​ពលរដ្ឋ​មហាជន​រុញ​ដួល​ទាំង​ជំហរ​ទៅ​ហើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស