ក្រសួងមហាផ្ទៃ អះអាងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានវិលត្រឡប់មកកាន់កម្ពុជាវិញហើយនៅថ្ងៃចន្ទ ទី៦ កញ្ញា ក្រោយពេលលោកបានសម្រាកព្យាបាលសុខភាពដោយជោគជ័យនៅប្រទេសបារាំង អស់រយៈពេល ១៤ថ្ងៃកន្លងទៅនោះ។
ខុទ្ទកាល័យក្រសួងមហាផ្ទៃរបស់លោក ស ខេង បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រាកព្យាបាលសុខភាព និងវះកាត់ដោយជោគជ័យនៅប្រទេសបារាំង អស់រយៈពេល ២សប្តាហ៍កន្លងទៅនោះ។ ប្រភពដដែលបញ្ជាក់ថា ក្រោយទៅដល់កម្ពុជា លោក ស ខេង នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដើម្បីឱ្យស្របតាមគោលការណ៍ក្រសួងសុខាភិបាលកម្ពុជា ដែលកំពុងអនុវត្តវិធានការទប់ស្កាត់ការឆ្លងវីរុស Covid-19 ជាពិសេសជំងឺ Covid-19 បំប្លែងថ្មីដែលមានលក្ខណៈកាចសាហាវ និងកំពុងឆ្លងចូលសហគមន៍នៅពេលនេះ។
ប្រធានក្រុមប្រឹក្សានៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ ខែកញ្ញា ថា លោកចូលរួមអបអរសាទររដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលបានទទួលជោគជ័យក្នុងការព្យាបាលសុខភាពរបស់លោក។
លោកអះអាងថា លិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃនេះទំនងជាមានខ្លឹមសារការពារពាក្យចចាមអារ៉ាមមួយចំនួនផងដែរថា ការវិលត្រឡប់របស់លោក ស ខេង មកកាន់ប្រទេសកម្ពុជាវិញនេះ មិនមែនដោយសារការបញ្ចប់បេសកកម្មកិច្ចការនយោបាយណាមួយនោះទេ ប៉ុន្តែទំនងជាចង់បញ្ចប់ពីការអះអាងផ្សេងៗដូចដែលមន្ត្រីបក្សប្រឆាំងធ្លាប់លើកឡើងកាលពីពេលកន្លងមកផងដែរ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញសេចក្តីជូនដំណឹងថា លោក ស ខេង ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើដំណើរទៅកាន់ប្រទេសបារាំង ចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានធុរៈផ្ទាល់ខ្លួន។
ជុំវិញដំណើរទៅកាន់ប្រទេសបារាំងនេះ ត្រូវអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ទាញភ្ជាប់ដំណើរទស្សនកិច្ចនេះទៅនឹងបេសកកម្មនយោបាយគម្រោងបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់លោក ដែលធ្វើឱ្យមានការប្រតិកម្មបដិសេធពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងកូនប្រុសលោក ស ខេង គឺលោក ស សុខា ផ្ទួនៗគ្នាផងដែរ។
យ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា ការចាកចេញរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅប្រទេសបារាំងនេះ គឺទំនងជាដើម្បីបន្ធូរភាពតានតឹងទំនាស់ផ្ទៃក្នុងបក្សកាន់អំណាច បន្ទាប់ពីមានការតែងតាំងស្វាមីអ្នកស្រី ហ៊ុន ម៉ាណា ដែលត្រូវជាកូនប្រសាលោក ហ៊ុន សែន គឺលោក ឌី វិជ្ជា ដោយរំលោភលើអំណាចរបស់លោក ស ខេង កាលពីពេលថ្មីៗនេះ៕