30 C
Phnom Penh

ក្រសួង​សុខាភិបាល៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 ដល់​កុមារ​និង​យុវវ័យ​បាន​ជាង ១​លាន​នាក់​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល អះអាង​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដល់​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២​ឆ្នាំ​ដល់​អាយុ ១៧​ឆ្នាំ​នៅ​ទូទាំង​ប្រទេស សម្រេច​បាន​ចំនួន​ជាង ១​លាន​នាក់​ហើយ ខណៈ​ការ​ចាក់​ថ្នាំបង្ការ Covid-19 ដល់​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ បាន​ជាង ១១​លាន​នាក់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​បង្ហាញ​របាយការណ៍​ការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ក្រសួង​បាន​ចាក់​ថ្នាំបង្ការ​ជូន​កុមារ​បាន​ជាង ១​លាន ៦​សែន ៧​ពាន់​នាក់​ហើយ ដែល​ចំនួន​នេះ​ស្មើ​នឹង ៨៤,៩៨% ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ។

ប្រភព​ដដែល​អះអាង​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 នេះ ក្រសួង​បាន​ចាក់​ជូន​មនុស្ស​ពេញវ័យ​ដូស​ទី​១ បាន​ជាង ១១​លាន ២​សែន​នាក់ រីឯ​ដូស​ទី​២ បាន​ជាង ៨​លាន ៩​សែន​នាក់ ចំណែក​អ្នក​ចាក់​ដូស​ទី​៣ ចំនួន ៥​សែន ៦​ម៉ឺន​នាក់ ដោយឡែក​អ្នក​ដែល​ក្រុម​គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​មាន​ចំនួន​ជាង ៧​ម៉ឺន ៦​ពាន់​នាក់​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 ជុំ​ទី​១ អាច​នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោងទុក ពោល​គឺ​នៅ​ចុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស Covid-19 ផង និង​ដើម្បី​ធានា​បាន​ភាព​ស៊ាំ​ទូទាំង​ប្រទេស​ឲ្យ​បាន​ឆាប់ ក្នុង​ការ​ឈាន​ទៅ​បើក​ប្រទេស​ជា​ប្រក្រតី​ឡើងវិញ​ផង។

បែប​នេះ​ក្តី កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១ តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​នៅ​កម្ពុជា (WHO) អ្នកស្រី Li Ailan បាន​អះអាង​ថា ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 គឺជា​យុទ្ធសាស្ត្រ​ដ៏​ខ្លាំង​មួយ ប៉ុន្តែ​វា​មិនមែន​ដំណោះស្រាយ​វេទមន្ត​ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត Covid-19 នោះ​ទេ ព្រោះ​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ត្រូវ​គេ​រក​ឃើញ​ថា​មាន​សមត្ថភាព​អាច​បន្សាប​ប្រសិទ្ធភាព​វ៉ាក់សាំង​បាន​ផង​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា អ្នកស្រី ឱ វណ្ណឌីន បាន​អះអាង​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 បំប្លែង​ថ្មី​ជាង ២៦០០​នាក់​ហើយ ដែល​បាន​ឆ្លង​ចូល​ក្នុង​សហគមន៍​ចំនួន ២៣​រាជធានី-ខេត្ត​ទូទាំង​កម្ពុជា លើកលែងតែ​ខេត្ត​កែប និង​ខេត្ត​ក្រចេះ ប៉ុណ្ណោះ។

ជុំវិញ​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល ក៏​បាន​បង្ហាញ​របាយការណ៍​អំពី​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​ផង​ដែរ​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៥២៨​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៤៤៧​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ១៣​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៩​ម៉ឺន ៥​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៩​ម៉ឺន ១​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ជាង ១៩០០​នាក់ គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស