33 C
Phnom Penh

ក្រុម​សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​លើក​ទី​៥​សុំ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​និង​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បន្ត​ធ្វើ​យុទ្ធនាការ​រួម​គ្នា​ជា​លើក​ទី​៥ ហើយ ដើម្បី​សុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កន្លងមក ដោយ​ផ្តល់​យុត្តិធម៌ និង​សេរីភាព​ជូន​ពួកគេ​វិញ។

អង្គការ​សង្គម​ស៊ីវិល និង​សមាគម​នានា​នៅ​កម្ពុជា បាន​ប្រកាស​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ដែល​ត្រូវ​បាន​អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​ខ្លួន​ទាំង​អយុត្តិធម៌​នា​ពេល​កន្លងមក។

ប្រភព​ដដែល​អះអាង​ថា ក្រុម​សង្គម​ស៊ីវិល​នឹង​បន្ត​លើកឡើង​ពី​ការ​ចាប់​ខ្លួន​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៦​នាក់​ដែល​កំពុង​ប្រឈមមុខ​នឹង​បទ​ចោទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ» ផង​ដែរ។

ក្រុម​សង្គម​ទាំងនេះ​បាន​លើកឡើង​ទៀត​ថា វាសនា​សកម្មជន​បរិស្ថាន​នៅ​កម្ពុជា​ពិតជា​មិន​ល្អ​ដូច​សកម្មជន​បរិស្ថាន​នៅ​លើ​ពិភពលោក​នោះ​ទេ ពួកគេ​តែង​ទទួល​រង​ការ​គំរាមកំហែង បំភិតបំភ័យ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​ជានិច្ច ខណៈ​សកម្មជន​ទាំងនោះ​គ្រាន់តែ​ប្រើ​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ប៉ុណ្ណោះ។

យុទ្ធនាការ​នេះ​ធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អយុត្តិធម៌​កន្លងមក ហើយ​កំពុងតែ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​រហូត​មកដល់​សព្វថ្ងៃ​នេះ។

នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១ អង្គការ​សមាគម​ជាច្រើន​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម Facebook ដើម្បី​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បណ្ដាញ​យុវជន​កម្ពុជា (CYN) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស និង​ការងារ​សង់ត្រាល់ និង​អង្គការ​សមាគម​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ថា​នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​សកម្មជន​បរិស្ថាន​ទាំងនោះ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ ខាងមុខ​នេះ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល ១​ឆ្នាំ​កន្លងមក។

សកម្មជន​បរិស្ថាន លោក ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី លោក ថា ឡាវី និង​កញ្ញា សូ មេត្តា ជាដើម ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​តាំងពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០។ ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ «ម​១» «ម​២» និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ​រហូត​ដល់​បច្ចុប្បន្ន។

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា បាន​រិះគន់​ថា ការ​ចាប់​សកម្មជន​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស​ទាំងនោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​អនុវត្ត​ច្បាប់​បញ្ច្រាស​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស របស់​អាជ្ញាធរ​ខ្មែរ ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​ទទួលស្គាល់​កិច្ចព្រមព្រៀង​នេះ​តាំងពី​ឆ្នាំ​១៩៩១ មក​នោះ។

រដ្ឋធម្មនុញ្ញ​មាត្រា​៣១ ចែង​ថា កម្ពុជា​ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៤៨ មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស