27 C
Phnom Penh

កសិករ​ខេត្ត​កំពត​ព្រួយបារម្ភ​ចំពោះ​ជំងឺ​ដុំ​ពក​លើ​ស្បែក​គោ​ក្របី​ដែល​ធ្វើ​ឲ្យ​សត្វ​ពាហនៈ​ងាប់​ជាបន្តបន្ទាប់

បទវិភាគ

ប្រជា​កសិករ​ភាគច្រើន​រស់នៅ​ស្រុក​ជុំគីរី និង​ស្រុក​ឈូក ខេត្ត​កំពត បន្ត​ព្រួយបារម្ភ​អំពី​ជំងឺ​ដុំ​ពក​នៅ​លើ​ស្បែក​គោ​ក្របី​ដែល​កំពុង​ឆ្លង​រាតត្បាត​ដល់​សត្វ​ចិញ្ចឹម​របស់​ពួកគេ និង​មាន​សត្វ​គោ​ងាប់​ជាបន្តបន្ទាប់ ហើយ​រហូត​មក​ទល់​ពេលនេះ គេ​នៅ​មិនទាន់​មាន​មធ្យោបាយ​ពិនិត្យ ឬ​ព្យាបាល​ជំងឺ​ប្រភេទ​នេះ​នៅឡើយ។

កសិករ​ចិញ្ចឹម​គោ​ជា​លក្ខណៈ​គ្រួសារ​រស់នៅ​ឃុំ​នារាយណ៍ ក្រាំង​ស្នាយ ស្រុក​ឈូក និង​ឃុំ​ជ្រេស ស្រុក​ជុំគីរី ជាដើម បាន​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​៦ ខែ​កញ្ញា នេះ​ថា សត្វ​គោ​របស់​ពួកគាត់​បាន​ឈឺ និង​ស្លាប់​ជាបន្តបន្ទាប់ ខណៈ​មន្ត្រី​នៃ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​កំពត រួម​មាន​មន្ទីរ​កសិកម្ម និង​មន្ទីរ​សុខាភិបាល ជាដើម មិន​បាន​ចុះ​មក​ណែនាំ ឬ​អប់រំ​ពួកគាត់​អំពី​វិធី​ព្យាបាល ឬ​ទប់ស្កាត់​ជំងឺ​ដុំ​ពក​ស្បែក​គោ​ក្របី​ទាំងនេះ​ទេ។

ប្រជា​កសិករ​រស់នៅ​ស្រុក​ឈូក និង​ស្រុក​ជុំគីរី ខេត្ត​កំពត បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ចុះ​មក​ពិនិត្យ និង​ណែនាំ​អំពី​វិធី​ព្យាបាល ឬ​ទប់ស្កាត់​ជំងឺ​ពក​លើ​ស្បែក​គោ ជូន​ពួកគាត់​ឲ្យ​បាន​ទាន់ពេល​ផង ដោយសារតែ​ជំងឺ​នេះ​បាន​ឆ្លង​រាតត្បាត​ឆាប់​រហ័ស​ពាសពេញ​ភូមិ ហើយ​មាន​គោ​ជាច្រើន​ក្បាល​បាន​ស្លាប់​ជាបន្តបន្ទាប់ គិត​មក​ដល់​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០២១។

ពួកគាត់​ថា អ្នក​ស្រុក​មិន​មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ពក​លើ​ស្បែក​គោ​ដែល​កំពុង​រាតត្បាត​នៅ​ឃុំ​នានា ក្នុង​ស្រុក​ឈូក និង​ស្រុក​ជុំគីរី នេះ​ឡើយ។

កសិករ​រស់នៅ​ឃុំ​នារាយណ៍ និង​ឃុំ​ជ្រេស បាន​រៀបរាប់​ថា ជំងឺ​ដុំ​ពក​នៅ​លើ​ស្បែក​នេះ គឺ​មិន​អាច​ព្យាបាល​ជាសះស្បើយ​ទេ ទោះបី​ពួកគាត់​បាន​ហៅ​ពេទ្យ​សត្វ​ក្នុង​មូលដ្ឋាន​ឲ្យ​ចុះ​មក​ចាក់​ថ្នាំ​ដើម្បី​ព្យាបាល​បែប​ណា​ក្តី។ ពួកគាត់​ថា សត្វ​គោ​ដែល​ស្លាប់​ទាំងនោះ គឺ​ពួកគាត់​បាន​លក់​បន្ត​ទៅ​ឲ្យ​អ្នក​កាប់​សាច់​គោ​លក់ ហើយ​ឈ្មួញ​ទាំងនោះ​បាន​យក​សាច់​គោ​ដែល​ស្លាប់​នោះ​ចែកចាយ​លក់ដូរ​នៅ​តាម​ផ្សារ​នានា​ក្នុង​មូលដ្ឋាន​នេះ។

ទោះ​ជា​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​ប្រធាន​មន្ទីរ​សុខាភិបាល និង​ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​កំពត ដើម្បី​បំភ្លឺ​លើ​កង្វល់​ជំងឺ​ដុំ​ពក​នៅ​លើ​ស្បែក​គោ​ក្របី​របស់​ប្រជា​កសិករ រស់នៅ​ស្រុក​ឈូក និង​ស្រុក​ជុំគីរី ដែល​លើកឡើង​ខាងលើ​នេះ​បាន​ទេ។ ចំណែក​ឯ​លោក ជាវ តាយ អភិបាល​ខេត្ត​កំពត ក៏​មិនទាន់​អាច​ទាក់ទង​ដើម្បី​បំភ្លឺ​បាន​ដែរ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០២១។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ កន្លងមក ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ជំងឺ​ដុំ​ពក​នៅ​ស្បែក​គោ​នេះ​ដែរ។ ប្រភព​ដដែល​បាន​លើកឡើង​ថា ជំងឺ​ដុំ​ពក​លើ​ស្បែក​គោ​ក្របី​នេះ បាន​ឆ្លង​រាលដាល​ឆាប់​រហ័ស​ពី​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ រហូត​ដល់​តំបន់​ទំនាប​កណ្តាល​នៃ​ប្រទេស​កម្ពុជា។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​សីហា ជំងឺ​ដុំ​ពក​នៅ​ស្បែក​គោ​ក្របី​បាន​ឆ្លង​ដល់​គោ​ក្របី​របស់​ពលរដ្ឋ​ប្រមាណ​ជាង ៣​ម៉ឺន ៨​ពាន់​ក្បាល នៅ​ស្រុក​ចំនួន​១៥៨ នៃ​រាជធានី-ខេត្ត​ចំនួន​២៣ ក្នុង​ប្រទេស​កម្ពុជា។

ប៉ុន្តែ​ករណី​នេះ ក្រសួង​កសិកម្ម​ក៏​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជំងឺ​ដុំ​ពក​ស្បែក​គោ​ក្របី (Lumpy Skin Disease) ជាបន្តបន្ទាប់​រួច​ហើយ ហើយ​ក៏​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ព្យាបាល​សត្វ​ពាហនៈ​ដែល​មាន​ជំងឺ​ទាំងនោះ​ជាសះស្បើយ​ជាង ២​ម៉ឺន​ក្បាល​រួច​ហើយ​ដែរ។

លោក​បន្ត​ថា ចំពោះ​ករណី​នេះ ក្រសួង​កសិកម្ម​មាន​វ៉ាក់សាំង​ចំនួន ២​ម៉ឺន​ដូស​នៅ​ក្នុង​ដៃ​រួច​ហើយ​សម្រាប់​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទប់ស្កាត់​ជំងឺ​ដុំ​ពក​ស្បែក​គោ​ក្របី​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ដែល​មាន​ជំងឺ​នេះ​រាតត្បាត​ធ្ងន់ធ្ងរ ហើយ​វ៉ាក់សាំង​ចាក់​ទៅលើ​សត្វ​ពាហនៈ​ចំនួន ៤​ម៉ឺន​ដូស​បន្ថែម​ទៀត នឹង​មក​ដល់​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស