34 C
Phnom Penh

ប្រទេស​ហ្គីណេ​ធ្លាក់​ក្នុង​រដ្ឋប្រហារ ហើយ​ប្រធានាធិបតី Alpha Conde ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ហ្គីណេ ជា​ប្រទេស​មួយ​នៅ​អាហ្រ្វិក​ខាងលិច។ ប្រទេស​នេះ​មាន​ពលរដ្ឋ​ជិត ១៣​លាន​នាក់ តែ​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​ក្នុង​តំបន់ ទោះបីជា​ប្រទេស​ដែល​មាន​ធនធាន​រ៉ែ និង​វិស័យ​កសិកម្ម​លូតលាស់​គ្រាន់បើ​ជាងគេ​ក៏ដោយ។

ប្រទេស​នេះ​ឆ្លងកាត់​ការ​ធ្វើ​រដ្ឋប្រហារ​ពីរ​លើក​មក​ហើយ គឺ​នៅ​ឆ្នាំ​១៩៨៤ ម្ដង និង​ឆ្នាំ​២០០៨ ម្ដង។ ប្រទេស​ដែល​ទើប​ស្គាល់​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើកដំបូង​នៅ​ឆ្នាំ​២០១០ ឥឡូវ​នេះ​បាន​ធ្លាក់​ក្នុង​ការ​គ្រប់គ្រង​ដោយ​របប​រដ្ឋប្រហារ​ម្ដង​ទៀត​ហើយ។

រដ្ឋប្រហារ​បាន​ផ្ទុះឡើង​នៅ​កណ្ដាល​រដ្ឋធានី Conakry។ អំឡុង​ផ្ទុះ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា មាន​ការ​ពើប​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​របស់​ពួក​រដ្ឋប្រហារ និង​កង​សន្តិសុខ​ការពារ​ប្រធានាធិបតី។ តែ​ទីបំផុត ពួក​រដ្ឋប្រហារ​បាន​លើក​ទ័ព​ឡោមព័ទ្ធ​វិមាន​ប្រធានាធិបតី​រហូត​ចាប់​ខ្លួន​ប្រធានាធិបតី​ឃុំ​ខ្លួន​ទៀត​ផង។

ប្រធានាធិបតី​របស់​សាធារណរដ្ឋ​ហ្គីណេ​នេះ​មាន​ឈ្មោះ​ថា Alpha Conde។ លោក​មាន​អាយុ ៨៣​ឆ្នាំ គឺជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១០។ បុរស​វ័យ​ចំណាស់​រូប​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ឱ្យ​មាន​របប​ប្រជាធិបតេយ្យ ក្នុង​អំឡុង​នៃ​ការ​កាន់​អំណាច​របស់​លោក ១០​ឆ្នាំ​មកនេះ។ ប៉ុន្តែ​ក្រោម​ការ​គ្រប់គ្រង​របស់​បុរស​វ័យ​ចំណាស់​រូប​នេះ ក៏​មាន​ការ​ចោទ​ថា​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដែរ។

តើ​មូលហេតុ​អ្វី​បាន​ជា​មាន​រដ្ឋប្រហារ​កើតឡើង?

កាលពី​ក្នុង​ខែ​តុលា ឆ្នាំ​២០២០ ប្រទេស​ហ្គីណេ បាន​ធ្លាក់​ក្នុង​អំពើ​ចលាចល​នយោបាយ ហើយ​អំពើ​ហិង្សា​ក៏​ផ្ទុះឡើង​ស្រប​ពេល​ដែល​ក្រុម​គណបក្ស​ប្រឆាំង​ចោទ​ថា​មាន​ការ​បន្លំ​សន្លឹកឆ្នោត ដែល​នាំ​ឱ្យ​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​មួយ​នេះ​តោង​អំណាច​បាន​នៅ​អាណត្តិ​ទី​៣ ទៀត។ មួយ​ករណី​ទៀត គឺ​បុរស​អាយុ ៨៣​ឆ្នាំ​រូប​នេះ បាន​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ពង្រីក​អាណត្តិ​របស់​ខ្លួន។

ដោយសារតែ​បុរស​រូប​នេះ​កែប្រែ​រដ្ឋធម្មនុញ្ញ​ព្យាយាម​ពង្រីក​អាណត្តិ​របស់​ខ្លួន​ដូច្នេះ​ហើយ បាន​ជា​ចលាចល​នយោបាយ​ចេះតែ​កើតមាន​ហូរហែ​ដែល​ឈាន​ដល់​ការ​បង្ក្រាប​បាតុកម្ម​តាម​ការ​បញ្ជា​របស់​ប្រធានាធិបតី​រូប​នេះ។

នេះ​គឺ​ជា​ដើមចម​នៃ​ការ​រុញ​ឱ្យ​មាន​រដ្ឋប្រហារ​ផង​ដែរ។

ដើម​ហេតុ​មួយ​ទៀត គឺ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ត្រូវ​បាន​ចោទ​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ផល​ប្រយោជន៍​ជាតិ និង​ចែក​ផល​ប្រយោជន៍​ជាតិ​មិន​សមាមាត្រ​រវាង​ទំហំ​វិនិយោគទុន និង​ការ​បាត់បង់​ធនធាន​ធម្មជាតិ​របស់​ប្រទេស។

ពួក​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​បាន​ប្រកាស​ថា ការ​ដែល​ពួកគេ​ធ្វើ​រដ្ឋប្រហារ​នេះ គឺ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឱ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Guardian។

វរសេនីយ៍ទោ​ម្នាក់​ជា​មេដឹកនាំ​រដ្ឋប្រហារ គឺ​លោក Mamadi Doum-bouya។ លោក​បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ពេល​ដែល​ពួក​កងទ័ព​ឡោមព័ទ្ធ​ស្ថានីយ​ទូរទស្សន៍​កាលពី​ថ្ងៃ​អាទិត្យ ថា ការ​ធ្វើ​រដ្ឋប្រហារ​នេះ គឺ​ដើម្បី​បញ្ចប់​ការ​រំជើបរំជួល​នៅ​ក្នុង​ប្រទេស​ដោយសារតែ​ភាព​ចលាចល​នយោបាយ​អាច​នឹង​កើតមាន​ជា​ថ្មី​ម្ដង​ទៀត។ លោក​បន្ត​ថា បើ​ពួក​យោធា​មិន​ចូល​គ្រប់គ្រង​អំណាច​ទាន់​ពេលវេលា​ទេ​នោះ ប្រទេស​ក៏​ធ្លាក់​ក្នុង​ការ​បង្កើត​កងកម្លាំង​ជាច្រើន​ក្រុម​ដែល​នាំ​ទៅ​រក​ចលាចល​សង្គម។

តាម​សេចក្ដី​រាយការណ៍​ចុងក្រោយ​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ​ត្រូវ​បាន​រំលាយ ស្រប​ពេល​ដែល​រដ្ឋាភិបាល និង​រដ្ឋសភា​ក៏​ត្រូវ​បាន​រំលាយ​ផង​ដែរ ហើយ​ក្រុមប្រឹក្សា​យោធា​កំពុង​រៀបចំ​សមាសភាព​គណៈរដ្ឋមន្ដ្រី​ថ្មី។

ជាមួយ​គ្នា​នេះ​ទៀត ក្រុមប្រឹក្សា​យោធា​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​បម្រាម​គោចរ​រហូត​ទាល់តែ​មាន​សេចក្ដី​សម្រេច​ជា​ថ្មី​ទៀត។

អំពើ​រដ្ឋប្រហារ​នេះ​បាន​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ពួក​យោធា។ សហរដ្ឋ​អាមេរិក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន ឈាន​មុខ​គេ​ដោយ​ប្រាប់​ទៅ​ពួក​យោធា​ឲ្យ​ដោះលែង​ប្រធានាធិបតី Alpha Conde ឱ្យ​មាន​សេរីភាព ហើយ​ស្ដារ​ស្ថានការណ៍​ទៅ​រក​ប្រក្រតី​ឡើងវិញ។

តែ​យ៉ាងណា ប្រជាជន​ដែល​គាំទ្រ​រដ្ឋប្រហារ បាន​ចេញ​ដើរ​តាម​ដង​ផ្លូវ ដោយ​ពួកគេ​ច្រៀង​រាំ ហើយ​ស្រែក​ថា «របប​ដឹកនាំ​មួយ​ដែល​ឈាន​ទៅ​រក​របប​ផ្ដាច់ការ ត្រូវ​បាន​បញ្ចប់​ហើយ»

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស