26 C
Phnom Penh

សកម្មជន​អតីត​បក្ស​ប្រឆាំង​រិះគន់​ការ​យក​ឈ្មោះ​លោក កឹម សុខា ទៅ​ប្រើប្រាស់​ដើម្បី​កេង​ចំណេញ​នយោបាយ

បទវិភាគ

សកម្មជន​បក្ស​ប្រឆាំង អះអាង​ថា សព្វថ្ងៃ​នេះ​មាន​ចលនា​នយោបាយ​ថ្មី​នៅ​ក្រៅ​ប្រទេស និង​បក្ស​នយោបាយ​ដែល​ទើប​នឹង​បើក​ថ្មីៗ​នៅ​ក្នុង​ស្រុក​មួយ​ចំនួន បាន​ប្រើប្រាស់​ឈ្មោះ​លោក កឹម សុខា ដើម្បី​ប្រយោជន៍​បក្ស និង​ក្រុម​របស់​ពួកគេ​ដែល​ប្រាសចាក​ពី​ស្មារតី​រួម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងស្រុង។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ក្រោយ​មន្ត្រី​បក្ស​ប្រឆាំង​សម្រេច​ចិត្ត​ចាកចេញ​ពី​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​បើក​បក្ស​ថ្មី ពួកគេ​មិន​មាន​សមត្ថភាព​ទៅ​ប្រមូល​អ្នក​គាំទ្រ​បក្ស​ផ្សេង​ឱ្យ​គាំទ្រ​គណបក្ស​ថ្មី​របស់​ពួកគេ​នោះ​ទេ គឺ​មាន​តែ​ប្រមូល​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្នាក់​មូលដ្ឋាន​ប៉ុណ្ណោះ។

លោក​អះអាង​ថា ការ​ចេញ​ទៅ​ប្រមូល​អ្នក​គាំទ្រ​របស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ ពួកគេ​តែង​ប្រើ​វិធី​ផ្សេងៗ​គ្នា មាន​អ្នក​ខ្លះ​វាយប្រហារ​អតីត​មេ​បក្ស​របស់​ខ្លួន និង​ខ្លះ​ទៀត​ឆ្លៀត​ឱកាស​ប្រើ​ឈ្មោះ​លោក កឹម សុខា ដើម្បី​ប្រមូល​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​តស៊ូ​លះបង់​របស់​លោក កឹម សុខា ដើម្បី​សេរីភាព​របស់​ពលរដ្ឋ គឺជា​គុណ​តម្លៃ​ដ៏​ធំធេង​របស់​លោក។ លោក​បន្ត​ថា បើ​ទោះបីជា​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​រង​ការ​រឹតត្បិត​សេរីភាព​ផ្ទាល់ខ្លួន​ពី​អាជ្ញាធរ​កម្ពុជា​ទាំង​អយុត្តិធម៌​ក្តី ក៏​ពលរដ្ឋ​ខ្មែរ​អ្នក​ស្រឡាញ់​យុត្តិធម៌ គោរព​សិទ្ធិមនុស្ស និង​ស្រឡាញ់​ប្រជាធិបតេយ្យ នៅតែ​គោរព​គុណ​តម្លៃ​របស់​លោក​ជានិច្ច។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២១ ថា លោក​សង្កេត​ឃើញ​ថា មក​ទល់នឹង​ពេលនេះ​នៅតែ​មាន​បុគ្គល ក្រុម គណបក្ស ឬ​ចលនា​នយោបាយ​ខ្លះ​នៅតែ​យក​ឈ្មោះ និង​រូបភាព​របស់​លោក​ទៅ​ភ្ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​សកម្មភាព​នយោបាយ​របស់​ពួកគេ ដើម្បី​តែ​កេង​ចំណេញ​នយោបាយ​ផ្ទាល់ខ្លួន។

លោក​អះអាង​ថា ការ​យក​រូប​លោក​ទៅ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ពួកគេ​នេះ គឺ​ដើម្បី​តែ​បម្រើ​ផលប្រយោជន៍ និង​មហិច្ឆតា​របស់​អ្នក​ទាំងនោះ​តែប៉ុណ្ណោះ ដូច្នេះ​លោក​សូម​បញ្ជាក់​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា មាន​តែ​សហ​មេធាវី​ដែល​ជា​តំណាង​ស្រប​ច្បាប់​របស់​លោក​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​សេចក្តី​ថ្លែងការណ៍ ឬ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ធ្វើ​ឡើង​ក្នុង​នាម​រូប​លោក និង​ជា​ឆន្ទៈ​របស់​លោក​ដោយ​ពិតប្រាកដ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ចេញ​មក​ច្រានចោល​ចំពោះ​អ្នក​នយោបាយ​ដែល​បាន​ប្រើ​ឈ្មោះ​របស់​លោក ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន ស្រប​ពេល​ដែល​លោក​កំពុង​ស្ថិតនៅ​ក្នុង​បម្រាម​ធ្វើ​នយោបាយ​នៅឡើយ។

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រុម​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ម្តង​រួច​មក​ហើយ ដោយ​ហាម​អ្នក​នយោបាយ​ដែល​បង្កើត​បក្ស​ថ្មី ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២២ នា​ពេល​ខាងមុខ កុំ​យក​ឈ្មោះ​លោក កឹម សុខា ទៅ​ភ្ជាប់ ឬ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​របស់​ពួកគេ។

ជុំវិញ​បញ្ហា​នេះ កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ លោក ផែង ហេង សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​អះអាង​ថា ការ​យក​ឈ្មោះ​របស់​លោក កឹម សុខា ទៅ​ប្រើប្រាស់​ដោយ​អ្នក​នយោបាយ​ណាមួយ​នោះ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​ឯកជន​របស់​លោក និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បញ្ហា​ផ្លូវច្បាប់​ក្នុង​ដំណើរការ​តុលាការ​ផង​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស