31 C
Phnom Penh

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​កាត់​ផ្ទៃ​បឹងតាមោក​បន្ថែម​ទៀត ដោយសារ​អំណាច​នៃ​ទឹកលុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ និង​មន្ត្រី​គណបក្ស​នយោបាយ លើកឡើង​ថា ដោយសារតែ​អំណាច​នៃ​ទឹកលុយ ហើយ​មិន​បាន​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ទៅ​ថ្ងៃ​ខាងមុខ បាន​នាំ​ឲ្យ​ការ​កាត់​ផ្ទៃ​បឹងតាមោក​ទៅ​ឲ្យ​វិស័យ​ឯកជន ត្រូវ​បាន​ធ្វើឡើង​ជាបន្តបន្ទាប់ ហើយ​ផ្ទៃ​បឹង​ដ៏​ធំ​មួយ​នេះ​នឹង​ត្រូវ​លុប​អស់​ខ្ទេចខ្ទី​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ។

ការ​ព្រួយបារម្ភ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃ​បឹងតាមោក​ជាង ៤​ហិកតារ​បន្ថែម​ទៀត​ទៅ​ឱ្យ​ឈ្មោះ សាយ សោភា ដើម្បី​ធ្វើជា​កម្មសិទ្ធិ ស្រប​ពេល​ដែល​ផ្ទៃ​បឹង​ធម្មជាតិ​ចុងក្រោយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​អស់​ប្រមាណ ១​ពាន់​ហិកតារ។

នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​បណ្ដុះបណ្ដាល​មួយ កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច អះអាង​ថា កាល​ពី​មុន​បឹង​ធម្មជាតិ​មាន​ច្រើន នៅ​ពេល​លុប​តិចតួច​មិន​សូវ​បង្ក​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បឹងតាមោក​ដែល​ជា​បឹង​ធម្មជាតិ​ចុងក្រោយ​នោះ ត្រូវ​បាន​លុប​ជា​បន្តបន្ទាប់​អស់​ខ្ទេចខ្ទី​ទៀត។

លោក​បាន​ដាក់​ជា​សំណួរ​ថា តើ​មោទកភាព​ស្អី? បើ​បឹង​ធម្មជាតិ​មាន​ច្រើន ក្នុង​នោះ​មាន​បឹង​អូរឫស្សី បឹងទំពុន បឹងស្នោ បឹងកក់ ប៉ុន្តែ​ឥឡូវ​លុប​សល់​តែ​មួយ គឺ​បឹងតាមោក​នេះ​ឯង ប៉ុន្តែ​បឹង​នេះ​ត្រូវ​បាន​គេ​បន្ត​លុប​ទៀត។

បណ្ឌិត សុខ ទូច បន្ត​ថា ហេតុ​អ្វី​បាន​ជា​កម្ពុជា​ចូលចិត្ត​ចាក់​ដី​លុប​បឹង​ម្ល៉េះ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​បង្ហាញ​ចម្ងល់​នេះ លោក​ក៏​បាន​ប្រាប់​ទៅ​អ្នក​ដែល​បាន​ចាក់​ដី​លុប​នោះ កុំ​ខឹង​នឹង​លោក ដោយសារ​អ្វី​ដែល​លោក​និយាយ​ជា​រឿង​ពិត។ លើស​ពី​នេះ លោក​បាន​ឆ្លុះបញ្ចាំង​ថា នៅ​ពេល​ដែល​លោក​ទៅ​ប្រទេស​ចិន និង​ទៅ​កូរ៉េ ជាដើម​នោះ ប្រទេស​ទាំងនោះ​បាន​យក​ទូក​ទៅ​ជិះ​លេង​នៅ​ក្នុង​ទឹក​បឹង ក្នុង​នោះ​អ្នក​ទៅ​មើល និង​ជិះ​ត្រូវ​បង់​លុយ​រាប់​រយ​រាប់​ពាន់ [ដុល្លារ] ខណៈ​កម្ពុជា​មាន​បឹង​ធម្មជាតិ​ច្រើន បែរជា​លុប​អស់។

លោក សុខ ទូច ចាត់ទុក​ការ​រក្សា​ទុក​បឹង ហើយ​អភិវឌ្ឍ​លើ​បឹង ជា​គុណសម្បត្តិ​ធំ​មួយ ដោយ​ធ្វើ​ជា​កន្លែង​សម្រាប់​កម្សាន្ត អាច​ធ្វើជា​កន្លែង​បង្ហាញ​ពី​វប្បធម៌​នៃ​ការ​នេសាទ​របស់​ប្រជាជន អាច​ធ្វើជា​កន្លែង​ទេសចរណ៍​សិប្បនិមិត្ត អាច​រៀបចំ​ទូក​ឱ្យ​អ្នក​ទេសចរ​ជិះ​កម្សាន្ត និង​អាច​ធ្វើ​ផ្លូវ​ក្រោម​បឹង។ លើស​ពី​នេះ​ទៀត ការ​រក្សា​ទុក​បឹង ក៏​អាច​ឱ្យ​អ្នក​មាន​វិបត្តិ​ផ្លូវចិត្ត ឬ​អ្នក​ស្មុគស្មាញ​ផ្លូវចិត្ត​ទៅ​លម្ហែ ដើម្បី​ឱ្យ​បាន​រំសាយ​ចិត្ត​ថែមទៀត​ផង។

ស្រដៀង​នឹង​ការ​លើកឡើង​របស់​បណ្ឌិត សុខ ទូច នេះ​ដែរ នាយក​ប្រតិបត្តិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ អះអាង​ឡើង​ថា ការ​លុប​បឹងតាមោក​ជាបន្តបន្ទាប់​នេះ នឹង​បណ្ដាល​ឱ្យ​មាន​ទឹកជន់​លិច​រាជធានី​ភ្នំពេញ ដោយសារ​បឹងតាមោក​ជា​កន្លែង​រំដោះ​ទឹក​ពី​រាជធានី​ភ្នំពេញ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់។

លោក​បន្ត​ថា បឹងកក់ បឹងទំពុន និង​បឹងត្របែក ត្រូវ​បាន​លុប ខណៈ​បឹងតាមោក នឹង​ត្រូវ​បាន​លុប​បន្តបន្ទាប់​ទៀត ទោះបីជា​បឹង​ទាំងអស់​នេះ​បាន​ជួយ​ទប់​ទឹក​កង្វក់​នៅ​រាជធានី​ភ្នំពេញ​មិន​ឱ្យ​ហូរ​ចូល​ទន្លេ និង​ទប់ស្កាត់​ទឹកជន់​លិច​ទីក្រុង​បែប​ណា​ក្ដី។ បណ្ឌិត យ៉ង សាំងកុមារ មើល​ឃើញ​ថា កត្តា​ដែល​ជំរុញ​ឱ្យ​លុប​បឹង​នេះ ដោយសារ​ការពង្រីក​ទីក្រុង និង​ការ​លក់ដូរ ឬ​ដោះដូរ​ជាដើម។

ករណី​នេះ លោក​ទទូច​ទៅ​រដ្ឋាភិបាល​ឲ្យ​ឈប់​កាត់​ផ្ទៃ​បឹងតាមោក និង​បឹង​ផ្សេងៗ​ទៀត ព្រោះ​ការ​រក្សា​ផ្ទៃ​បឹង​ធម្មជាតិ​ទុក​នេះ វា​បាន​ជួយ​លើក​សោភណភាព​ទីក្រុង ដោយ​រៀបចំ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ និង​ជួយ​ដល់​អ្នក​រស់នៅ​ជុំវិញ​កំពុង​អាស្រ័យផល​ផង​ដែរ។

លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​ប្រជាពលរដ្ឋ និង​យុវជន គឺ​អាច​បញ្ចេញ​មតិ​យោបល់ ឬ​អាច​ប្រើ​បណ្ដាញ​សង្គម​បញ្ចេញ​ទស្សនៈ និង​អាច​រួមគ្នា​ធ្វើ​ញត្តិ​ដាក់​ទៅ​រដ្ឋាភិបាល​ជាដើម។

សកម្មភាព​ចាក់​ដី​លុប​បឹងតាមោក។

អ្នកវិភាគ​នយោបាយ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត លោក គឹម សុខ បាន​ប្រាប់ The Cambodia Daily ថា រដ្ឋាភិបាល​ចាំ​ផ្ទះ​របស់​លោក ហ៊ុន សែន កំពុង​ងប់ងុល​នឹង​លុយ​កខ្វក់​របស់​ឈ្មួញ​ខ្លាំង​ពេក ក៏​នាំគ្នា​ស៊ីញេ​លុប​បឹង​ដោយ​មិន​ខ្វល់​អំពី​ផល​ប៉ះពាល់​វែងឆ្ងាយ​ដល់​ជាតិ និង​ពលរដ្ឋ។ លោក​បន្ត​ថា ការ​លុប​បឹង​នេះ ជា​មូលហេតុ​សំខាន់​មួយ​ដែល​បង្ក​ឲ្យ​មាន​ទឹកជំនន់​ជន់​លិច​ប្រទេស​យ៉ាង​ខ្ទេចខ្ទាំ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​កាន់តែ​ធ្ងន់ធ្ងរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ តាំងពី​អ្នក​នៅ​ជនបទ​រហូត​ដល់​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក គឹម សុខ ចោទ​ជា​សំណួរ​ថា តើ​លោក ហ៊ុន សែន បាន​គិត​ពី​ជាតិ​ខ្លះ​ទេ ខណៈ​លោក​សម្រុក​លុប​បឹង​យ៉ាង​នេះ?

លោក​បន្ត​ថា ប្រសិនបើ​លោក ហ៊ុន សែន នៅ​មាន​ការ​គិត​បែប​ប្រក្រតី​នៅឡើយ ក្នុង​នាម​លោក​ជា​មេដឹកនាំ​រដ្ឋាភិបាល លោក​ប្រាកដជា​ដឹង​ហើយ​ថា រដ្ឋាភិបាល​ត្រូវ​ចំណាយ​ការខូចខាត​មិន​តិច​ជាង ៥០០​លាន​ដុល្លារ​ទេ​ក្នុង​មួយ​ឆ្នាំ​លើ​មហន្តរាយ​ធម្មជាតិ ជាពិសេស​គ្រោះ​ទឹកជំនន់។ លោក​ថា នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ការ​ខាតបង់​ដ៏​ធំធេង​ដែល​ពលរដ្ឋ​ច្រើន​ម៉ឺន​គ្រួសារ​ប៉ះទង្គិច​ដោយ​ផ្ទាល់​ផង​នោះ។

លោក គឹម សុខ បង្ហាញ​យោបល់​ថា វិនាសកម្ម​លុប​បឹង​ស្ទើរ​អស់​នេះ​មាន​វិសាលភាព​ធំ​ជាង​វិបត្តិ​ដែល​យើង​មើលឃើញ​ផ្ទាល់​ភ្នែក​ទៅទៀត ព្រោះថា​ភ្នែក​មើលឃើញ​តែ​គ្រោះ​ទឹកជំនន់​ដែល​កាន់តែ​អាក្រក់ និង​ការ​ចំណាយ​ទប់ទល់​គ្រោះ​មហន្តរាយ ដូចជា​លុយ​ទិញ​ស្បៀង ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​ជាដើម ប៉ុន្តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ធ្វើ​ឱ្យ​វិនាស​ហិនហោច​ធនធាន​ធម្មជាតិ​ក្នុង​ទឹក ដូចជា​មច្ឆជាតិ ពីព្រោះ​តែ​លំហូរ​ទឹក​ប្រែប្រួល​ដែល​បង្ក​គ្រោះ​មហន្តរាយ​វែងឆ្ងាយ​ទៀត​ដល់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ។

លោក គឹម សុខ បាន​សង្កត់​ធ្ងន់​ថា តាម​ការ​សម្គាល់​របស់​លោក គឺ​ពុំ​មាន​មេដឹកនាំ​ល្អ​ណា​នៅ​លើ​ពិភពលោក​នេះ ដែល​ប្រើ​ពាក្យ​អភិវឌ្ឍន៍​ដោយ​វិធី​លុប​បឹង​ធម្មជាតិ​នោះ​ទេ។ ប៉ុន្តែ​ផ្ទុយទៅវិញ គេ​រក្សា​បឹង និង​ថែ​ទឹក​ក្នុង​បឹង​ឱ្យ​ស្អាត​ល្អ ដែល​ជា​ប្រយោជន៍​យូរអង្វែង​សម្រាប់​ប្រទេស​ជាតិ។

ជាក់ស្ដែង​ប្រទេស​ហ្វាំងឡង់ មាន​បឹង​ធម្មជាតិ​តូច​ធំ​រហូត​ដល់​ជិត ១៩​ម៉ឺន​បឹង ហើយ​រដ្ឋាភិបាល​ហ្វាំងឡង់ មិន​លុប​សូម្បីតែ​មួយ។ មិនតែប៉ុណ្ណោះ គេ​បាន​ថែទាំ​យ៉ាង​ស្អាត​រហូត​ដល់​ទឹក​បឹង​ក្នុង​ប្រទេស​ហ្វាំងឡង់ ស្អាត​ជាង​ទឹកបរិសុទ្ធ​នៅ​កម្ពុជា​ផង។

បឹងតាមោក មាន​ផ្ទៃដី​សរុប​ជាង ៣​ពាន់​ហិកតារ (៣២៣៩​ហិកតារ) សម្រាប់​ស្តុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញ​ពី​រាជធានី​ភ្នំពេញ ហើយ​បឹង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​បឹង​ធម្មជាតិ​នេះ​ជា​សម្បត្តិ​របស់​រដ្ឋ។

ប៉ុន្តែ​បឹង​ធម្មជាតិ​ចុងក្រោយ​នេះ ត្រូវ​រដ្ឋាភិបាល​កាត់ និង​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ប្រហែល ១​ពាន់​ហិកតារ​ហើយ គិត​ចាប់តាំង​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ ដើម្បី​ឱ្យ​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។

ឡាន​ដឹក​ដី​ចាក់​លុប​បឹងតាមោក ក្នុង​ខណ្ឌ​ព្រែកព្នៅ ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០។

របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៩ ថា បឹង​ចំនួន​២៦ ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​លុប​ទាំងស្រុង​ចំនួន ១៦​បឹង គឺ​ស្មើ​នឹង ៦០% នៃ​ផ្ទៃ​បឹង​សរុប និង​បឹង​ចំនួន​១០​ផ្សេងទៀត​ត្រូវ​បាន​លុប​ផ្នែក​មួយ​ចំនួន។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​លុប​បឹង​ទាំងនោះ គឺ​បណ្តាល​មកពី​ការ​សាងសង់​បុរី តំបន់​លំនៅឋាន និង​ទីក្រុង​រណប។ របាយការណ៍​នេះ​បង្ហាញ​ថា ការ​លុប​បឹង​ទាំងនោះ គឺជា​ការ​បាត់បង់​អាង​ស្តុក​ទឹក​ដ៏​សំខាន់​សម្រាប់​ទីក្រុង​ភ្នំពេញ។

ការ​កាត់​ផ្ទៃ​បឹង​សម្រាប់​ស្តុក​ទឹក​ជាបន្តបន្ទាប់​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ កាលពី​ខែ​ឧសភា ឆ្នាំ​២០២០ បាន​ចេញ​លិខិត​មួយ​ដោយ​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​ដោយសារ​ទឹកជំនន់ ក្រោយពី​ក្រសួង​មើល​ឃើញ​ថា​មាន​ការ​ចាក់​ដី​លុប និង​ការ​សាងសង់​បិទ​ផ្លូវ​ទឹក​នានា​ជាបន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស