26 C
Phnom Penh

៨​ខែ​ដើម​ឆ្នាំ​២០២១ គ្រោះ​មហន្តរាយ​ធម្មជាតិ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៩៤​នាក់​និង​របួស​១៥៨​នាក់

បទវិភាគ

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៨​ខែ​ក្នុង​ឆ្នាំ​២០២១ នេះ គ្រោះ​មហន្តរាយ​ធម្មជាតិ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៩៤​នាក់ និង​របួស ១៥៨​នាក់។

របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​២០២១ មាន​ករណី​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​កើតឡើង​ចំនួន ២៦៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧២​នាក់ និង​រង​របួស ១០៩​នាក់។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​បាន​កើតឡើង ១៧៩​លើក រលំ​ផ្ទះ ៨៣៧​ខ្នង និង​របើក​ដំបូល​ជាង ៦៥០០​ខ្នង និង​ស្លាប់​មនុស្ស ៥​នាក់ និង​របួស ៦៧​នាក់ ចំណែក​ឯ​គ្រោះ​ធម្មជាតិ​រន្ទះបាញ់ កើតឡើង ៨៥​លើក ស្លាប់​មនុស្ស ៦៧​នាក់ និង​របួស ៤២​នាក់ ងាប់​គោក្របី ៤០​ក្បាល។

ករណី​អគ្គិភ័យ​វិញ បាន​កើតឡើង ៣៦៦​លើក ដោយ​ភាគច្រើន​នៅ​ភ្នំពេញ ហើយ​សម្លាប់​មនុស្ស​សរុប ២២​នាក់ និង​មាន​មនុស្ស​រង​របួស​ចំនួន ៤៩​នាក់ ព្រមទាំង​បង្ក​ការខូចខាត និង​បាត់បង់​ផ្ទះ ៤២៦​ខ្នង តូប​ផ្សារ​ចំនួន​២០៣ ឃ្លាំង​ទំនិញ​១៨ សាលារៀន ៣​ខ្នង រោងចក្រ​សិប្បកម្ម ១២​កន្លែង អគារ​រដ្ឋបាល ១៩​កន្លែង រួម​ទាំង​ចម្ការ និង​ព្រៃ​មួយ​ចំនួន​ផង​ដែរ។

គ្រោះ​មហន្តរាយ​នឹង​នៅ​កើតមាន​ឡើង​បន្ត​ទៀត ដោយសារតែ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ទទួល​រង​ឥទ្ធិពល​ប្រែប្រួល​អាកាសធាតុ​ជា​សកល និង​ប្រទេស​ជិតខាង​ផង​ដែរ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា នៅ​សប្ដាហ៍​នេះ កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ខ្យល់​សមុទ្រ (Sea Breeze) និង​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ព្រមទាំង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូស​បន្លាយ​ពី​ប្រទេស​ភូមា កាត់​ប្រទេស​ថៃ ឡាវ និង​វៀតណាម រួម​នឹង​ចុះ​បន្តិច​មក​លើ​ប្រទេស​កម្ពុជា។ ស្ថានភាព​នេះ នឹង​ធ្វើ​ឲ្យ​ខេត្ត​នៅ​វាល​ទំនាប​កណ្ដាល​មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់ ដែល​បណ្ដាល​ឲ្យ​ខេត្ត​ខ្លះ​មាន​ជំនន់​ទឹកភ្លៀង​ផង​ដេរ។

ទោះ​យ៉ាងណា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស