29 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​អនាគត​កម្ពុជា​ស្ថិត​ក្នុង​កណ្ដាប់ដៃ​លោក ហ៊ុន សែន ទាំងស្រុង​ក្នុង​ការ​ទប់ស្កាត់​ការ​យាយី​របស់​មហាអំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា អនាគត​កម្ពុជា​នៅ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​កណ្ដាប់ដៃ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​ជ្រើសរើស​រវាង​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ផ្ទាល់ខ្លួន ប៉ុន្តែ​ប្រសិនបើ​មេដឹកនាំ​ខ្មែរ​គិត​ផលប្រយោជន៍​ជាតិ គឺ​ត្រូវតែ​ប្រើ​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​១៩៩១ ធ្វើ​គោលការណ៍​ទប់ស្កាត់​មហាអំណាច​ដែល​មាន​បំណង​យាយី​លើ​កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា មេដឹកនាំ​ខ្មែរ​បច្ចុប្បន្ន​គួរតែ​សិក្សា​ពី​អតីតកាល​ខ្មៅ​ងងឹត​ដែល​ខ្លួន​បាន​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម ដោយសារ​មេដឹកនាំ​ខ្មែរ​កន្លងមក​ដែល​ហាក់​មិន​មាន​គោលជំហរ​នយោបាយ​ការបរទេស​អព្យាក្រឹត្យ​ច្បាស់លាស់។ លោក​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​នេះ ក៏​កំពុង​ធ្លាក់​ចូល​គន្លង​អ្នក​ដឹកនាំ​ចាស់ៗ​ទាំងនោះ​ដែរ។

លោក​អះអាង​ថា ដើម្បី​កុំ​ឲ្យ​កម្ពុជា​ដើរ​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​ដូច​អតីតកាល​ទៀត​នោះ មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​មិន​គួរ​ប្រកាន់​និន្នាការ​នយោបាយ​លម្អៀង​ជ្រុល​ហួសហេតុ​ទៅ​រក​ប្រទេស​ចិន ដោយ​វាយប្រហារ​មហាអំណាច​លោកសេរី​នោះ​ទេ ព្រោះថា​អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើ គឺ​ការស្វែងរក​ការ​ស្ដារ និង​កសាង​អភិវឌ្ឍ​សង្គម​កម្ពុជា​ឡើងវិញ​តាមរយៈ​គោលនយោបាយ​ការបរទេស​ជាមួយ​មហាអំណាច​ទាំង​លោកសេរី និង​កុម្មុយនីស្ត ដើម្បី​អនាគត​កម្ពុជា​ភ្លឺស្វាង​ទៅ​ថ្ងៃ​មុខ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា នៅ​ពេល​ដែល​មេដឹកនាំ​កម្ពុជា​អនុវត្ត​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ គឺជា​ការ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​យ៉ាង​ធំធេង​ពី​ការ​គោរព​នីតិរដ្ឋ ស្របតាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ១៩៩១ ដែល​ជា​អាវក្រោះ​ការពារ​ខ្លួន​ពី​ការ​ប៉ុនប៉ង​រំលោភបំពាន​ពី​មហាអំណាច ដូចជា​អាមេរិក ឬ​ចិន ជាដើម។ លោក​ថា ប្រទេស​មហាអំណាច​ទាំងនោះ​ក៏​ជា​ម្ចាស់​ហត្ថលេខី​ក្នុង​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​ដែរ ក្នុង​ការ​ធានា​សន្តិភាព​របស់​កម្ពុជា។

ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​បែប​នេះ ធ្វើឡើង​ដោយ​រិះគន់​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​បង្កើត​នយោបាយ​ការទូត​ល្អ​ជាមួយ​មហាអំណាច​កុម្មុយនីស្ត​ចិន ប៉ុន្តែ​ងាក​ទៅ​បង្ក​អរិភាព​នយោបាយ​ការទូត​ជាមួយ​មហាអំណាច​លោកសេរី​ទៅវិញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​មហាអំណាច​ពិភពលោក​ដទៃ​ទៀត ដូចជា​អាមេរិក ជាដើម​ថា បើ​កម្ពុជា​មិន​បាន​ពឹង​មហាអំណាច​កុម្មុយនីស្ត​ចិន​ទេ តើ​ឱ្យ​កម្ពុជា​ទៅ​ពឹង​មហាអំណាច​មួយ​ណា។

លោក ហ៊ុន សែន បញ្ជាក់​ថា ដោយសារតែ​បាន​មិត្ត​ចិន ទើប​កម្ពុជា​មាន​ស្ពាន​ឆ្លង​ទន្លេ មាន​ផ្លូវ​ខ្វាត់ខ្វែង ជាពិសេស​វ៉ាក់សាំង​ប្រឆាំង​ជំងឺ Covid-19 នេះ​តែម្តង។ បើ​មិនមែន​មិត្ត​ចិន​ជា​អ្នក​ផ្តល់​ឲ្យ​ទេ កម្ពុជា​ក៏​មិន​មាន​ថ្នាំបង្ការ​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដូច​សព្វថ្ងៃ​នេះ​ដែរ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ទោះ​យ៉ាងណាក៏ដោយ កម្ពុជា​នៅតែ​ស្វាគមន៍​រាល់​ជំនួយ​របស់​ប្រទេស​នានា​ក្រៅពី​ចិន​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ទំនាក់ទំនង​មិត្ត​ដែកថែប​រវាង​កម្ពុជា-ចិន គ្រាន់តែ​ដើម្បី​ខ្ចី​ដៃ​ខ្មែរ ផ្ទះ​ខ្មែរ​ធ្វើ​ទីតាំង​ជំនួញ និង​ដើម្បី​ចំណេញ​ពី​ផល​អនុគ្រោះ​ពន្ធ EBA នៅ​លើ​ទីផ្សារ​អឺរ៉ុប ឬ GSP របស់​សហរដ្ឋ​អាមេរិក ជាដើម ដែល​អាច​ឱ្យ​អ្នក​វិនិយោគ​ចិន​ទទួល​បាន​ផល​ចំណេញ​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ពី​ការ​អនុគ្រោះ​ពន្ធ​លើ​មុខ​ទំនិញ​ដែល​ពួកគេ​បាន​នាំចេញ​ពី​កម្ពុជា។

ប្រភព​ដដែល​បញ្ជាក់​ថា បើ​ទោះបីជា​ពេលនេះ​កម្ពុជា​ត្រូវ​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប និង​ភាព​មិន​ច្បាស់លាស់​ពី GSP របស់​អាមេរិក ក៏​ប្រទេស​លោកសេរី​ទាំងនោះ​នៅតែ​រង់ចាំ​ផ្តល់​ផល​អនុគ្រោះ​ពន្ធ​ទាំងនោះ​ដល់​កម្ពុជា​ជានិច្ច ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ងាក​ទៅ​រក​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ គោរព​គោលការណ៍​សិទ្ធិមនុស្ស​ឡើងវិញ។

កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២០ កម្ពុជា-ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​លើកដំបូង ដើម្បី​បង្កើន​ការ​នាំចេញ​ពី​កម្ពុជា​ទៅ​ចិន​បន្ថែម​ទៀត ក្រោយ​ពី​សហភាព​អឺរ៉ុប​បាន​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​រួច​មក។ ប៉ុន្តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​សហការ​មិន​ស្មើ​មុខ​គ្នា ដោយ​ក្នុង​នោះ កម្ពុជា​នាំ​ទៅ​ចិន មាន​ចំនួន​តិចតួច​ណាស់ បើ​ធៀប​ទៅ​នឹង​ការ​ចូល​របស់​ចិន​ទៅ​ប្រទេស​កម្ពុជា ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស