នៅពេលដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី មកធ្វើទស្សនកិច្ចនៅក្រុងហាណូយ និងប្រទេសពីរទៀតមិនទាន់បានចាកចេញផុតពីដែនដីអាស៊ានផង ស្រាប់តែវៀតណាម និងជប៉ុន បានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការរួមគ្នាក្នុងការសំដៅពង្រឹងសន្តិសុខតំបន់ ដែលមើលទៅជាការទាត់ចោលនូវការស្នើសុំរបស់ចិន សុំឱ្យវៀតណាម ជួយទប់ស្កាត់អ្នកខាងក្រៅចូលពាក់ព័ន្ធក្នុងជម្លោះតំបន់។
តាមទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូ គឺជប៉ុន និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃសៅរ៍ ទី១១ កញ្ញា។ កិច្ចព្រមព្រៀងនេះផ្ដល់ឱកាសឱ្យមានការបញ្ចេញឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិដែលផលិតដោយជប៉ុន ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយ អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន Nobuo Kishi បន្ទាប់ពីលោកកាន់តំណែងនេះកាលពីឆ្នាំមុន។
តាមប្រភពដដែលនេះ ជប៉ុននឹងពន្លឿនការពិភាក្សាជាមួយវៀតណាម ដើម្បីលក់នាវាល្បាត និងនាវាចម្បាំងរបស់កងកម្លាំងស្វ័យការពារជប៉ុន មកឱ្យវៀតណាម។
វៀតណាមគឺជាសមាជិកសំខាន់មួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ប៉ុន្តែជាប្រទេសទី១១ នៃទ្វីបអាស៊ីដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែបនេះជាមួយប្រទេសជប៉ុន នៅពេលដែលប្រទេសចិន កំពុងវាតទីកាន់កាប់លំហសមុទ្រចិនខាងកើត និងខាងត្បូង។
តាមមន្ត្រីជប៉ុនម្នាក់ គឺកិច្ចព្រមព្រៀងនេះកើតឡើងខណៈដែលវៀតណាម កំពុងធ្វើឱ្យទាន់សភាពការណ៍នៃការប្រើប្រាស់សព្វាវុធការពារប្រទេស។ តែយ៉ាងណា កិច្ចព្រមព្រៀងនេះនឹងពង្រឹងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ជប៉ុន ដែលរំពឹងថានឹងរួមចំណែកដល់សន្តិសុខរបស់ប្រទេសវៀតណាម និងតំបន់។
វៀតណាមមានជម្លោះដែនទឹកជាមួយចិន ជុំវិញប្រជុំកោះស្ព្រាតលី និងប៉ារ៉ាសែល នៅសមុទ្រចិនខាងត្បូង ដោយក្រុងប៉េកាំង ចោទវៀតណាមពីបទធ្វើអាជីវកម្មនៃតំបន់ក្នុងខ្សែទឹករបស់ចិន ហើយទីបំផុត ចិនបានបំពានយកបានមកវិញនូវកោះមួយចំនួនពីវៀតណាម តាំងពីសង្គ្រាមសមុទ្រឆ្នាំ១៩៧៤។
ក្រោយពីប្រមុខការទូតចិន ដែលមកសុំឱ្យវៀតណាម កុំទទួលយកអ្នកខាងក្រៅមកពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង គឺជំនួបរវាងសមភាគីវៀតណាម និងជប៉ុន ក៏បានចាប់ផ្ដើម។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានប្រាប់សមភាគីវៀតណាម Phan Van Giang ថា លោកចង់ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិដើម្បីសម្ដែងការប្រឆាំងយ៉ាងខ្លាំងចំពោះការប៉ុនប៉ងឯកតោភាគីណាមួយដើម្បីផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ននៃសមុទ្រចិនខាងត្បូង និងប្រជុំកោះសេនកាគូ នៃសមុទ្រចិនខាងកើត គឺបច្ចុប្បន្នគ្រប់គ្រងដោយជប៉ុន ដែលចិនអះអាងថាស្ថិតក្នុងខ្សែទឹករបស់ចិន។
តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាតំបន់មួយដែលមានមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង។
ខណៈទីក្រុងប៉េកាំង ទាមទារដែនអធិបតេយ្យនៃសមុទ្រចិនខាងត្បូងទាំងមូល និងមានការទាមទារដែនទឹកត្រួតស៊ីគ្នាជាមួយព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងតៃវ៉ាន់ គឺក្រុងប៉េកាំង ក៏បានទាមទារយកកោះជាច្រើននៅសមុទ្រចិនខាងកើត ដែលធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ជប៉ុន តាំងពីសង្គ្រាមលោកលើកទី២។
ការទាមទារដែនទឹករបស់ចិន នៅសមុទ្រចិនខាងត្បូង និងការវាតទីដើម្បីឈានចូលទៅក្នុងមហាសមុទ្រឥណ្ឌា ត្រូវបានគេមើលឃើញថា ចិនកំពុងក្លាយជាគូជម្លោះឯកោជាមួយប្រទេសក្នុងតំបន់ដែលជាការបំពានច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២។ ដោយជំទាស់នឹងច្បាប់អន្តរជាតិនេះ ក្រុងប៉េកាំង ក៏បានបង្កើតច្បាប់ផ្ទាល់ខ្លួនមួយទប់ស្កាត់នាវាបរទេសទាំងអស់មិនឱ្យចូលដែនទឹកនៅសមុទ្រចិនខាងត្បូងក្នុងខ្សែទឹករបស់ចិន។ ករណីនេះ គេឃើញសហរដ្ឋអាមេរិកចេញមុខភ្លាមប្រឆាំងនឹងចិន ដោយសម្រេចបញ្ជូនកងនាវាទី៧ ចំនួនពីរក្រុមឱ្យបើកឆ្លងកាត់សមុទ្រចិនខាងត្បូង ដោយធ្លាក់ទៅដល់ប្រជុំកោះស្ព្រាតលី និងប៉ារ៉ាសែន ដែលជាទីតាំងមូលដ្ឋានកងទ័ពចិនកំពុងស្ថិតនៅទីនោះ។ ចិនប្រកាសថ្កោលទោសអាមេរិក ដោយហៅអាមេរិកថាជាអ្នកបង្កហេតុធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។
ក្រុមអ្នកជំនាញយល់ថា កិច្ចសហប្រតិបត្តិការយោធារវាងក្រុងតូក្យូ និងក្រុងហាណូយ មានគោលបំណងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ហើយការនាំចេញឧបករណ៍យោធារបស់ជប៉ុន គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយឥទ្ធិពលរបស់ចិនក្នុងតំបន់។
លោក ចាង យ៉ុង អគ្គលេខាធិការមជ្ឈមណ្ឌលទំនាក់ទំនងចិន-ជប៉ុន នៅវិទ្យាស្ថានសិក្សាជប៉ុន បានប្រាប់សារព័ត៌មានចិន Global Times ថា ជប៉ុនស្វែងរកការពង្រីកសំឡេង និងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ដោយបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាមផ្នែកវិស័យការពារជាតិឱ្យដល់កម្រិតខ្ពស់ជាមួយនឹងវៀតណាម។
លោក ចាង និយាយថា ប្រទេសជប៉ុនបាននិងកំពុងបង្កើនការការពារឆ្ពោះទៅរកប្រទេសចិន ខណៈដែលសហរដ្ឋអាមេរិកបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីទាក់ទាញជប៉ុន ចូលមកក្បែរខ្លួន និងបន្តពង្រឹងសម្ពន្ធភាពដូចជាវៀតណាម ជាដើម។
ចំណែងលោក Zhuang Guotu ប្រធានមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ Xiamen ប្រទេសចិន បានក្រើនរំឭកប្រទេសវៀតណាម ឱ្យប្រយ័ត្នប្រយែងចំពោះការជ្រៀតជ្រែក និងការបង្កហេតុរបស់ជប៉ុន និងកងកម្លាំងផ្សេងទៀតនៅក្រៅតំបន់។ លោកព្រមានថា ចិននឹងមិនអនុញ្ញាតឱ្យកងកម្លាំងខាងក្រៅបង្កហេតុក្នុងតំបន់ឡើយ៕