26 C
Phnom Penh

បញ្ញវន្ត​ខ្មែរ៖ លោក ហ៊ុន សែន លួច​ចូល​កិច្ចប្រជុំ​សម្ងាត់​គឺ​គ្រាន់តែ​ចង់​អួត​ថា​ទោះ​ជា​ក្រុម​ប្រឆាំង​ធ្វើ​អ្វី​ក៏​មិន​អាច​លាក់​បាន​ដែរ

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា ការ​ដែល​លោក ហ៊ុន សែន ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​ជាមួយ​លោក ឡុង រី និង​សមាជិក​បក្ស​ប្រឆាំង​ដទៃ​ទៀត​នៃ​ភាគី​លោក សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ គ្រាន់តែ​ចង់​អួតអាង​ថា ទោះ​ជា​ក្រុម​ប្រឆាំង​ធ្វើ​អ្វី សម្ងាត់​ប៉ុនណា ក៏​មិន​អាច​លាក់​នឹង​លោក​បាន​ដែរ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​ជ្រើសរើស​លេង​ល្បែង​កំប៉ិកកំប៉ុក​របស់​លោក ហ៊ុន សែន នេះ គ្រាន់តែ​ជា​ល្បែង​នយោបាយ​ឥត​ខ្លឹមសារ​មួយ​ប៉ុណ្ណោះ ហើយ​រឿង​នេះ​មាន​តែ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី តែប៉ុណ្ណោះ​ដែល​យល់​ពី​រឿង​នេះ​ច្បាស់​ជាង​នរណាៗ​ទាំងអស់។

លោក គឹម សុខ បញ្ជាក់​ថា ក្រោយ​បែក​ធ្លាយ​វីដេអូ​សម្ងាត់​នេះ អាច​នឹង​ត្រូវ​គេ​គិត​ថា​ប្រហែលជា​នឹង​មាន​ជំនួប​ចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ណាមួយ​កើតឡើង ប៉ុន្តែ​ទំនោរ​ទៅ​រក​ការ​ចរចា​មាន​តួលេខ​ទាប​ណាស់ ព្រោះ​លោក ហ៊ុន សែន កំពុងតែ​កាន់​សន្លឹកបៀ​ធំៗ​នៅ​ក្នុង​ដៃ​មិនទាន់​ដល់​ដំណាក់កាល​រក​ផ្លូវ​ចរចា​ជាមួយ​ក្រុម​ប្រឆាំង​នៅឡើយ​ទេ។

ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​ទម្លាយ​វីដេអូ​ប្រវែង​ជាង ១៣​នាទី​អំពី​កិច្ចប្រជុំ​សម្ងាត់​ពង្រឹង​បណ្ដាញ​ក្នុង​ស្រុក​តាម​ប្រព័ន្ធ​អនឡាញ ក្នុង​កម្មវិធី​ឈ្មោះ Zoom របស់​ក្រុម​ប្រឆាំង​ដឹកនាំ​ដោយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក ឡុង រី អតីត​ប្រធាន​អង្គរក្ស​របស់​លោក សម រង្ស៊ី ត្រូវ​បាន​លោក ហ៊ុន សែន ចូល​ទៅ​កាត់​សង្វាក់​ទាំង​កណ្តាល​ទី​ក្នុង​ពេល​លោក ឡុង រី កំពុង​ជជែក​អំពី​ការ​រៀបចំ​យុទ្ធសាស្ត្រ​នយោបាយ​ជាមួយ​ក្រុម​របស់​លោក។

ក្រោយ​ទទួល​បាន​លេខ​កូដ​សម្ងាត់ ឬ link ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ Zoom នោះ លោក ហ៊ុន សែន បាន​ហៅ​ចំ​ឈ្មោះ​លោក ឡុង រី និង​ប្រាប់​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ឈប់​នូវ​ការ​ជេរប្រមាថ និង​ការ​លាប​ពណ៌​លើ​រូបលោក​បន្ត​ទៀត ក្នុង​នោះ​លោក ហ៊ុន សែន ក៏​បាន​រិះគន់​លោក សម រង្ស៊ី ផង​ដែរ​អំពី​ការ​មិន​ព្យាយាម​រក​ការផ្សះផ្សា​នយោបាយ បើ​ទោះបីជា​លោក​ធ្លាប់​បាន​លើកលែង​ទោស​ឱ្យ​ម្តង​ជា​ពីរ​ដង​ទៅ​ហើយ​ក្តី។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២១ ថា រឿង​លោក ហ៊ុន សែន ចូល​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ ZOOM របស់​ក្រុម​ប្រឆាំង គឺជា​យុទ្ធសាស្ត្រ​នយោបាយ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ។ ព្រួញ​ទី​១ គឺជា​ការ​កាត់ផ្ដាច់​ចរន្ត​ទំនាក់ទំនង​សកម្មជន​ក្នុង​ស្រុក​ជាមួយ​មន្ត្រី​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ស្រុក​ផង ហើយ​ព្រួញ​ទី​២ គឺជា​ការ​បង្ហាញ​ថា បក្ស​ប្រឆាំង​មាន​រនុកក្នុង​ដើម្បី​កុំ​ឱ្យ​ក្រុម​នេះ​មាន​ការ​ទុកចិត្ត​គ្នា​តទៅទៀត។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា វីដេអូ​បែក​ធ្លាយ​នេះ​ក៏​ជា​ការ​ព្រួយបារម្ភ​បំផុត​មួយ​ចំពោះ​សុវត្ថិភាព និង​អាយុ​ជីវិត​របស់​សកម្មជន​នយោបាយ​ស្លូតត្រង់​នៅ​ឯ​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ដែល​កំពុង​ទំនាក់ទំនង​ជាមួយ​មន្ត្រី​របស់​បក្ស​នេះ​នៅ​ក្រៅ​ស្រុក ដែល​ពួកគេ​អាច​នឹង​រង​ការ​ចោទប្រកាន់ ឬ​ចាប់​ខ្លួន​ពី​បទ​ផ្សេងៗ​ចំពោះ​ទំនាក់ទំនង​នេះ។

កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក ហ៊ុន សែន ក្នុង​ពិធី​ជួប​ជាមួយ​មេធាវី​ស្ម័គ្រចិត្ត​នៅ​វិមាន​សន្តិភាព បាន​អះអាង​ថា ក្រុម​មួយ​ដែល​មាន​មនុស្ស​ចាប់ពី​ប្រាំ​នាក់​ឡើង​ទៅ គឺ​មាន​មនុស្ស​របស់​លោក​នៅ​ជាមួយ​ជានិច្ច ហើយ​ពួកគេ​មាន​តួនាទី​ត្រូវ​តាម​យក​ការណ៍​ពី​ខាង​បក្ស​ប្រឆាំង​ជាប់​រហូត និង​នៅ​គ្រប់​ទីកន្លែង។

ជុំវិញ​នៃ​ការ​តាមដាន​ក្រុម​ប្រឆាំង​នេះ កាលពី​ចុង​ឆ្នាំ​២០១៩ សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ជាច្រើន​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ និង​ចោទប្រកាន់​ពី​បទ​សមគំនិត​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន បន្ទាប់ពី​អ្នក​ទាំងនោះ​ចូលរួម​ក្នុង​យុទ្ធនាការ​មាតុភូមិ​និវត្តន៍ ៩ វិច្ឆិកា របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី នៅ​ពេល​នោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស