31 C
Phnom Penh

ព្រះរាជអាជ្ញា​និង​ព្រះរាជអាជ្ញា​រង​ខេត្ត​ព្រះវិហារ រង​ការ​ប្ដឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​ទូរទស្សន៍ ហង្ស​មាស និង​ទូរទស្សន៍ NICE TV ប្រចាំ​ខេត្ត​ព្រះវិហារ សម្រេច​ប្តឹង​មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ ចំនួន ២​រូប គឺ​ព្រះរាជអាជ្ញា ទី សុវិនថាល់ និង​ព្រះរាជអាជ្ញារង វុធ សាវី ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​ចោទប្រកាន់​ថា អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។

បុគ្គលិក​ទូរទស្សន៍​ហង្ស​មាស លោក ទ្រី វិច្ឆិកា និង​លោក ទ្រី សុផល ដែល​ជា​បុគ្គលិក​ទូរទស្សន៍ NICE TV ប្រចាំ​ខេត្ត​ព្រះវិហារ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​កាត់​ថា ACU កាលពី​ពេល​ថ្មីៗ​នេះ ក្រោយ​ពេល​មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ​ទាំង​ពីរ​រូប​នេះ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ «ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ក្រោយ​ពួកគេ​បាន​ចុះផ្សាយ​ពី​ភាព​មិន​ប្រក្រតី​របស់​លោក ទី សុវិនថាល់ និង​លោក វុធ សាវី កន្លងមក។

ប្រភព​ដដែល​អះអាង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២១ ព្រះរាជអាជ្ញារង​ខេត្ត​ព្រះវិហារ លោក វុធ សាវី បាន​ទូរស័ព្ទ​ទៅ​ពួកគេ​ឱ្យ​ទៅ​យក​ព័ត៌មាន​អំពី​ការ​បង្ក្រាប​បទល្មើស​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​លោក វុធ សាវី ជា​អ្នក​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់ ប៉ុន្តែ​ក្រោយ​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ​ក៏​បាន​ផ្ទុះ​អំពើ​ហិង្សា​ពី​សំណាក់​ក្រុម​អ្នក​ឈូស​ឆាយ​ដី​ព្រៃ រហូត​មាន​ការ​វាយ​តប់​លើ​លោក វុធ សាវី និង​លោក ទ្រី វិច្ឆិកា ដែល​ជា​អ្នក​សារព័ត៌មាន​ថែមទៀត​ផង។

លោក ទ្រី វិច្ឆិកា បញ្ជាក់​ថា ក្រោយ​ថ្ងៃ​កើត​ហេតុ​បាន​មួយ​សប្តាហ៍ បក្ខពួក​ជនល្មើស​ដែល​បាន​ឈូស​ឆាយ​ដី​រដ្ឋ​ចំនួន ៣​នាក់ បាន​ប្តឹង​លោក វុធ សាវី និង​រូប​លោក​ដែល​ជា​អ្នក​សារព័ត៌មាន​ទៅ​តុលាការ​ខេត្ត​ព្រះវិហារ ពី​បទ​កំហែង​យក និង​គំរាម​សម្លាប់ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ពួកគេ​ត្រូវ​តុលាការ​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ និង​ត្រូវ​ឃាត់​ខ្លួន​ភ្លាមៗ​តែម្តង។ រហូត​មក​ដល់​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ទាំងនោះ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​បាន​សរសេរ​លិខិត​សុំទោស​លោក វុធ សាវី ចំពោះ​ពាក្យ​បណ្តឹង​របស់​ខ្លួន​រួចមក។

លោក ទ្រី វិច្ឆិកា បញ្ជាក់​ទៀត​ថា ក្រោយ​ដោះលែង​ជន​សង្ស័យ​ឱ្យ​នៅ​ក្រៅ​ឃុំ ក៏​មាន​ព័ត៌មាន​ចុះផ្សាយ​ថា ដើម្បី​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ ជន​សង្ស័យ​ទាំងនោះ​បាន​បង់​លុយ​សង​ជំងឺចិត្ត​អស់​រាប់​ម៉ឺន​ដុល្លារ​ដល់​លោក វុធ សាវី និង​រូប​លោក​ផ្ទាល់​លើ​បណ្តឹង​ដែល​ពួកគេ​បាន​ប្តឹង​កន្លងទៅ​នោះ ខណៈ​រូបលោក​មិន​បាន​ដឹង​រឿង​នេះ​ទាល់តែសោះ។

យ៉ាងណាក៏ដោយ លោក ទ្រី វិច្ឆិកា អះអាង​ថា ក្រោយ​ដឹង​រឿង​នេះ​ភ្លាម លោក​ព្យាយាម​ទាក់ទង​ទៅ​ព្រះរាជអាជ្ញារង​ខេត្ត​ព្រះវិហារ លោក វុធ សាវី ដើម្បី​សាកសួរ​ពី​បញ្ហា​នេះ​ដែរ ប៉ុន្តែ​លោក វុធ សាវី មិន​ឆ្លើយតប ហើយ​ថែមទាំង​លុប​សារ​ដែល​ធ្លាប់​បាន​ទាក់ទង​គ្នា​កន្លងមក​ថែមទៀត ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១ លោក លឿត តឹកលី ដែល​ជា​មនុស្ស​ជំនិត​របស់​លោក វុធ សាវី បាន​យក​លុយ​ទៅ​ឱ្យ​ពួក​លោក​ក្នុង​ម្នាក់ៗ​ចំនួន ២​ពាន់​ដុល្លារ​ដើម្បី​បញ្ចប់​រឿង ដែល​ក្រុម​អ្នក​ឈូស​ឆាយ​ដី​ព្រៃ​នោះ​បាន​វាយ​លើ​រូបលោក ប៉ុន្តែ​លោក​បដិសេធ​ទទួល​យក​លុយ​នេះ​យ៉ាង​ដាច់អហង្ការ។

កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២១ បុគ្គលិក​ទូរទស្សន៍​ហង្ស​មាស លោក ទ្រី វិច្ឆិកា និង​លោក ទ្រី សុផល ដែល​ជា​បុគ្គលិក​ទូរទស្សន៍ NICE TV ប្រចាំ​ខេត្ត​ព្រះវិហារ ចុះ​ទៅ​យក​ព័ត៌មាន​តាម​ការ​អញ្ជើញ​របស់​ព្រះរាជអាជ្ញារង​ខេត្ត​ព្រះវិហារ លោក វុធ សាវី ទាក់ទិន​នឹង​ការ​បង្ក្រាប​បទល្មើស​ឈូស​ឆាយ​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​ក្នុង​ភូមិ​ក្ដាក់ ឃុំ​ត្បែងពីរ ស្រុក​គូលែន ខេត្ត​ព្រះវិហារ។

ក្នុង​ការ​បង្ក្រាប​បទល្មើស​នោះ អាជ្ញាធរ​បាន​រឹបអូស​គ្រឿងចក្រ​មួយ​ចំនួន​ពី​ឈ្មោះ ឈន លាងឆុន ឈ្មោះ ញ៉ាំ ឈុនលី និង​ឈ្មោះ សន សាអែម ប៉ុន្តែ​អាជ្ញាធរ​បាន​ប្រគល់​គ្រឿងចក្រ​ទាំងនោះ​ឱ្យ​ទៅ​ជនល្មើស​វិញ​ទាំងអស់​ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​មួយ​ប្រាវ។

យ៉ាងណាក៏ដោយ ម្ចាស់​គ្រឿងចក្រ​ទាំងនោះ​ក៏​បាន​ប្តឹង​រាជអាជ្ញារង​លោក វុធ សាវី លោក ទ្រី វិច្ឆិកា និង​លោក ទ្រី សុផល ដែល​ជា​អ្នក​សារព័ត៌មាន​ផង​ដែរ ពី​បទ​កំហែង​យក​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២១ កន្លងទៅ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ បុគ្គលិក​ទូរទស្សន៍​ហង្ស​មាស លោក ទ្រី វិច្ឆិកា និង​លោក ទ្រី សុផល បុគ្គលិក​ទូរទស្សន៍ NICE TV ប្រចាំ​ខេត្ត​ព្រះវិហារ ក៏​បាន​ដាក់​ពាក្យ​សុំ​អន្តរាគមន៍​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ដើម្បី​ស្នើសុំ​ផ្ទេរ​សមត្ថកិច្ច​តុលាការ​ពី​ខេត្ត​ព្រះវិហារ ទៅ​រាជធានី​ភ្នំពេញ​ជំនួស​វិញ ដោយ​យល់ឃើញ​ថា សំណុំរឿង​របស់​លោក​មាន​ភាព​មិន​ប្រក្រតី។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា «ខេមបូចា» លោក ណុប វី បាន​លើកឡើង​ក្នុង​ប្រអប់​បញ្ចេញ​មតិ​កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ថា អំពើ​អយុត្តិធម៌​កាន់តែ​រីក​ធំធាត់​ពេញ​សង្គម។ លោក​ថា ប្រសិនបើ​ស្រុក​ខ្មែរ​នៅតែ​កើត​មាន​អំពើ​អយុត្តិធម៌ ដូចជា​វ៉ៃ​ហើយ​ចាំ​បង់​លុយ​តាម​ក្រោយ​ដើម្បី​បញ្ចប់​រឿង​ជាដើម នោះ​ជា​ហេតុ​ដែល​នាំ​ឲ្យ​បង្ក​វិនាសកម្ម​យ៉ាង​ធំធេង​ដល់​សង្គម​ជាតិ​ទៅ​ថ្ងៃ​ក្រោយ​ជាមិនខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស