31.4 C
Phnom Penh

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ក្រុម​វិនិយោគ​ដែល​បាត់​លុយ ៣០​លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន GFX ប្តឹង​ទៅ​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​វិនិយោគ​ដែល​បាន​បាត់​លុយ​ចំនួន ៣០​លាន​ដុល្លារ​អាមេរិក​ពី​ការ​បណ្ដាក់ទុន​ក្នុង​ក្រុមហ៊ុន GoldFX Investment ឱ្យ​ប្តឹង​ទៅ​តុលាការ​កម្ពុជា​ដើម្បី​រក​ដំណោះស្រាយ​តាម​ផ្លូវច្បាប់។

លោក​បាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​លើ​ទំព័រ Facebook របស់​លោក កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ដោយសារ​មាន​អ្នក​ចូល​មក​សំណូមពរ​យ៉ាង​ច្រើន ដូច្នេះ​លោក​សូម​ឆ្លើយ​ដោយ​ខ្លី​ថា សូម​ភាគី​អ្នក​ដាក់​ទុន​វិនិយោគ និង​ម្ចាស់​ភាគី​ក្រុមហ៊ុន​សម្រុះសម្រួល​គ្នា​សិន​ទៅ ព្រោះថា​ភាគី​ទាំង​សងខាង​បាន​យល់ព្រម​ស្រុះស្រួល​រកស៊ី​ជាមួយ​គ្នា​នា​ពេល​កន្លងមក។

លោក ហ៊ុន សែន បញ្ជាក់​ថា ក្នុង​ករណី​ភាគី​ទាំង​សងខាង​រក​ការ​ស្រុះស្រួល​មិន​បាន​លើ​ករណី​ដែល​ភាគី​ខាង​ក្រុមហ៊ុន​ផ្តល់​សំណង​ហើយ តែ​ភាគី​អ្នក​បណ្ដាក់ទុន​មិន​យល់ព្រម​ទទួលយក​សំណង​នោះ សូម​នាំគ្នា​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ចុះ ដើម្បី​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​ជា​អ្នក​វែកញែក​រក​ខុសត្រូវ​លើ​ករណី​នេះ។

ការ​ណែនាំ​របស់​លោក ហ៊ុន សែន គឺ​បន្ទាប់ពី​ក្រុម​វិនិយោគិន​ជាច្រើន​នាក់​បាន​នាំគ្នា​ចូល​ទៅ​សរសេរ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​លើ​ទំព័រ Facebook របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២១ មាន​គណនី Facebook ជាច្រើន​ដែល​បាន​សំអាង​ថា​ខ្លួន​ជា​ជនរងគ្រោះ នាំគ្នា​ចូល​ទៅ​សរសេរ​សំណូមពរ​ទៅកាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ត្អូញត្អែរ​ថា ពួកគេ​គឺជា​វិនិយោគិន​ប្រមាណ​ជា ៥០០​នាក់​បាន​ដាក់​ប្រាក់​វិនិយោគ​ក្នុង​ក្រុមហ៊ុន (GOLDFX INVESTMENT CO., LTD) នា​ពេល​កន្លងមក។ ប៉ុន្តែ​អស់​រយៈពេល​ជាច្រើន​ខែ​មក​នេះ ពួកគេ​មិន​បាន​ទទួល​ប្រាក់​ពី​ការ​បណ្ដាក់ទុន​ដូច​អ្វី​ដែល​ក្រុមហ៊ុន​ធ្លាប់​បាន​អះអាង​នោះ​ទេ។

ប្រភព​ដដែល​អះអាង​ថា ពួកគេ​សុំ​តែ​ប្រាក់ដើម ១០០% វិញ​តែប៉ុណ្ណោះ ប៉ុន្តែ​អស់​រយៈពេល​ជាង ៦​ខែ​មក​ហើយ​ដែល​ភាគី​ក្រុមហ៊ុន​មិនបាន​រក​ដំណោះស្រាយ​សង​ប្រាក់ដើម​ដែល​ពួកគេ​បាន​ដាក់​វិនិយោគ​កន្លងទៅ​នោះ​ទេ ហើយ​ភាគី​ក្រុមហ៊ុន​បែរជា​អះអាង​ជា​ឯកតោភាគី​ថា ខ្លួន​នឹង​ផ្តល់​សំណង​ត្រឹមតែ ៣០% នៃ​ប្រាក់ដើម​សរុប​របស់​អតិថិជន​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ កន្លងទៅ និយតករ​មូលប័ត្រ​កម្ពុជា បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ថវិកា​ក្នុង​ការ​បណ្ដាក់ទុន​ជាមួយ​ក្រុមហ៊ុន GoldFX Investment ជិត ៨០០​បណ្តឹង ដោយ​ទាមទារ​ប្រាក់​បណ្ដាក់ទុន​ពួកគេ​វិញ ដែល​ក្រុមហ៊ុន​បាន​ធ្វើ​ឱ្យ​បាត់​ប្រាក់​វិនិយោគ​របស់​អតិថិជន​ប្រមាណ​ជា ៣០​លាន​ដុល្លារ​អាមេរិក។

អ្នក​វិនិយោគទុន​ជាមួយ​ក្រុមហ៊ុន GFX investment

ក្រុម​អ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន GoldFX Investment នេះ ត្រូវ​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​មាន​ឈ្មោះ​ថា ខ្មែរ​ថាមស៍ (Khmer Times) ដកស្រង់​សម្ដី​កាលពី​ពេល​កន្លងទៅ​ថា ប្រាក់​វិនិយោគ​នៅ​ក្រុមហ៊ុន GFX នេះ​ត្រូវ​បាន​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ដែល​ជា​ជនជាតិ​សិង្ហបុរី ២​នាក់ និង​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ លួច​ដក​អស់​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក ហើយ​ក៏​គេច​ខ្លួន​បាត់​ស្រមោល​តែម្តង។ ចំណែក​លុយ​ដែល​ពួកគេ​បាន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នេះ​មាន​ចំនួន​ចាប់ពី ១​ពាន់​ដុល្លារ​អាមេរិក​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់ៗ ហើយ​ចំណោម​នោះ​ក៏​មាន​សិស្ស​និស្សិត​ផង​ដែរ។

យ៉ាងណាក៏ដោយ ក្រោយ​កើតមាន​បញ្ហា​នេះ ក្រុមហ៊ុន GoldFX Investment បាន​ណាត់​ជួប​អតិថិជន​បាន​មួយ​ចំនួន​ដែរ​ក្នុង​ចំណោម​អតិថិជន​សរុប​ប្រមាណ ៣​ពាន់​នាក់​ចាប់តាំង​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២១ មក ក្នុង​នោះ​ក៏​មាន​អ្នក​ដែល​បាន​យល់ព្រម​ទទួល​ដំណោះស្រាយ​រួម​រវាង​ក្រុមហ៊ុន និង​ពួកគេ​ផង​ដែរ។

ក្រុមហ៊ុន GOLDFX INVESTMENT CO.,LTD ហៅ​កាត់​ថា GFX ជា​ក្រុមហ៊ុន​ឯកជន​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដែល​មាន​ការិយាល័យ​កណ្តាល​នៅ​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ជា​ភ្នាក់ងារ​ឈ្មួញ​ជើងសា​ដែល​ទទួល​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ពី​គណៈកម្មការ​មូលប័ត្រ​កម្ពុជា ដែល​សំដៅ​លើ​ការ​ជួញដូរ​លើ​រូបិយប័ណ្ណ​អន្តរជាតិ មាស និង​ប្រេងឆៅ​ជាដើម។

ក្រុមហ៊ុន GoldFX Investment

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា តុលាការ​កម្ពុជា​គួរតែ​ពិនិត្យ និង​ដោះស្រាយ​លើ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់ ត្បិត​ពលរដ្ឋ​នៅ​ពេលនេះ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ Covid-19 ផង​ដែរ ដូច្នេះ​ដំណោះស្រាយ​ផ្តល់​ប្រាក់​សំណង​ដល់​ក្រុម​វិនិយោគិន​ទាំងនោះ ១០០% ជូន​ពួកគេ​វិញ គឺ​ជា​ហេតុផល​ត្រឹមត្រូវ​បំផុត។

សារព័ត៌មាន The Cambodia Daily មិនទាន់​អាច​ទាក់ទង​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន GFX នេះ​ដើម្បី​បំភ្លឺ​លើ​បញ្ហា​នៃ​ការ​ទាមទារ​ប្រាក់សំណង​នេះ​បាន​នៅឡើយ​ទេ​រហូត​មក​ទល់នឹង​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស