41.3 C
Phnom Penh

ពលរដ្ឋ​ស្រុក​បុទុមសាគរ​ចោទ​មន្ត្រី​បរិស្ថាន​ថា​ដឹកនាំ​កម្លាំង​ចម្រុះ​បំផ្លាញ​ផ្ទះ​និង​ដំណាំ​ដើម្បី​យក​ដី​ឱ្យ​ក្រុមហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​នាំគ្នា​ទៅ​ចាប់​រាន​ដី​ធ្វើ​ចម្ការ និង​សង់​ផ្ទះ​តូចៗ​រស់នៅ​ក្នុង​ឃុំ​ថ្មស ស្រុក​បុទុមសាគរ បាន​ចោទ​មន្ត្រី​មន្ទីរ​បរិស្ថាន និង​កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ថា​បាន​ចុះ​ទៅ​រុះរើ​ផ្ទះ និង​កាប់​ដំណាំ​ហូប​ផ្លែ​របស់​ពួកគាត់​ខ្ទេចខ្ទី​គ្មាន​សល់ ដើម្បី​ប្លន់​ដី​យក​ទៅ​ប្រគល់​ជូន​ក្រុមហ៊ុន​វិនិយោគ​ទាំង​កំរោល។

ពលរដ្ឋ​ចាត់ទុក​សកម្មភាព​របស់​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង ថា​ធ្វើឡើង​មាន​លក្ខណៈ​ព្រៃផ្សៃ និង​ប្រមាថ​ចាប់​ពលរដ្ឋ​ដាក់​គុក ប្រសិនបើ​ពួកគាត់​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​តវ៉ា ឬ​រារាំង​សកម្មភាព​របស់​ពួកគេ​នោះ។

ពលរដ្ឋ​រងគ្រោះ បាន​សំណូមពរ​ដល់​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ជាពិសេស​លោក ហ៊ុន សែន ជួយ​រក​យុត្តិធម៌ និង​ស្នើសុំ​ចូល​ទៅ​រស់នៅ​លើ​ដី​ចម្ការ​ដាំ​ដុះ និង​សង់​ផ្ទះ​រស់នៅ​ដូច​ដើម​ឡើងវិញ ត្បិត​ពួកគាត់​មិន​មាន​ដី​សម្រាប់​ធ្វើ​របរ​កសិកម្ម ឬ​សង់​លំនៅឋាន​រស់នៅ​ឡើយ។ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ពួកគាត់​បាន​ចូល​មក​រស់នៅ​លើ​ទីតាំង​ដី​ខាងលើ​នេះ​ប្រមាណ ៥​ឆ្នាំ​កន្លងមក​ហើយ ដោយ​មាន​ដាំ​ដុះ​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ​ផង។ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ចុះ​មក​កាប់​បំផ្លាញ​ចោល​ដើម្បី​យក​ដីធ្លី​ដែល​ពួកគាត់​ខំ​កាប់​រាន​សម្រាប់​សង់​លំនៅឋាន​ទាំងនោះ ប្រគល់​ឲ្យ​ក្រុមហ៊ុន​ទៅវិញ។

ពលរដ្ឋ​បញ្ជាក់​ថា សកម្មភាព​ចុះ​កាប់​ផ្ដួល​រំលំ​ដើមឈើ​ហូប​ផ្លែ និង​ផ្ទះ​ពី​ក្រុម​អាជ្ញាធរ គឺ​បាន​ចាប់ផ្តើម​តាំងពី​ចុង​ខែ​សីហា បន្ត​មក​ដល់​ខែ​កញ្ញា នេះ។

ទាក់ទិន​បញ្ហា​នេះ លោក វ៉េត សុនីម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង ដែល​ដឹកនាំ​កម្លាំង​ចម្រុះ​ទៅ​រុះរើ​ផ្ទះ និង​កាប់​បំផ្លាញ​ដើមឈើ​ហូប​ផ្លែ​របស់​ពលរដ្ឋ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា សំណង់​ខ្ទម​តូចៗ និង​ចម្ការ​ដំណាំ​ជាច្រើន​ទីតាំង​នៅ​ឃុំ​ថ្មស ដែល​ត្រូវ​ជន​ខិលខូច​មួយ​ចំនួន​លួច​សាងសង់​គ្មាន​ច្បាប់ និង​គ្មាន​ការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ដូច្នេះ​ត្រូវ​បាន​អាជ្ញាធរ​កម្ទេច​ចោល​ដើម្បី​រឹបអូស​យក​ទីតាំង​ដី​ទាំងនោះ​មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​វិញ។

លោក​បន្ត​ថា មុន​នឹង​ឈាន​ដល់​ចំណាត់ការ​ផ្លូវច្បាប់​ខាងលើ​នេះ អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ទាំងនោះ​ជាច្រើន​លើក​ច្រើនសា​រួចមក​ហើយ ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ​ទេ មិន​ត្រឹម​តែប៉ុណ្ណោះ បាន​បន្ត​ចូល​ទៅ​កាប់​ទន្ទ្រាន​ព្រៃ​តំបន់​នោះ​សង់​ផ្ទះ និង​ដាំ​ដំណាំ​ផ្សេងៗ​ដោយ​ខុសច្បាប់​ទៀត។

លោក វ៉េត សុនីម បន្ត​ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​ចូល​មក​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃឈើ​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ​ទាំងនេះ គឺ​សុទ្ធតែ​មាន​ផ្ទះ និង​ដី​ស្រែ​ចម្ការ​សម្រាប់​បង្កបង្កើនផល​រៀងៗ​ខ្លួន ហើយ​ភាគច្រើន​ជា​អ្នក​ទៅ​ស៊ីឈ្នួល​ចាំ​ដី​ចម្ការ​ឲ្យ​គេ​ជា​ថ្នូរ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ។

មន្ត្រី​រូប​នេះ​បញ្ជាក់​ថា សកម្មភាព​ចូល​មក​ទន្ទ្រាន​ដី​ព្រៃឈើ​ឃុំ​ថ្មស ស្រុក​បុទុមសាគរ​ខាងលើ​នេះ បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ ហើយ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ចំនួន ២​លើក​រួច​មក​ហើយ ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ល្មើស​ដដែល ស្រប​ពេល​អាជ្ញាធរ​ជាប់​មមាញឹក​ក្នុង​សកម្មភាព​ចុះ​ទប់ស្កាត់​ជំងឺ Covid-19 ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

លោក វ៉េត សុនីម បន្ថែម​ថា បច្ចុប្បន្ន​នេះ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​កោះកុង កំពុង​ពិនិត្យ​ទីតាំង​ផ្សេងៗ​ទៀត​ដែល​មាន​បទល្មើស​ចូល​ទៅ​កាប់​រាន​ព្រៃឈើ​រដ្ឋ​នៅ​ស្រុក​បុទុមសាគរ ដើម្បី​ឈាន​ទៅ​បញ្ជូន​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព។

យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​បាន​ធ្វើ​អនុបយោគ​ផ្ទៃដី​ទំហំ​ជិត ១៣​ម៉ឺន​ហិកតារ (១២៦៩២៨​ហិកតារ) ក្នុង​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៨​តំបន់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ដើម្បី​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ដែល​បាន​រស់នៅ និង​អាស្រ័យផល ត្រូវ​កាត់​ដី​ទាំងនេះ​ចែក​ជូន​ពួកគាត់​តាម​ជាក់ស្តែង។ ទំហំ​ដី​ដែល​ត្រូវ​កាត់​ជូន​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​បុទុមសាគរ មាន​ចំនួន​ជាង ៣​ម៉ឺន​ហិកតារ (៣០០៦៤​ហិកតារ)។

បញ្ហា​នេះ​ដែរ ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ស្រុក​បុទុមសាគរ ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់​បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ថា អាជ្ញាធរ​ខេត្ត​កោះកុង ក្រោម​បទបញ្ជា​ផ្ទៃក្នុង​របស់​លោក សុខ សុទ្ធី អភិបាលរង​ខេត្ត​កោះកុង បាន​បញ្ជា​ឲ្យ​មន្ត្រី​រាជការ​ក្រោម​ឱវាទ និង​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង ចុះ​ទៅ​រុះរើ​ផ្ទះ និង​កាប់​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​ដើម្បី​ពង្រីក​ទំហំ​ផ្ទៃដី​យក​ទៅ​ផ្តល់​ជូន​ក្រុមហ៊ុន​មួយ​ដែល​ត្រៀម​ចូល​ទៅ​វិនិយោគ​នៅ​តំបន់​នោះ​មាន​ផ្ទៃដី ១​ម៉ឺន​ហិកតារ។

តាម​ប្រភព​ដដែល​បន្ត​ថា ដោយសារតែ​រដ្ឋបាល​ខេត្ត​កោះកុង មិន​មាន​ដី​គ្រប់​ចំនួន ១​ម៉ឺន​ហិកតារ​សម្រាប់​ផ្តល់​ជូន​ក្រុមហ៊ុន ទើប​បញ្ជា​ឲ្យ​មន្ទីរ​បរិស្ថាន និង​អាជ្ញាធរ​ស្រុក​បុទុមសាគរ ចុះ​ទៅ​ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន ដើម្បី​យក​ដី​ទៅ​បង្គ្រប់​ឲ្យ​ទៅ​ក្រុមហ៊ុន​វិនិយោគ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស