34 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​រៀន​យក​គំរូ​តាម​មេមាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ខាង​ផ្នែក​សារព័ត៌មាន អះអាង​ថា ក្រុម​ប្រឆាំង​គួរតែ​រៀនសូត្រ​តាម​គំរូ​មេមាន់​ខ្លះ​ទៅ ព្រោះ​យ៉ាងហោចណាស់​មេមាន់​ក៏​មាន​ចរិត​ចេះ​បិទបាំង​ភាព​ខ្មាសអៀន​របស់​ខ្លួន​ខ្លះ​ដែរ មុន​នឹង​ប្រគល់​ខ្លួន​ឱ្យ​មាន់​ឈ្មោល។

មន្ត្រី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​លើក​ការ​ប្រៀបធៀប​ហាក់​សំដៅ​ការ​បដិសេធ​របស់​លោក ហ៊ុន សែន ពី​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចរិត​ពិត​របស់​មាន់​ឈ្មោល​តែង​បង្ហាញ​ឫកពា​ជា​អ្នក​ក្លាហាន​ចេញ​មក​ខាងក្រៅ​ឱ្យ​គេ​ឃើញ ប៉ុន្តែ​ចរិត​ពិត​គឺ​ត្រេកត្រអាល​ដៀង​ភ្នែក​ដាក់​គ្នា​ដើម្បី​ឱ្យ​គេ​ជួយ​បំពេញ​បំណង​ខ្លួនឯង។

លោក ប៉ា ងួនទៀង លើកឡើង​ដោយ​សំដៅ​ទៅ​រក​បក្ស​ប្រឆាំង​ថា បើ​ទោះបី​ខ្លួន​ចង់​ប្រគល់​ខ្លួន​ឲ្យ​មាន់​ឈ្មោល​ដែល​កំពុង​តាម​កៀង​នោះ​ក៏ដោយ មេមាន់​តែង​ធ្វើ​ឫក​ថ្លៃថ្នូរ​លាក់បាំង​ចំណង់​របស់​ខ្លួន​សិន​ដែរ រហូត​ដល់​មាន់​ឈ្មោល​នោះ​ព្យាយាម​ខ្លាំង​ណាស់​ម្តង​ហើយ​ម្តង​ទៀត​ចាំ​គិតគូរ​រក​ពេលវេលា​សហការ​គ្នា។

លោក ប៉ា ងួនទៀង បញ្ជាក់​ថា តាមពិត​ការ​សម្របសម្រួល​គ្នា​រវាង​ក្រុម​នយោបាយ​បដិបក្ខ គឺជា​រឿង​ល្អ​សម្រាប់​ជាតិ​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ក្រុម​ប្រឆាំង​គួរតែ​មាន​យុទ្ធសាស្ត្រ និង​ជំហរ​នយោបាយ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​រក​ផលប្រយោជន៍​ជូន​ជាតិ ព្រោះថា​ការ​ធ្វើ​នយោបាយ​មិនមែន​ដើម្បី​ប្រជាប្រិយភាព​ផ្ទាល់ខ្លួន ឬ​ដើម្បី​បក្ស​ខ្លួនឯង​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ លោក ហ៊ុន សែន អះអាង​ថា ការ​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​ក្រុម​ប្រឆាំង​តាម​ប្រព័ន្ធ​អនឡាញ Zoom កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ មិនមែន​ជា​សញ្ញា​បង្ហាញ​រក​ការ​ចរចា​ដូច​ការ​លើកឡើង​របស់​អ្នកវិភាគ​នោះ​ទេ ប៉ុន្តែ​ជា​សញ្ញា​ដែល​លោក​ចង់​ប្រាប់​ថា បណ្ដាញ​យក​ការណ៍​របស់​លោក​មាន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់។

ទាក់ទង​នឹង​ករណី​នេះ លោក ហ៊ុន សែន នៅតែ​បន្ត​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 សម្រាប់​កុមារ​នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ថា លោក​នឹង​មិន​ចរចា​ជាមួយ​អ្នក​នយោបាយ​ណាមួយ​ទេ ប៉ុន្តែ​រឿង​ដែល​ក្រុម​ប្រឆាំង​ត្រូវ​ដោះស្រាយ គឺ​ជាមួយ​តុលាការ​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ទី​១៦ ខែ​កញ្ញា ថា ការ​លួច​ចូល​ស្តាប់​ក្នុង​កិច្ចប្រជុំ​បក្ស​ប្រឆាំង​របស់​លោក ហ៊ុន សែន គ្រាន់តែ​ដើម្បី​បង្ហាញ​ចរិត​អួតអាង​ជា​អ្នក​ខ្លាំង​របស់​គាត់ ដូចជា​កម្មករ​លី​ដែក​ដ៏​ធំ ប៉ុន្តែ​ការពិត​ជា​ដែក​ដែល​ប្រហោង​ក្នុង​ប៉ុណ្ណោះ។

លោក​រិះគន់​ថា នៅ​ពេល​លោក ហ៊ុន សែន លួច​ចូល​ស្តាប់​ក្នុង​កិច្ចប្រជុំ​របស់​ក្រុម​ប្រឆាំង​បែប​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​គ្មាន​តម្លៃ​សូម្បីតែ​ធ្វើ​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ កុំ​ថា​ឡើយ​ដល់​នាយករដ្ឋមន្ត្រី​ពេញ​ច្បាប់ ព្រោះថា​ការ​និយាយ​ក្អេងក្អាង​ក្នុង​ប្រព័ន្ធ ZOOM នោះ គឺ​ជា​ល្បែង​នយោបាយ​ឥត​ថ្លៃថ្នូរ​មក​លេង ដែល​មិន​សម​ទៅ​នឹង​ឋានៈ​របស់​លោក​ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស