27 C
Phnom Penh

កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Pacquiao ប្រកាស​ឈរ​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី​ក្រោយ​ពី​បែកបាក់​សម្ពន្ធភាព​ជាមួយ​បុរស​ខ្លាំង ឌូទើតេ

បទវិភាគ

នៅ​មិន​ដល់​មួយ​ឆ្នាំ​ទៀត​នោះ​ទេ ប្រទេស​ហ្វីលីពីន នឹង​បោះឆ្នោត​ប្រធានាធិបតី។ ខណៈ​នេះ​នៅ​ពុំ​ទាន់​មាន​បេក្ខជន​ច្រើន​ទេ​ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត។ សម្រាប់​កំពូល​អ្នក​ប្រដាល់ Manny Pacquiao ដូចជា​មាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ។

នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​កញ្ញា មាន​ការ​ចុះផ្សាយ​ព្រោងព្រាត​អំពី​ដំណឹង​ដែល​ថា លោក Pacquiao សម្រេច​ចិត្ត​ឈរ​ឈ្មោះ​សម្រាប់​បេក្ខជន​ប្រកួត​យក​តំណែង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន។ ដូច​ការ​រំពឹង​ទុក កំពូល​កីឡាករ​ប្រដាល់ Pacquiao កាលពី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​កញ្ញា បាន​ប្រកាស​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ឆ្នាំ​២០២២ ដែល​ជា​ការ​បោះឆ្នោត​បញ្ចប់​អាណត្តិ​របស់​បុរស​ខ្លាំង រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte)។

កីឡាករ​ប្រដាល់​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ​ជា​បេក្ខជន​ប្រធានាធិបតី​មកពី​ក្រុម​ផ្ដាច់​ខ្លួន​នៃ​គណបក្ស​ដែល​កំពុង​កាន់​អំណាច PDP ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ។

លោក Pacquiao មកពី​ក្រុម​បក្ស​នេះ​ដែរ តែ​មាន​ឈ្មោះ​ថា PDP-Laban ដែល​បែកបាក់​គ្នា​កាលពី​មួយ​ខែ​មុន​នេះ បន្ទាប់ពី​បក្ស PDP បណ្ដេញ​កីឡាករ​ប្រដាល់​រូប​នេះ​ពី​បក្ស ដោយសារតែ​មាន​ជម្លោះ​ជាមួយ​លោក ឌូទើតេ។

អ្វី​ដែល​បុរស​ខ្លាំង ឌូទើតេ ប្រតិកម្ម​នឹង​លោក Pacquiao គឺ​ដោយសារ​អ្នក​ប្រដាល់​ដ៏​ល្បី​នេះ​បង្ហាញ​ទស្សនៈ​ជាតិ​និយម​រិះគន់​លោក ឌូទើតេ ដែល​ថា​កំសាក​មិន​ហ៊ាន​ប្រឆាំង​ចិន ចូល​ឈ្លានពាន​ដែន​ទឹក​របស់​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង។ មិនតែប៉ុណ្ណោះ លោក ឌូទើតេ អន់ចិត្ត​មួយ​ទៀត​នោះ គឺ​ដោយសារ​តែ​លោក Pacquiao ចោទ​ថា គណៈរដ្ឋមន្ត្រី​របស់​លោក ឌូទើតេ មួយ​ចំនួន​ប្រព្រឹត្ត​អំពើពុករលួយ។

បន្ទាប់ពី​ប្រកួត​នៅ​លើក​ចុងក្រោយ​បង្អស់​នៅ Las Vegas សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​២២ សីហា កីឡាករ​ប្រដាល់​ហ្វីលីពីន Pacquiao ប្រកាស​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ថា ខ្លួន​លោក​សម្រេច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ហ្វីលីពីន​ហើយ​នៅ​ពេលនេះ គឺ​សម្រាប់​តំណាង​ឱ្យ​គណបក្ស PDP-Laban។ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន SBN News បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​២០ កញ្ញា នេះ។

កីឡាករ​ប្រដាល់​អាជីព​ជនជាតិ​ហ្វីលីពីន​រូប​នេះ បាន​សម្រេច​ចិត្ត​ចូល​ប្រឡូក​នយោបាយ​នៅ​ឆ្នាំ​២០១០ តាំងតែ​ពី​លោក​ចូល​ជា​សមាជិក​នៃ​គណបក្ស​ដឹកនាំ​ដោយ​ប្រធានាធិបតី ឌូទើតេ នៃ​បក្ស PDP។ បន្ទាប់ពី​ជាប់​ឆ្នោត​ជា​សមាជិក​សភា កំពូល​កីឡាករ​ប្រដាល់​រូប​នេះ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន នៅ​ឆ្នាំ​២០១៦។

បច្ចុប្បន្ន លោក Pacquiao មាន​អាយុ ៤២​ឆ្នាំ។ លោក​ជា​អ្នក​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ហ្វីលីពីន។ អ្នក​នយោបាយ​រូប​នេះ​ធ្លាប់​ជា​អតីត​ក្មេង​ក្រីក្រ​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ។

លោក Manny Pacquiao កើត​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​១៩៧៨ នៅ​ក្នុង​សង្កាត់ Kibawe ស្ថិត​ក្នុង​ទីក្រុង Bukidnon ប្រទេស​ហ្វីលីពីន។ ជា​កូន​ទី​៤ ក្នុង​ចំណោម​បងប្អូន ៦​នាក់​ក្នុង​គ្រួសារ​របស់​លោក Rosalio Pacquiao និង​អ្នកស្រី Dionisia Dapidran-Pacquiao ដែល​ពួកគេ​បាន​ចែក​ផ្លូវ​គ្នា​កាលពី Pacquiao នៅ​រៀន​ថ្នាក់​ទី​៦ ម្ល៉េះ។ ព្រោះតែ​ក្រ​លំបាក យុវជន Pacquiao មិន​បាន​រៀន​ចប់​កម្រិត​ថ្នាក់​វិទ្យាល័យ​ឡើយ។ ដោយសារតែ​បញ្ហា​ជីវភាព​គ្រួសារ​ខ្វះខាត Pacquiao បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះ​តាំងពី​អាយុ ១៤​ឆ្នាំ​មក​ម្ល៉េះ តែ​រហូត​ដល់​ឆ្នាំ​២០០៧ បាន​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ជាស្ថាពរ។ Pacquiao ក៏​ចូល​រៀន​នៅ​សាកលវិទ្យាល័យ Notre Dame of Dadiangas គឺ​ជំនាញ​ផ្នែក​គ្រប់គ្រង​មុខ​ជំនួញ។

នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០០៩ Pacquiao បាន​ទទួល​ប័ណ្ណ​សរសើរ​ពី​សាកលវិទ្យាល័យ Southwestern University អំពី​ជីវិត​ជោគជ័យ​ក្នុង​វិស័យ​ប្រដាល់​សកល និង​សកម្មភាព​មនុស្សធម៌​ផ្សេងៗ​របស់​លោក។

កាលពី​ស្ថិត​ក្នុង​វ័យ ១៤​ឆ្នាំ ជីវិត​របស់ Pacquiao បាន​រសាត់​អណ្តែត​ដល់​ទីក្រុង Manil ដោយ​ដេក​នៅ​តាម​ថ្នល់ និង​សំយ៉ាប​ផ្ទះ​របស់​គេ មុន​ចូល​ហាត់​ប្រដាល់។ ក្នុង​វ័យ​ដែល​ពោរពេញ​ដោយ​ថាមពល Pacquiao ក៏​ចាប់​យក​អាជីព​ជា​អ្នកប្រដាល់​ដោយ​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល។ កីឡាករ​រូប​នេះ​ប្រកួត​ផ្លូវការ​ដំបូង​នា​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​១៩៩៥ ដោយ​បាន​ឈ្នះ​កីឡាករ Edmund Ignacio។

ដោយសារតែ​ភាព​លេចធ្លោ​ក្នុង​ការ​ប្រកួត​មិន​ដែល​ចាញ់ Pacquiao ត្រូវ​បាន​មិត្ត​ជិតស្និទ្ធ​ម្នាក់​ឈ្មោះ Euene Barutag បាន​លើក​ទឹកចិត្ត​ឱ្យ​ក្លាយ​ជា​អ្នកប្រដាល់​អាជីព​ចាប់តាំង​ពី​ឆ្នាំ​១៩៩៥ មក ដែល​មាន​អាយុ​ទើប​តែ ១៦​ឆ្នាំ​ប៉ុណ្ណោះ។

ចាប់ពី​ឆ្នាំ​១៩៩៥ មក Manny Pacquiao បាន​វិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កីឡាករ​ប្រដាល់​អាជីព ដោយ​ឡើង​ប្រកួត​បាន ៦៦​ដង ឈ្នះ ៥៨​ដង ស្មើ ២​ដង និង​ចាញ់ ៦​ដង។ លោក​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន ៣៨​ដង។ Pacquiao បច្ចុប្បន្ន​ជា​កីឡាករ​ប្រដាល់​អាជីព​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ពិភពលោក។ Pacquiao ក៏​ជា​កីឡាករ​លេខ​១ ប្រចាំ​ទ្វីបអាស៊ី និង​ជា​និមិត្តរូប​របស់​ប្រទេស​ហ្វីលីពីន​ថែមទៀត​ផង។ Pacquiao ក៏​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​លេខ​២ លើ​ពិភពលោក​ផង​ដែរ ដោយ​ក្នុង​មួយ​ឆ្នាំ លោក​អាច​ឡើង​ប្រកួត​បាន​តែ ១​ដង ឬ​យ៉ាង​ច្រើន​តែ ២​ដង​ប៉ុណ្ណោះ។

Pacquiao គឺជា​កីឡាករ​ប្រដាល់​តែ​ម្នាក់​គត់​ដែល​បាន​ទទួល​ខ្សែក្រវាត់​ជើងឯក​ពិភពលោក​កម្រិត​ទម្ងន់ ៨ ខុសៗ​គ្នា។ ទ្រព្យសម្បត្តិ​របស់​កំពូល​កីឡាករ​ហ្វីលីពីន​រូប​នេះ ត្រូវ​គេ​ប៉ាន់ស្មាន​ថា​មាន​ប្រមាណ ៥០០​លាន​ដុល្លារ​អាមេរិក។

Pacquiao បាន​រៀបការ​នៅ​ខែ​ឧសភា ឆ្នាំ​២០០០ ជាមួយ​នាង Jinkee Jamora ដែល​រហូត​មក​ទល់នឹង​ពេលនេះ ពួកគេ​មាន​កូន ៥​នាក់។

Pacquiao មាន​ទំនោរ​នយោបាយ​តឹងរ៉ឹង។ លោក​គាំទ្រ​ទោស​ប្រហារ​ជីវិត និង​ប្រឆាំង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។ នៅ​ក្នុង​ពេល​ប្រកាស​បេក្ខភាព​របស់​ខ្លួន គឺ​កំពូល​អ្នក​ប្រដាល់​រូប​នេះ​បាន​អះអាង​ថា បើ​លោក​ឈ្នះ​ឆ្នោត លោក​នឹង​ចេញ​បទបញ្ជា​ឱ្យ​ចាប់​អូស​ក​មន្ត្រី​ពុករលួយ​ដាក់​គុក​ដោយ​សន្យា​ពង្រីក​ចំនួន​គុក​ថែមទៀត។

ទាំងនេះ​ក៏​នាំ​ឱ្យ Pacquiao កើន​ប្រជាប្រិយ​កាន់តែ​ខ្លាំង។ តែ​យ៉ាងណា បេក្ខជន ២​រូប​ផ្សេង​ទៀត​ក៏​មាន​ប្រជាប្រិយភាព​ខ្លាំង​ដែរ គឺ​លោក Christopher Lawrence សមាជិក​សភា​មកពី​គណបក្ស​ដែល​កំពុង​កាន់​អំណាច​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ឌូទើតេ នៃ​បក្ស PDP និង​កូនស្រី​របស់​លោក ឌូទើតេ មកពី​គណបក្ស​ផ្សេង​មួយ​ទៀត។

ដោយឡែក​លោក ឌូទើតេ ដែល​មិន​អាច​ឈរ​ឈ្មោះ​មួយ​អាណត្តិ​ទៀត​បាន ក៏​បាន​ប្រកាស​ថា លោក​នឹង​ឈរ​ឈ្មោះ​ជា​អនុ​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​តែ​មួយ ដើម្បី​បន្ត​ប្រតិបត្តិការ​បោស​សម្អាត​គ្រឿងញៀន។

ឥឡូវ​នេះ Manny Pacquiao កាន់តែ​ឃ្លាត​ឆ្ងាយ​ពី​សម្ពន្ធភាព​ជាមួយ​នឹង​ប្រធានាធិបតី ឌូទើតេ។ បុរស​ខ្លាំង​រូប​នេះ​ទំនង​គេច​មិន​រួច​ទេ​នឹង​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ក្នុង​សំណុំរឿង​សម្លាប់​រង្គាល​នៃ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ក្រោម​ការ​បញ្ជា​របស់​បុរស​នេះ។

គេ​រំពឹង​ថា តុលាការ​អន្តរជាតិ​នេះ​នឹង​ចេញ​ដីកា​ចាប់​ខ្លួន​បុរស​ខ្លាំង ឌូទើតេ នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត​នេះ ជាពិសេស​នៅ​ពេល​មេដឹកនាំ​វ័យ ៧៦​ឆ្នាំ​រូប​នេះ​អស់​អំណាច។

តើ​លោក Pacquiao អាច​ជួយ​ការពារ​ជន​ជាប់ចោទ​ក្នុង​បទល្មើស​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែរ​ឬ​ទេ ខណៈ​កំពូល​កីឡាករ​ប្រដាល់​ពិភពលោក​រូប​នេះ​ប្រកាស​សច្ចា​ប្រឆាំង​នឹង​និទ្ទណ្ឌភាព៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស