លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យស្ថាប័នតុលាការ ពិនិត្យ និងពិចារណាឡើងវិញក្នុងការបញ្ឈប់ដីកាចាប់ខ្លួនបណ្ឌិត សេង សារី ចំពោះការវិភាគរបស់លោកដែលបានរងការចោទប្រកាន់ថា មាននិន្នាការគាំទ្រគណបក្សប្រឆាំងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនាពេលកន្លងមក។
លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ថា ក្រោយពីលោកបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily ក្នុងកម្មវិធី Idea Talk កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកយល់ថាការបកស្រាយរបស់បណ្ឌិត សេង សារី គឺមានលក្ខណៈសមហេតុសមផល។
លោក ហ៊ុន សែន លើកឡើងថា ការបកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេណារីយោ ៦ចំណុចដែលបណ្ឌិត សេង សារី បានលើកឡើងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថា «ជាការវិភាគបែបសេណារីយោ» នេះ លោកយល់ឃើញថាជាការអះអាងដែលអាចទទួលយកបាន។
បុរសខ្លាំងដែលឧស្សាហ៍ប្រើកណ្ដាប់ដៃដែករូបនេះបញ្ជាក់ថា លោកសូមលើកទឹកចិត្តឱ្យលោកបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម ហើយលោកក៏បានអំពាវនាវឲ្យភរិយា កូនៗ និងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំឲ្យមានការព្រួយបារម្ភអំពីបញ្ហានេះតទៅទៀត។
ក្នុងយុទ្ធនាការចាក់ថ្នាំបង្ការជំងឺ Covid-19 កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជាបានគំរាមចាប់ខ្លួនបណ្ឌិត សេង សារី បន្ទាប់ពីអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះបានលើកឡើងពីលក្ខខណ្ឌ ៦ចំណុចក្នុងការបង្កើតរដ្ឋាភិបាលក្រៅប្រទេសកាលពីពេលកន្លងទៅ។
ជុំវិញការគំរាមចាប់ខ្លួននេះ បណ្ឌិត សេង សារី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃ The Cambodia Daily កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ថា ការលើកឡើងរបស់លោកគ្រាន់តែជាការវិភាគបែបសេណារីយោប៉ុណ្ណោះ មិនមែនដើម្បីគាំទ្ររដ្ឋាភិបាលក្រៅប្រទេសណាមួយឡើយ។
បណ្ឌិត សេង សារី បញ្ជាក់ថា លោកមិនមែនជាសមាជិកបក្សប្រឆាំងនោះទេ ដូច្នេះការវិភាគនេះគ្រាន់តែបង្ហាញពីហេតុផលនៃការបង្កើតរដ្ឋាភិបាលក្រៅប្រទេសប៉ុណ្ណោះ ដូច្នេះប្រសិនបើរដ្ឋាភិបាលកម្ពុជាយល់ឃើញថា រដ្ឋាភិបាលនោះអាចកើតតាមសេណារីយោដែលលោកបានវិភាគមែន រដ្ឋាភិបាលក៏អាចប្រើវិធានការជាក់ស្តែងរបស់ខ្លួនបានដែរ ដោយឡែកសម្រាប់ខ្លួនលោកផ្ទាល់ចង់ឲ្យមានការផ្លាស់ប្ដូរតាមរយៈនៃការបោះឆ្នោតប៉ុណ្ណោះ។
បណ្ឌិត សេង សារី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះបន្តិចថា លោកនិងក្រុមគ្រួសាររបស់លោកមានសុវត្ថិភាពឡើងវិញហើយ ក្រោយពីលោក ហ៊ុន សែន បានអំពាវនាវឲ្យតុលាការបញ្ឈប់ការតាមចាប់ខ្លួនលោក ហើយខ្ញុំក៏សូមអរគុណដល់លោក ហ៊ុន សែន ដែលទទួលបាននូវការពន្យល់ និងការបកស្រាយរបស់លោកតាមរយៈកិច្ចសម្ភាសន៍ពិសេសមួយដែលបានធ្វើជាមួយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃសៅរ៍។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃនេះថា លោកពិតជាស្ញប់ស្ញែងណាស់ដែលលោក ហ៊ុន សែន ជួយសម្រួលឲ្យបណ្ឌិត សេង សារី និងអនុញ្ញាតឲ្យគាត់បានវិភាគ និងស្រាវជ្រាវបន្តទៀត ប៉ុន្តែលោកសួរថា ចុះករណីសម្ដេច និងគណបក្សប្រជាជនធ្លាប់បានប្តឹងរូបលោក និងអ្នកផ្សេងទៀត តើសម្តេចគិតដូចម្តេចវិញ?
លោកបញ្ជាក់ថា នៅកម្ពុជាមានករណីប្រហាក់ប្រហែលគ្នាច្រើនណាស់ ដែលមេដឹកនាំកម្ពុជាគួរតែផ្តល់យុត្តិធម៌ ដើម្បីចៀសវាងការដោះស្រាយបញ្ហាដែលមានស្តង់ដារពីរ ព្រោះថាការដោះស្រាយបែបនេះ គឺជាទង្វើអាក្រក់មើលបំផុតសម្រាប់ក្រសែភ្នែករបស់ពលរដ្ឋខ្មែរជាម្ចាស់ប្រទេស ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ ដែលបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់ផលប្រយោជន៍របស់កម្ពុជា។
មាត្រា៣១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងករណីយកិច្ចដូចៗគ្នាទាំងអស់ដែលកម្ពុជាទទួលស្គាល់ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ប៉ុន្តែការប្រើសិទ្ធិនេះត្រូវប្រព្រឹត្តតាមលក្ខខណ្ឌដែលកំណត់ក្នុងច្បាប់៕