25 C
Phnom Penh

តុលាការ​ខេត្ត​កណ្ដាល​ដោះលែង​ពលរដ្ឋ​តវ៉ា​ដីធ្លី ៩​នាក់​វិញ​ក្រោយ​ពី​ពួកគេ​យល់ព្រម​ឈប់​តវ៉ា​តាម​លក្ខខណ្ឌ

បទវិភាគ

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល សម្រេច​ដោះលែង​ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​ចំនួន ៩​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ​ហើយ ក្រោយពី​ពួកគេ​ទទួលយក​លក្ខខណ្ឌ​ឈប់​តវ៉ា និង​ទទួល​យក​សំណង​តាម​ដែល​អាជ្ញាធរ​កំណត់ ៨​ដុល្លារ​ក្នុង ១​ម៉ែត្រការ៉េ​នោះ។

បន្ទាប់ពី​ឃុំ​ខ្លួន​ពលរដ្ឋ​ទាំង ៩​នាក់​នៅ​ក្នុង​ពន្ធនាគារ​រយៈពេល​ជិត ១០​ថ្ងៃ​មក នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក វ៉ាន់ សុបញ្ញា បាន​ចេញ​ដីកា​សម្រេច​ដោះលែង​អ្នក​តវ៉ា​ដីធ្លី​ទាំង ៩​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ។ តាម​ដីកា​សម្រេច​បញ្ជាក់​ថា ពួកគេ​ទាំង ៩​នាក់​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ ឬ​ឃ្លាំមើល​ពី​តុលាការ​ដដែល។

ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​ទាំង ៩​នាក់​នោះ តុលាការ​ខេត្ត​កណ្ដាល ចោទប្រកាន់​ចំនួន ៣​បទ​ចោទ ក្នុង​នោះ​រួមមាន៖

  • បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស
  • បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍
  • និង​បទ​ប្រឆាំង​នឹង​មន្ត្រី​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស។

កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​ថ្មី​របស់​ក្រុមហ៊ុន OCIC នៅ​ខេត្ត​កណ្តាល បាន​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​សមត្ថកិច្ច​ក្រោយពី​សមត្ថកិច្ច​ទាំងនោះ​បាន​ដាក់​របាំង​ដែក និង​រារាំង​ក្រុម​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូល​ទៅ​មើល​ដី​ស្រែ ខណៈ​ក្រុមហ៊ុន​កំពុង​ឈូស​ឆាយ​ដោយ​មិនទាន់​ដោះស្រាយ​សំណង​សមរម្យ​ជូន​ពួកគេ។

ក្រោយពី​មាន​ការ​ប៉ះទង្គិច​គ្នា​នោះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ពលរដ្ឋ ៣០​នាក់​បញ្ជូន​ទៅ​តុលាការ ប៉ុន្តែ​បាន​ដោះលែង​ពលរដ្ឋ​ចំនួន ២១​នាក់​វិញ ខណៈ​ពលរដ្ឋ ៩​នាក់​ផ្សេង​ទៀត​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល ក្រោម​បទ​ចោទប្រកាន់​ថា បាន​បង្ក​ហិង្សា​ដោយ​ចេតនា​ទៅលើ​សមត្ថកិច្ច​បណ្ដាល​ឱ្យ​រង​របួស។

សារព័ត៌មាន VOD បាន​ដកស្រង់​សម្ដី​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ចុះផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ការ​ដោះលែង​ពលរដ្ឋ​ទាំង ៩​នាក់​នេះ​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​បាន​តម្រូវ​ឱ្យ​ពួកគេ​ទាំងនោះ​ធ្វើ​លិខិត​ស្នាម​ផ្ដិត​មេដៃ​សុំទោស បញ្ឈប់​ការ​តវ៉ា និង​តម្រូវ​ឱ្យ​ពលរដ្ឋ​ទទួល​យក​សំណង​ត្រឹម ៨​ដុល្លារ​ក្នុង ១​ម៉ែត្រការ៉េ​តាម​ការ​កំណត់​របស់​អាជ្ញាធរ ទោះបី​កន្លងមក ពួកគេ​មិនព្រម​ទទួល​យក​សំណង​ក្នុង​តម្លៃ​នេះ ស្រប​ពេល​ដែល​ដី​នៅ​ក្បែរ​នោះ​មាន​តម្លៃ​ចាប់ពី ២០ ទៅ ៣០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ ក្រុម​ប្រជាពលរដ្ឋ​បាន​ចេញ​លិខិត​ចំហ​មួយ​ច្បាប់​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី អូស៊ីអាយស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ នេះ​បាន​ប៉ះពាល់​ដីធ្លី​របស់​ពលរដ្ឋ ៣៣០​គ្រួសារ​នៅ​ក្នុង​ឃុំ​ចំនួន​៤ ក្នុង​នោះ​មាន​ឃុំ​បឹងខ្យង ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល និង​ឃុំ​ពត់សរ នៅ​ស្រុក​បាទី ខេត្ត​តាកែវ ដែល​មាន​ក្បាលដី​ទំហំ​ជាង ១​លាន​ម៉ែត្រការ៉េ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស