29 C
Phnom Penh

តុលាការ​របប​សឹក​ភូមា​បង្ខំ​អ្នកស្រី ស៊ូជី ឆ្លើយ​សារភាព​ថា​គាំទ្រ​រដ្ឋាភិបាល​ឯកភាព​ជាតិ តែ​អ្នកស្រី​ថា​ជា​សិទ្ធិ​របស់​ពលរដ្ឋ

បទវិភាគ

អ្នកស្រី អ៊ុងសាន ស៊ូជី អតីត​ទីប្រឹក្សា​រដ្ឋ​មាន​ឋានៈ​ស្មើ​នឹង​ប្រធានាធិបតី បាន​ថ្លែង​ថា ការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ និង​កម្លាំង​របស់​រដ្ឋាភិបាល​នេះ គឺជា​សិទ្ធិ និង​ឆន្ទៈ​របស់​ប្រជាជន។

បើ​តាម​មេធាវី​របស់​អ្នកស្រី គឺ​អ្នកស្រី ស៊ូជី បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្ដី​លើ​សំណុំរឿង​ពុករលួយ​ប្រឆាំង​នឹង​អតីត​ទីប្រឹក្សា​រដ្ឋ​ភូមា​រូប​នេះ ហើយ​ចម្លើយ​របស់​អ្នកស្រី គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​សួរ​របស់​រដ្ឋអាជ្ញា​ដែល​បាន​សួរ​អ្នកស្រី​ថា តើ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ​ដែរ​ឬ​ទេ។ នេះ​បើ​តាម​វិទ្យុ RFA ជា​ភាសា​ភូមា ដែល​បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​អង្គារ ទី​២១ កញ្ញា នេះ។

តាម​មេធាវី Khin Maung Zaw ការ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​ករណី​អ្នកស្រី ស៊ូជី កាលពី​ថ្ងៃ​ចន្ទ ទី​២០ កញ្ញា គឺ​មាន​ជិត ១១​សំណុំរឿង។

ក្រុម​មេធាវី​របស់​អ្នកស្រី ស៊ូជី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ​ក្រោយពី​សវនាការ​បិទ​បញ្ចប់។ សេចក្ដី​ថ្លែងការណ៍​បាន​ស្រង់​សម្ដី​របស់​អ្នកស្រី ស៊ូជី ដែល​បាន​ថ្លែង​នៅ​ក្នុង​សវនាការ​ដែល​ថា អ្នកស្រី ស៊ូជី បាន​ប្រាប់​ទៅ​ចៅក្រម និង​រដ្ឋអាជ្ញា​ថា អ្នកស្រី​ពុំ​ដែល​មាន​គំនិត​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាជន​ក្នុង​ការ​តស៊ូ​ដើម្បី​សេរីភាព​នោះ​ទេ។

មេធាវី លោក Khin Maung Zaw អះអាង​ថា ក្រុម​មេធាវី​បាន​ជួប​អ្នកស្រី ស៊ូជី បាន​ប្រហែល​កន្លះ​ម៉ោង​មុន​សវនាការ​ចាប់ផ្ដើម។ មេធាវី​រូប​នេះ​ថា មុន​ថ្ងៃ​បើក​សវនាការ គឺ​ក្រុម​ប៉ូលិស និង​រដ្ឋអាជ្ញា​បាន​ទៅ​ជួប​អ្នកស្រី ស៊ូជី ដើម្បី​យក​ចម្លើយ​ពី​អ្នកស្រី​អំពី​ការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ។ តែ​នៅ​ពេល​នោះ អ្នកស្រី ស៊ូជី នៅតែ​ប្រកាន់​ជំហរ​ថា ទោះ​ជា​អ្នកស្រី​មិន​ចូល​ពាក់ព័ន្ធ ឬ​អនុម័ត​ក៏ដោយ តែ​អ្នកស្រី​គ្មាន​សិទ្ធិ​ប្រឆាំង ឬ​រាំង​ខ្ទប់​ចលនា​នេះ​ទេ ព្រោះ​វា​ជា​ឆន្ទៈ និង​ជា​សិទ្ធិ​របស់​ប្រជាជន។

កាលពី​ថ្ងៃ​ទី​៧ កញ្ញា រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​អ្នក​នយោបាយ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មាន​ឈ្មោះ​ថា រដ្ឋាភិបាល​រួបរួម​ជាតិ ឬ​ឯកភាព​ជាតិ​ភូមា បាន​ប្រកាស​ធ្វើ​សង្គ្រាម​ផ្ដួល​រំលំ​របប​យោធា​ដោយ​អំពាវនាវ​ឱ្យ​ក្រុម​ប្រដាប់​អាវុធ និង​ជនស៊ីវិល​ដាក់​គោលដៅ​លើ​ពួក​យោធា និង​ទ្រព្យសម្បត្តិ​របស់​ក្រុម​នេះ​ក្នុង​ការ​វាយប្រហារ។

លោក Duwa Lashi La ប្រធាន​ស្តីទី​នៃ​រដ្ឋាភិបាល​ឯកភាព​ជាតិ បាន​និយាយ​ថា នេះ​គឺជា​ការ​ចាប់ផ្តើម​នៃ​ការ​បះបោរ​ទូទាំង​ប្រទេស។ លោក​បាន​ព្រមាន​ប្រជាជន​ឱ្យ​ចៀសវាង​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់ ហើយ​ត្រូវ​ស្តុក​ទុក​ស្បៀងអាហារ​ក្នុង​ផ្ទះ​ចាប់ពី​ពេលនេះ​តទៅ ព្រោះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ និង​សង្គ្រាម​វាយឆ្មក់​ចាប់ផ្ដើម​នៅ​ទូទាំង​ប្រទេស​ហើយ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ កម្លាំង​មូលដ្ឋាន​របស់​ប្រជាជន​បាន​លេចឡើង​នៅ​ទូទាំង​ប្រទេស​ភូមា គឺ​ដើម្បី​ប្រឆាំង​នឹង​របប​យោធា​ដែល​បាន​ដណ្តើម​អំណាច​តាមរយៈ​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ និង​បាន​បង្ក​អំពើ​ហិង្សា​ទៅលើ​ប្រជាជន​ដែល​ចេញ​មុខ​ប្រឆាំង​នឹង​របប​នេះ។

លោក Duwa Lashi La ក៏​បាន​អំពាវនាវ​ដល់​ក្រុម​ជនជាតិ​ភាគតិច​ទាំងឡាយ​ក្នុង​ពេលនេះ ត្រូវ​វាយប្រហារ​លើ​របប​យោធា និង​ទ្រព្យសម្បត្តិ​របស់​ក្រុម​នេះ​នៅ​ក្នុង​តំបន់​រៀងៗ​ខ្លួន ហើយ​ត្រូវ​ចេះ​ការពារ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ដោយ​ប្រុងប្រយ័ត្ន។ លោក​បន្ត​ថា ត្រូវ​វាយ​លើ​ថ្នាក់​ដឹកនាំ​របប​យោធា មាន​ដូចជា​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង និង​ក្រុមប្រឹក្សា​យោធា​ទៅ​តាម​វិធី​ផ្សេងៗ​គ្នា។

លោក Duwa Lashi La ក៏​ទទូច​ដល់​ទាហាន ប៉ូលិស និង​មន្ត្រី​រាជការ គួរតែ​លាលែង​ពី​តំណែង ហើយ​ចូលរួម​ក្នុង​ការ​បះបោរ​នេះ។ ជាង​នេះ​ទៅទៀត លោក​បន្ត​សុំ​ឲ្យ​មន្ត្រី​រដ្ឋការ​ទាំងអស់​ដែល​នៅ​ក្រោម​ក្រុមប្រឹក្សា​យោធា មិន​ត្រូវ​ទៅ​ការិយាល័យ គឺ​ត្រូវ​ធ្វើ​ពហិការ​មិន​បម្រើ​ការងារ​ឱ្យ​របប​សឹក​មួយ​នេះ។

ក្រោយ​ពី​ការ​ប្រកាស​បែប​នេះ គេ​សង្កេត​ឃើញ​កងកម្លាំង​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ​គាំទ្រ​ដោយ​កងទ័ព​ជនជាតិ​ដើម​នៃ​បណ្ដា​រដ្ឋ​ប្រឆាំង​ពួក​យោធា បាន​បង្កើន​ការ​វាយប្រហារ​ទៅលើ​ពួក​យោធា​នៅ​ទូទាំង​ប្រទេស។ ការ​វាយឆ្មក់​បាន​បំផ្លាញ​ប៉ុស្តិ៍​យាម និង​អង់តែន​វិទ្យុ​ទាក់ទង​របស់​ពួក​យោធា​ជិត ២០០​ទីតាំង ហើយ​មិនតែប៉ុណ្ណោះ ការ​វាយឆ្មក់​នេះ​បាន​វាយកម្ទេច​ទ្រព្យសម្បត្តិ​ពួក​យោធា​រាប់​សិប​កន្លែង​ផង​ដែរ។ ចាប់តាំង​ពី​ការ​ប្រកាស​បើក​សង្គ្រាម​របស់​កងទ័ព​នៃ​ក្រុម​រដ្ឋាភិបាល​ឯកភាព​ជាតិ​នេះ ពួក​យោធា​បាន​ស្លាប់​កាន់តែ​កើន​ឡើង គឺ​រាប់​រយ​នាក់ ហើយ​រត់​ចុះចូល​នឹង​កម្លាំង​ការពារ​ប្រជាជន និង​កងទ័ព​រដ្ឋាភិបាល​ឯកភាព​ជាតិ​កាន់តែ​កើន​ឡើង។

ចាប់តាំង​ពី​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ មក ប្រជាជន​ស្លាប់​ដោយសារ​ការ​វាយ​បង្ក្រាប និង​បាញ់​សម្លាប់​កើន​ឡើង ១១១៤​នាក់ និង​ចាប់​ខ្លួន​ជាង ៦៦០០​នាក់ ក្នុង​នោះ​មាន​អ្នក​នយោបាយ​ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី ស៊ូជី ចំនួន ៣០០​នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ​ភូមា។

ចំពោះ​អ្នកស្រី ស៊ូជី រង​បទ​ចោទ ១១​ករណី ក្នុង​នោះ​រួមមាន អំពើពុករលួយ ការ​បំពាន​ច្បាប់​គ្រា​មាន​អាសន្ន​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​ជំងឺ​ឆ្លង​កូវីដ-១៩ និង​ការ​ទិញ​វិទ្យុ​ទាក់ទង​ដោយ​លួចលាក់ ដែល​ជា​ទោស​ក្បត់​ជាតិ។ បទ​ចោទ​ទាំងនេះ​នាំ​ឱ្យ​អ្នកស្រី​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ជាង ១០០​ឆ្នាំ។

មេធាវី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នកស្រី ស៊ូជី ដែល​មាន​អាយុ ៧៦​ឆ្នាំ​នៅ​មាន​សុខភាព​រឹងមាំ។ សវនាការ​ករណី​អ្នកស្រី ស៊ូជី ដែល​បាន​ធ្វើឡើង​នៅ​ពេលនេះ ត្រូវ​បាន​មើលឃើញ​ថា​ជា​ឈុត​ឆាក​មួយ​របស់​ពួក​យោធា មាន​ផែនការ​រំលាយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ក្រោម​លេស​ចោទ​ថា ជ័យជម្នះ​របស់​បក្ស​នេះ​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ គឺជា​ការ​លួច​បន្លំ និង​ជា​លទ្ធផល​ក្លែងក្លាយ​នាំ​ឱ្យ​មាន​រដ្ឋប្រហារ​កើតឡើង៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស