29 C
Phnom Penh

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១​មាន​កម្រិត​ត្រឹមតែ ១,៩% ប៉ុណ្ណោះ

បទវិភាគ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១ មាន​កម្រិត​ត្រឹម​តែ ១,៩​ភាគរយ​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​២០២២ នឹង​ងើប​ឡើង​វិញ​ក្នុង​អត្រា​កំណើន ៥,៥% ប៉ុន្តែ​ការ​ព្យាករ​នេះ​គឺ​ផ្ទុយពី​ការ​រំពឹង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​រហូត​ដល់ ២,៥% ក្នុង​ឆ្នាំ​២០២១ នេះ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​នាំចេញ​សម្លៀកបំពាក់ ទំនិញ​ធ្វើ​ដំណើរ និង​ស្បែកជើង​ក្នុង​ឆមាស​ទី​១ នៅ​ឆ្នាំ​២០២១ នេះ​មាន​កម្រិត​ទាប​ជាង​ពេល​មុន​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ-១៩ បើ​ទោះបីជា​ការ​នាំចេញ​នៅ​ឆ្នាំ​នេះ​មាន​កម្រិត​ខ្ពស់​ជាង​ឆ្នាំ​២០២០ ក៏ដោយ។

ប្រភព​ដដែល​អះអាង​ថា តម្រូវការ​ក្នុង​ស្រុក​សម្រាប់​ម្ហូបអាហារ ការ​ស្នាក់នៅ ការ​ដឹកជញ្ជូន និង​សេវាកម្ម​បម្រើ​ផ្ទាល់​ផ្សេង​ទៀត​ត្រូវ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយសារ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ-១៩ ក្នុង​នោះ​លំហូរ​ចូល​របស់​ភ្ញៀវ​អន្តរជាតិ​ក៏​បាន​ធ្លាក់​ចុះ​រហូត ៩១,៣% ផង​ដែរ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២១ នេះ។

ការ​ព្យាករ​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ-១៩ អស់​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមក ដែល​បណ្តាល​ឱ្យ​វិស័យ​មួយ​ចំនួន​ដែល​ជា​កត្តា​ចម្បង​នៃ​សេដ្ឋកិច្ច​កម្ពុជា​លែង​ដំណើរការ​ស្ទើរតែ​ទាំងស្រុង ដូចជា​វិស័យ​ទេសចរណ៍ ជាដើម។

ជុំវិញ​បញ្ហា​នេះ ធនាគារ​ពិភពលោក (World Bank) បាន​ព្យាករ​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​មាន​កំណើន​ជិត ៤% ក្នុង​ឆ្នាំ​២០២១ បន្ទាប់ពី​ធ្លាក់​ប្រមាណ ៣,១% កាលពី​ឆ្នាំ​២០២០។ ទោះជាយ៉ាងណាក៏ដោយ ធនាគារ​ពិភពលោក​បញ្ជាក់​ថា កំណើន​នេះ​នៅតែ​មាន​ភាព​មិន​ប្រាកដប្រជា​នៅឡើយ។

ក្នុង​សារ​លិខិត​អបអរ​សាទរ​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ ២១ កញ្ញា ឆ្នាំ​២០២១ លោក ហ៊ុន សែន អះអាង​ថា ទោះបី​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ-១៩ យ៉ាងណាក៏ដោយ ក៏​អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១ រំពឹង​ថា​អាច​នឹង​ងើប​ឡើង​ស្ថិត​ក្នុង​រង្វង់ ២,៥% បន្ទាប់ពី​ធ្លាក់​ចុះ​ក្នុង​កម្រិត -១,៩% ក្នុង​ឆ្នាំ​២០២០ កន្លងទៅ។

ទោះ​ជា​បែប​នេះ​ក្តី កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៧ លោក ហ៊ុន សែន ត្អូញត្អែរ​ថា រលក​ថ្មី​នៃ​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កត្តា​ដែល​នាំ​ឱ្យ​ងើប​ឡើង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ នេះ។

លោក​បន្ថែម​ថា ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច​របស់​ខ្លួន និង​រក្សា​លំនឹង​ជីវភាព​ពលរដ្ឋ កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​សភាពការណ៍​ជំងឺ​កូវីដ-១៩ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​កម្ពុជា អ្នកស្រី Sunniya Durrani-Jamal អះអាង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២២ កញ្ញា ថា ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ធានា​នូវ​និរន្តរភាព​សេដ្ឋកិច្ច រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​របស់​ខ្លួន និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​អន្តរជាតិ​របស់​ប្រទេស​ផង​ដែរ។

យ៉ាងណាក៏ដោយ ធនាគារ​អភិវឌ្ឍន៍​អាស៊ី អះអាង​ថា ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​ងើប​ឡើង​វិញ​របស់​កម្ពុជា​ពី​ជំងឺ​កូវីដ-១៩ ADB កំពុង​អនុវត្ត​គម្រោង​វិនិយោគ​ដែល​មាន​ទំហំ​ទឹកប្រាក់ ២,០៨​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ឆ្នាំ​២០២០ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ផ្តល់​ប្រាក់​កម្ចី និង​ជំនួយ​ឥត​សំណង​ជាង ៤៧០០​លាន​ដុល្លារ និង​បាន​ផ្តល់​បន្ថែម​ជាង ២៨០០​លាន​ដុល្លារ​ទៀត តាមរយៈ​សហ​ហិរញ្ញប្បទាន។ បន្ថែម​ពី​នេះ ទឹកប្រាក់​បម្រុង​របស់ ADB សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​រយៈពេល ៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៤ រួម​ទាំង​ប្រាក់​កម្ចី​សម្បទាន​ផង​នោះ មាន​ចំនួន ១,៤៩​ពាន់​លាន​ដុល្លារ និង​ជំនួយ​ឥត​សំណង​ចំនួន ៣១,៨​លាន​ដុល្លារ​អាមេរិក​ផង​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស