35 C
Phnom Penh

សកម្មជន​ថា​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា​កំពុង​នាំ​ប្រទេស​ទៅ​រក​ការ​បាត់បង់​អព្យាក្រឹតភាព​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​បក្ស​ប្រឆាំង រិះគន់​ថា រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន​នេះ កំពុងតែ​នាំ​ប្រទេស​កម្ពុជា​ទៅ​រក​ការ​បាត់បង់​អព្យាក្រឹតភាព​របស់​ខ្លួន តាមរយៈ​សកម្មភាព​នយោបាយ​ដែល​ពួកគេ​បាន​អនុវត្ត​ផ្ទុយពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នា​ពេល​កន្លងមក។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា មហាអំណាច​ដែល​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គ្រាន់តែ​មាន​បំណង​ជំរុញ​ឲ្យ​កម្ពុជា​មាន​ជំហរ​លើ​អព្យាក្រឹត្យ​របស់​ខ្លួន​ប៉ុណ្ណោះ មិនមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នោះ​ទេ ជាង​នេះ​ទៀត ការ​ជួយ​ជំរុញ​នេះ​ក៏​មាន​បំណង​ឱ្យ​កម្ពុជា​អាច​រក្សា​ខ្លួន​បាន​ល្អ​ក្នុង​នយោបាយ​អព្យាក្រឹត​របស់​ខ្លួន​ផង​ដែរ ដើម្បី​ចៀសវាង​កម្ពុជា​ខ្លួនឯង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ចាស់​ដែល​នឹង​រុញច្រាន​ឱ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ដូច​ពេល​មុន​ទៀត។

លោក​អះអាង​ថា ទាំង​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ សុទ្ធសឹងតែ​ដឹង​ថា គណបក្ស​កាន់​អំណាច​កំពុង​ដឹកនាំ​កម្ពុជា​លម្អៀង​ទៅ​រក​មហាអំណាច​ចិន ជាជាង​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ពី​អព្យាក្រឹតភាព​របស់​ខ្លួន។ បន្ថែម​ពី​នេះ ក្នុង​ពេល​ចុងក្រោយ​នេះ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ប្រកាស​អំពី​ជំហរ​ខ្លួន​ក្នុង​ការ​រួម​រស់​ជាមួយ​នយោបាយ​ចិន ក្នុង​នាម​ជា​មិត្ត​ដែកថែប​ដែល​គ្មាន​នរណា​អាច​បំបែក​បាន​ដែរ។

កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ លោក ហ៊ុន សែន បាន​លើកឡើង​តាម​ប្រព័ន្ធ​វីដេអូ Conference ទៅកាន់​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ លើក​ទី​៧៦ ថា ការ​គោរព​នូវ​បំណង​ប្រាថ្នា​នៃ​ប្រជាជាតិ​នីមួយៗ និង​សិទ្ធិ​របស់​ប្រជាជន​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង គឺជា​គុណ​តម្លៃ​មួយ​ដ៏​ធំធេង ព្រោះថា​ប្រទេស​ធំ និង​ប្រទេស​តូច​តែងតែ​មាន​ការ​រៀបចំ​នយោបាយ​ខុសៗ​គ្នា ហើយ​ប្រទេស​នីមួយៗ​មិន​គួរ​ត្រូវ​បាន​បង្អាក់​ដំណើរ​ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម ឬ​វិធានការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច​នោះ​ទេ ដែល​ករណី​បែប​នេះ​គឺជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ទាំងស្រុង។

លោក ហ៊ុន សែន លើកឡើង​ថា ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ពី​មហាអំណាច​បាន​នាំមក​នូវ​ការ​បាត់បង់​ជីវិត និង​ទុក្ខវេទនា​សម្រាប់​មនុស្ស​ជាតិ។ ជាក់ស្តែង កម្ពុជា​ធ្លាប់​បាន​ឆ្លងកាត់​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​បែប​នោះ​រួច​មក​ហើយ។ ជាង​នេះ​ទៀត ព្រឹត្តិការណ៍​ថ្មីៗ​ដែល​កំពុង​កើតឡើង​នៅ​អាហ្វហ្គានីស្ថាន ក៏​ជា​មេរៀន​ជាក់ស្តែង​ថ្មី​មួយ​ទៀត​ដែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ លោក អ៊ិត សារុំ បាន​ប្រតិកម្ម​ចំពោះ​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​នេះ​ថា មេដឹកនាំ​កម្ពុជា​ក៏​មិន​ខុស​ពី​មេដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​មួយ​ចំនួន ដែល​កំពុង​រៀប​ប្រព័ន្ធ​គាបសង្កត់​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្លួនឯង​នោះ​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍ និង​តាមដាន​នយោបាយ​កម្ពុជា បាន​រិះគន់​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​មាន​នីតិរដ្ឋ​ពិតប្រាកដ​នោះ ត្រូវ​បាន​បុរស​ខ្លាំង​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ដែក​រំលាយ​ចោល​ជាច្រើន​លើក​ច្រើនសា ដូចជា​រដ្ឋប្រហារ​បង្ហូរ​ឈាម​លើ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​ចុងក្រោយ​នេះ រំលាយ​បក្ស​ប្រឆាំង ហើយ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជាដើម។

ប្រភព​ដដែល​អះអាង​ថា ការ​លើកឡើង​របស់​សហគមន៍​អន្តរជាតិ គឺជា​ការ​ឈឺឆ្អាល ក៏ដូចជា​ការ​បំពេញ​នូវ​កាតព្វកិច្ច​របស់​ពួកគេ​ក្នុង​នាម​ជា​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រកាន់​គោលការណ៍​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ ការ​ចោទប្រកាន់​ថា​ពួកគេ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា គឺជា​ការ​លើកឡើង​មិន​ត្រឹមត្រូវ និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា «ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិន​ចូល​បក្ស​សម្ព័ន្ធ»៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស