26 C
Phnom Penh

ភាគី​ពាក់ព័ន្ធ​សម្រេច​ដំឡើង​ប្រាក់ឈ្នួល​កម្មករ​ចំនួន ២​ដុល្លារ​នៅ​ឆ្នាំ​២០២២

បទវិភាគ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យ​ដឹង​ថា ប្រាក់ឈ្នួល​កម្មករ​និយោជិត​ដំឡើង​បាន​តែ ២​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ ដែល​ធ្វើ​ឲ្យ​ប្រាក់ឈ្នួល​គោល​របស់​កម្មករ​កើន​ពី​ចំនួន ១៩២​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០២១ ដល់ ១៩៤​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០២២។

ការ​ប្រកាស​ប្រាក់ឈ្នួល​កម្មករ​នៅ​ថ្ងៃ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បាន​ជួប​ចរចា​ត្រីភាគី​ជា​លើក​ទី​ពីរ ដោយ​បោះឆ្នោត​ជ្រើសរើស​យក​តួលេខ​ចុងក្រោយ​សម្រាប់​ការ​ដំឡើង​ប្រាក់ឈ្នួល​គោល​របស់​កម្មករ​ឆ្នាំ​២០២២ ខាងមុខ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ការ​បោះឆ្នោត​ដំឡើង​ប្រាក់ឈ្នួល​កម្មករ​នៅ​ថ្ងៃ​នេះ​ដោយ​មាន​សមាជិក​ជា​តំណាង​ភាគី​កម្មករ​និយោជិត​ចំនួន ១៧​រូប តំណាង​ភាគី​និយោជក​ចំនួន ១៧​រូប និង​តំណាង​ភាគី​រាជរដ្ឋាភិបាល​ចំនួន ១៧​រូប។ ចំណែក​តួលេខ​ដំឡើង​ប្រាក់ឈ្នួល​កម្មករ​នៅ​ឆ្នាំ​២០២២ ដែល​ក្រសួង​បាន​ដាក់​ឱ្យ​បោះឆ្នោត​ស្នើ​នោះ​មាន​ចំនួន ១៨៨​ដុល្លារ ចំនួន ២០៤​ដុល្លារ និង​ចំនួន ១៩២​ដុល្លារ។

បើ​តាម​សំឡេង​គាំទ្រ​ដែល​បាន​បោះឆ្នោត​ស្នើ​ច្រើន​ជាង​គេ គឺ​ចំនួន ១៩២​ដុល្លារ ដោយ​មាន​សំឡេង ៤៥​សំឡេង​លើ ៥១​សំឡេង ប៉ុន្តែ​លោក ហ៊ុន សែន បាន​បន្ថែម​ប្រាក់ ២​ដុល្លារ​ទៀត ដូច្នេះ​ចាប់ពី​ខែ​មករា ឆ្នាំ​២០២២ ទៅ កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប នឹង​មាន​ប្រាក់ឈ្នួល​អប្បបរមា​ចំនួន ១៩៤​ដុល្លារ​ក្នុង​មួយ​ខែ។

កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​កម្មករ​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​មួយ​លើ​បណ្ដាញ​សង្គម ដើម្បី​ទាមទារ​ប្រាក់ឈ្នួល​ចំនួន ២១៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​ពួកគាត់​អះអាង​ថា ដើម្បី​រស់នៅ​បាន​សមរម្យ និង​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

នៅ​ឆ្នាំ​២០២១ នេះ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិតផល​ស្បែកជើង​ពី ១៩០​ដុល្លារ​ទៅ ១៩២​ដុល្លារ​ក្នុង​មួយ​ខែ។ បើ​គិត​រួម​ទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​មាន​ស្រាប់ ជា​មធ្យម​កម្មករ​និយោជិត​ម្នាក់ៗ​អាច​ទទួល​បាន​ប្រាក់ចំណូល​ចន្លោះ​ពី ២៥០​ដុល្លារ​ដល់ ៣០០​ដុល្លារ​ក្នុង​មួយ​ខែ។

របាយការណ៍​សិក្សា​មួយ​របស់​សហជីព​កម្ពុជា និង​យុទ្ធនាការ​សម្លៀកបំពាក់​ស្អាតស្អំ ចេញ​ផ្សាយ​នៅ​ខែ​កក្កដា ឆ្នាំ​២០២១ នេះ បាន​ឱ្យ​ដឹង​ថា កម្មករ​ចំនួន​ជាង ៧៨​ម៉ឺន​នាក់ (៧៨៤០០០​នាក់) ដែល​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ឧស្សាហកម្ម​ស្បែក បាន​បាត់បង់​ប្រាក់ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ប្រមាណ ១០៩​លាន​ដុល្លារ​ក្នុង​អំឡុង​ពេល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ Covid-19 និង​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​កាលពី​ខែ​មេសា និង​ខែ​ឧសភា កន្លងទៅ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស