30 C
Phnom Penh

អ្នក​ឃ្លាំមើល៖ អាជ្ញាធរ​ត្រូវតែ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Covid-19 អូឡាំពិក

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ភាព​មិន​ប្រក្រតី​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Covid-19 អូឡាំពិក ត្រូវ​បាន​ពលរដ្ឋ​រិះគន់​ជាបន្តបន្ទាប់​កន្លងមក ប៉ុន្តែ​ដើម្បី​ឱ្យ​ជាក់ច្បាស់ និង​ចៀសវាង​ការ​ចោទប្រកាន់ និង​ការ​ប្រកែក​ដោះសា ដូច្នេះ​អាជ្ញាធរ​ត្រូវតែ​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​លើ​ករណី​នេះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ កញ្ញា ថា ការ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​នេះ គឺ​ដើម្បី​រក្សា​កិត្តិយស​របស់​អាជ្ញាធរ និង​ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា តើ​ករណី​នេះ​កើតមាន​មែន​ដែរ​ឬ​ក៏​អត់? តើ​មន្ត្រី​រូប​ណា​ជា​អ្នក​ប្រព្រឹត្ត​អំពើពុករលួយ​នេះ?

លោក​លើកឡើង​ទៀត​ថា ប្រសិនបើ​ករណី​នេះ​ជា​ការពិត​មែន​នោះ អាជ្ញាធរ​ត្រូវតែ​មាន​វិធានការ​ទប់ស្កាត់​ការប្រព្រឹត្ត​អំពើ​មិន​ត្រឹមត្រូវ​ទាំងនេះ​ឱ្យ​បាន​ទាន់​ពេល​ផង​ដែរ និង​ដើម្បី​កុំ​ឱ្យ​ករណី​បែប​នេះ​រីក​រាលដាល​ក្នុង​សង្គម​បន្ត​ទៀត។

លោក​អះអាង​ថា ប្រសិនបើ​អាជ្ញាធរ​រដ្ឋ​បណ្តោយ​ឱ្យ​អំពើ​មិន​ល្អ​បែប​នេះ​កើតមាន​បន្ត​ទៀត​នោះ វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​កាន់តែ​ខ្លាំង​ដល់​ជីវភាព និង​ការ​ជឿ​ទុកចិត្ត​របស់​ពលរដ្ឋ​លើ​ការរៀបចំ​របស់​រដ្ឋាភិបាល​កម្ពុជា ព្រោះថា​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ពលរដ្ឋ​កំពុងតែ​បាត់បង់​ប្រាក់ចំណូល និង​ភ័យ​ព្រួយ​ពី​សុខភាព​របស់​ខ្លួន ប៉ុន្តែ​បែរជា​មាន​ការ​ជំរិត​ទារ​ប្រាក់​ក្រោម​រូបភាព​ជួយ​សង្គ្រោះ ដែល​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​ជួប​ការ​លំបាក​ពី​លើ​ផល​ប៉ះពាល់​នៃ​ជំងឺ Covid-19 នេះ​ថែម​មួយ​កម្រិត​ទៀត។

លោក មឿន តុលា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ទប់ស្កាត់​នូវ​ភាព​មិន​ប្រក្រតី​ដែល​កើតមាន​នៅ​តាម​មណ្ឌល​ព្យាបាល​ជំងឺ Covid-19 ឱ្យ​បាន​ល្អ ដើម្បី​ធានា​នូវ​ការ​ថែរក្សា និង​ព្យាបាល​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ជាង​នេះ​ទៀត លោក​ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល យកចិត្ត​ទុកដាក់​សម្រួល​ការ​ស្នាក់នៅ​តាម​មណ្ឌល​ចត្តាឡីស័ក​ឱ្យ​មាន​បន្ទប់ទឹក និង​កន្លែង​ស្នាក់នៅ​ចែក​ដាច់​ពី​គ្នា​រវាង​បុរស និង​ស្ត្រី​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ អ្នក​នាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្លើយតប​ទៅ​នឹង​ការ​ចោទប្រកាន់​ពី​សំណាក់​ប្រជាពលរដ្ឋ​លើ​កងកម្លាំង​រាជ​អាវុធហត្ថ ដែល​ប្រចាំការ​នៅ​គោលដៅ​មណ្ឌល​ព្យាបាល​ជំងឺ Covid-19 ថា កម្លាំង​កង​រាជ​អាវុធហត្ថ​មិន​បាន​ប្រចាំការ​នៅ​ទីតាំង​ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ​នោះ​ទេ។

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ Covid-19 ដែល​កងកម្លាំង​រាជ​អាវុធហត្ថ​ប្រចាំការ​កន្លងមក គឺ​មាន​តែ ៤​ទីតាំង​ប៉ុណ្ណោះ គឺ​នៅ​សណ្ឋាគារ Great Duke វិទ្យាល័យ ជា ស៊ីម សាមគ្គី មជ្ឈមណ្ឌល​ព្រីមៀ​សែន​សុខ និង​មន្ទីរពេទ្យ​ហ្លួងម៉ែ ហើយ​បច្ចុប្បន្ន​នេះ កងកម្លាំង​របស់​ខ្លួន​ប្រចាំការ​នៅ​តែ ២​គោលដៅ​ប៉ុណ្ណោះ គឺ​ព្រីមៀ​សែន​សុខ និង​មន្ទីរពេទ្យ​ហ្លួងម៉ែ។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​លើកឡើង​ពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Covid-19 អូឡាំពិក ថា​មន្ត្រី​អាវុធហត្ថ​ដែល​ប្រចាំការ​នៅ​មជ្ឈមណ្ឌល​ព្យាបាល​នេះ​តែង​បង្ក​បញ្ហា​ជា​ប្រចាំ ដូចជា​ការ​បំពេញ​ការងារ​មិន​ច្បាស់លាស់ គ្មាន​សណ្ដាប់ធ្នាប់ ការ​និយាយ​ស្តី​គ្មាន​សុជីវធម៌។ ជាង​នេះ​ទៀត ប្រសិនបើ​ក្រុម​គ្រួសារ​ចង់​យក​អីវ៉ាន់​ចូល​ទៅ​ឱ្យ​អ្នកជំងឺ​នៅ​ខាង​ក្នុង ដូចជា​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជាដើម ទាល់តែ​បង់​លុយ ទើប​អាជ្ញាធរ​នៅ​ទីនោះ​អនុញ្ញាត​ឱ្យ​យក​ចូល​ទៅ។

ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ត្រូវ​បាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Covid-19 តាំងពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២១ ដែល​អាច​ទទួល​អ្នកជំងឺ Covid-19 បាន​ជិត ៥​ពាន់​នាក់ ដែល​មាន​កន្លែង​ព្យាបាល​អ្នកជំងឺ​ស្រាល មធ្យម និង​ធ្ងន់ ក្នុង​នោះ​ក៏​មាន​ក្រុម​គ្រូពេទ្យ​ប្រចាំការ​សម្រាប់​ព្យាបាល​ជាង ១​ពាន់​នាក់​ផង​ដែរ ដែល​មជ្ឈមណ្ឌល​នេះ​បាន​ក្លាយ​ជា​កន្លែង​ព្យាបាល​ជំងឺ Covid-19 ធំ​ជាងគេ​នៅ​ទូទាំង​ប្រទេស។

គិត​មក​ទល់នឹង​ពេលនេះ មណ្ឌល​ព្យាបាល​ជំងឺ Covid-19 នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ១១​មណ្ឌល ដូចជា​មណ្ឌល​ព្យាបាល​មន្ទីរពេទ្យ​ហ្លួងម៉ែ មណ្ឌល​ព្យាបាល ឌឹ ព្រីមៀ សែនសុខ និង The Great Duke ជាដើម ខណៈ​កាលពី​ពេល​កន្លងទៅ​មាន​មជ្ឈមណ្ឌល​សម្រាប់​ព្យាបាល​ជំងឺ Covid-19 ដល់​ទៅ ១៧​មណ្ឌល​ឯណោះ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។

មក​ទល់នឹង​ពេលនេះ សារព័ត៌មាន The Cambodia Daily មិនទាន់​អាច​ទាក់ទង​អ្នក​គ្រប់គ្រង​មណ្ឌល​ព្យាបាល​ជំងឺ Covid-19 នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក លោក ញ៉ិប អង្គារបុស្ស ដើម្បី​បំភ្លឺ​ជុំវិញ​ពី​ការ​ចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស