35 C
Phnom Penh

ពលរដ្ឋ​ស្រុក​ទឹកឈូ​ចោទ​ប្រធាន​អន្តរ​វិស័យ​ខេត្ត​កំពត​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់​និង​ធ្វើ​របង​បិទ​ផ្លូវ​ចេញ​ចូល​របស់​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ជា​ម្ចាស់​ដី​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត ចោទ​លោក គឹម ញ៉ក់ ប្រធាន​អន្តរ​វិស័យ​សាលាខេត្ត​កំពត ថា​បាន​ឆ្លៀត​ឱកាស​ក្នុង​អំឡុង​ពេល​រដ្ឋាភិបាល​បិទ​ខ្ទប់​ការ​ឆ្លង​រាតត្បាត​ជំងឺ Covid-19 ក្នុង​សហគមន៍ បាន​បញ្ជា​ឱ្យ​បក្ខពួក​សម្រុក​ដឹក​ដី​ចាក់​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដី និង​សង់​រោង​នៅ​លើ​ដី​ចំណីផ្លូវ​រថភ្លើង​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ហើយ​បិទ​ផ្លូវ​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ​ថែមទៀត។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បឹងតារោង ឃុំ​ព្រៃឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​បញ្ជាក់​ថា ការ​ដឹក​ដី​សង់​រោង និង​បិទ​ផ្លូវ​មិន​ឲ្យ​ម្ចាស់​ដី​នៅ​ផ្នែក​ខាងក្រោយ​ចេញ​ចូល​របស់​លោក គឹម ញ៉ក់ បាន​កើតឡើង​នៅ​ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​សំអាង​លើ​ក្រដាស​កិច្ចសន្យា​លក់​ដី​មួយ​សន្លឹក​ចុះហត្ថលេខា​ដោយ​លោក គុយ យ៉ា មេឃុំ​ព្រៃឃ្មុំ បណ្តាល​ឱ្យ​ម្ចាស់​ដី​នៅ​ផ្នែក​ខាងក្រោយ​គ្មាន​ផ្លូវ​ចេញ​ចូល​ផ្ទះ ឬ​ដី​ទេ។

ពលរដ្ឋ​បន្ត​ថា វិវាទ​បិទ​ផ្លូវ​ឆ្លងកាត់​នេះ លោក គឹម ញ៉ក់ បាន​ទាមទារ​លុយ​ចំនួន ៣​ម៉ឺន​ដុល្លារ​អាមេរិក និង​ទំហំ​ផ្ទៃដី​ចំនួន ១៥​ម៉ែត្រ​ជា​ថ្នូរ​នឹង​ការ​រុះរើ​បើក​ផ្លូវ​ដែល​បាន​ចាក់​ដី និង​ធ្វើ​របង​ហ៊ុមព័ទ្ធ​នោះ​ឲ្យ​ពលរដ្ឋ​អាច​ចេញ​ចូល​ដូច​ដើម​វិញ។

ពលរដ្ឋ​រងគ្រោះ បាន​ស្នើ​ដល់​លោក ជាវ តាយ អភិបាល​ខេត្ត​កំពត ជួយ​អន្តរាគមន៍​ទៅ​លោក គឹម ញ៉ក់ ប្រធាន​អន្តរ​វិស័យ​សាលាខេត្ត​កំពត ឲ្យ​បើក​ផ្លូវ​ធ្វើ​ដំណើរ​ឲ្យ​ពលរដ្ឋ​ចេញ​ចូល​ដូច​ធម្មតា​ឡើងវិញ។ ជាង​នេះ​ទៀត ក៏​ស្នើ​ឲ្យ​ពិនិត្យ​ទៅលើ​សកម្មភាព​អនុវត្ត​ការងារ​របស់​លោក គឹម ញ៉ក់ ថា​តើ​បុគ្គល​រូប​នេះ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​តួនាទី​របស់​ខ្លួន​ដែរ​ឬ​ទេ មិន​ត្រឹម​តែប៉ុណ្ណោះ សំអាង​តួនាទី​របស់​ខ្លួន​បំពាន​ដី​សាធារណៈ​ថែមទៀត។ ពលរដ្ឋ​បន្ត​ថា វិវាទ​បិទ​ផ្លូវ​នេះ ពួកគាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​ថ្នាក់​ឃុំ​រហូត​ដល់​ថ្នាក់​ស្រុក ឲ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​នេះ ប៉ុន្តែ​នៅ​មិនទាន់​មាន​លទ្ធផល​ច្បាស់លាស់​នៅឡើយ។

ទាក់ទិន​បញ្ហា​នេះ លោក នាក់ សុវណ្ណារី អភិបាលស្រុក​ទឹកឈូ បាន​ឲ្យ​ដឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដឹង​កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ថា ករណី​បិទ​ផ្លូវ​ធ្វើ​ដំណើរ​ខាងលើ​នេះ រូបលោក​ធ្លាប់​បាន​ចេញ​លិខិត​ពីរ​បី​ដង​រួចហើយ ដើម្បី​ស្នើ​ដល់​ភាគី​ទំនាស់​សម្របសម្រួល​រក​ដំណោះស្រាយ​ជាមួយ​គ្នា។ រដ្ឋបាល​ស្រុក​ទឹកឈូ ក៏​ធ្លាប់​បាន​ចេញ​លិខិត​ឲ្យ​ភាគី​លោក គឹម ញ៉ក់ ឱ្យ​រុះរើ​របង​នេះ​ចេញ​អស់​ម្ដង​រួច​ហើយ។

លោក​បន្ត​ថា កាលពី​ឆ្នាំ​២០២០ ក្នុង​អំឡុង​ពេល​មន្ត្រី​ជំនាញ​គណៈកម្មការ​ស្រុក​ទឹកឈូ ចុះ​វាស់វែង​ដី​ស្រែ​ខាងលើ គឺ​មិន​មាន​អ្នក​ណា​ម្នាក់​ទៅ​ធ្វើ​របង ឬ​ចាក់​ដី​ហ៊ុមព័ទ្ធ​បិទ​ផ្លូវ ដែល​ពលរដ្ឋ​ឆ្លងកាត់​នេះ​ទេ គឺ​ទើប​តែ​ឃើញ​ធ្វើ​របង និង​សង់​ផ្ទះ​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។

ទោះ​ជា​បែប​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក គឹម ញ៉ក់ ប្រធាន​អន្តរ​វិស័យ​ខេត្ត​កំពត ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​បាន​ទេ​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស