39.4 C
Phnom Penh

មគ្គុទ្ទេសក៍​ទេសចរណ៍​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួកគេ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ Covid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រចាំ​តំបន់​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ទេសចរណ៍ ជួយ​គិតគូរ​ពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួកគេ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារតែ​វិស័យ​មួយ​នេះ​ត្រូវ​ផ្អាក​ដំណើរការ​អស់​រយៈពេល​ជិត ២​ឆ្នាំ ព្រោះតែ​ជំងឺ​រាតត្បាត​សកល។

ម្ចាស់​គណនី Facebook ឈ្មោះ ប៊ុន វុន បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​ថា មគ្គុទ្ទេសក៍​ទេសចរណ៍​ពិត​មែន​តែ​បាន​បណ្តុះបណ្តាល​ចេញពី​ក្រសួង​ទេសចរណ៍ ប៉ុន្តែ​មគ្គុទ្ទេសក៍​ទេសចរណ៍​ទាំងអស់​មិន​ត្រូវ​បាន​ចាត់​ចូល​ជា​បុគ្គលិក​របស់​រដ្ឋ​នោះ​ទេ។ ជាង​នេះ​ទៀត ពួកគេ​ត្រូវ​រក​ការងារ​ជា​ឯកជន​ផ្ទាល់ខ្លួន​ដោយ​ខ្លួនឯង ប៉ុន្តែ​រាល់​សេវា​នានា​ដើម្បី​មាន​សិទ្ធិ​ជា​អ្នក​ណែនាំ​ភ្ញៀវ​ស្រប​ច្បាប់ ពួកគេ​ត្រូវ​បង់​លុយ​ឱ្យ​ស្ថាប័ន​រដ្ឋ​ជា​ប្រចាំ។

ប្រភព​ដដែល​បាន​ត្អូញត្អែរ​ថា នៅ​ពេល​ដែល​មគ្គុទ្ទេសក៍​ទេសចរណ៍​ស្នើសុំ​ពាក្យ​ប្រឡង​ត្រូវ​បង់​លុយ​ចំនួន ៥​ដុល្លារ ហើយ​ពេល​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ត្រូវ​បង់​លុយ ៦០០​ដុល្លារ ដោយ​មិនទាន់​គិត​លើ​ថ្លៃ​សៀវភៅ​សិក្សា​នោះ​ទេ ប៉ុន្តែ​ពេល​ប្រឡង​ជាប់​ទទួល​អាជ្ញាប័ណ្ណ ឬ​ធ្វើ​អាជ្ញាប័ណ្ណ​ដើម្បី​មាន​សិទ្ធិ​បម្រើ​ការ​ស្រប​ច្បាប់ មគ្គុទ្ទេសក៍​ទាំងអស់​ត្រូវ​បង់​លុយ​ចាប់ពី ៩០​ដុល្លារ​ទៅ ១១០​ដុល្លារ​បន្ថែម​ទៀត។

លោក ប៊ុន វុន រៀបរាប់​ថា ប្រសិនបើ​អាជ្ញាប័ណ្ណ​របស់​ខ្លួន​ហួស​សុពលភាព ហើយ​ចង់​បន្ត​វិញ ត្រូវ​បង់​លុយ ៥០០​ដុល្លារ​ទៅ​ក្រសួង​ទេសចរណ៍។ ជាង​នេះ​ទៀត បើ​ចង់​ចូល​ក្នុង​សមាគម​ទេសចរណ៍ ត្រូវ​បង់​លុយ ៣០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ ខណៈ​ឯកសណ្ឋាន និង​សញ្ញា​សម្គាល់ ឬ​ឡូកូ ត្រូវ​ទិញ​ពី​ក្រសួង​ទេសចរណ៍ ដើម្បី​បញ្ជាក់​ថា ខ្លួន​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ទេសចរណ៍​ពិតប្រាកដ​មែន។

មគ្គុទ្ទេសក៍​ទេសចរណ៍​រូប​នេះ​បញ្ជាក់​ថា បើ​ទោះបីជា​មគ្គុទ្ទេសក៍​ទេសចរណ៍​មិន​ទទួល​ប្រាក់​ពី​រដ្ឋ​ក៏​ពិតមែន ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​មាន​កំហុស​ក្រមសីលធម៌​ទាំង​ចេតនា ឬ​អចេតនា​ក្តី ក្រសួង​ទេសចរណ៍​មាន​សិទ្ធិ​ផាក​ដាក់​ពិន័យ ឬ​ដក​អាជ្ញាប័ណ្ណ​របស់​ពួកគេ​ទៅ​តាម​ច្បាប់។

ប៉ុន្តែ​នៅ​ពេល​មគ្គុទ្ទេសក៍​ទេសចរណ៍​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​វិស័យ​ទេសចរណ៍​មិន​ដំណើរការ ពួកគេ​មិន​ត្រូវ​បាន​លើក​ទឹកចិត្ត ឬ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រសួង​ទេសចរណ៍​នោះ​ទេ។ ជាក់ស្តែង ដូចជា​ក្នុង​ដំណាក់កាល​វិបត្តិ Covid-19 នេះ​ក៏ដោយ ក៏​ការ​បង់​លុយ​បន្ត​អាជ្ញាប័ណ្ណ គឺ​ត្រូវតែ​អនុវត្ត​ជាដាច់ខាត។

ការ​រៀបរាប់​បែប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​នៅ​កម្ពុជា​កំពុង​ជាប់​គាំង​ស្ទើរតែ​ទាំងស្រុង ខណៈ​ក្រសួង​ទេសចរណ៍ ឬ​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​មាន​គោលនយោបាយ​ណាមួយ​ជួយ​ដល់​បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍​នៅឡើយ​ទេ ស្រប​ពេល​ដែល​អ្នក​ទាំងនោះ​បាន​បាត់បង់​ការងារ និង​ប្រាក់ចំណូល​ទាំងស្រុង​រយៈពេល​ជិត ២​ឆ្នាំ​មក​នេះ។

វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បាន​ថយ​ចុះ និង​ផ្អាក​ដំណើរការ​អស់​រយៈពេល​ជិត ២​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ Covid-19 កាលពី​ខែ​មករា ឆ្នាំ​២០២០ មក ក្នុង​នោះ​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ បាន​បង្ហាញ​ថា បុគ្គលិក​កម្មករ​នៅ​ក្នុង​វិស័យ​សេវាកម្ម​ទេសចរណ៍​ប្រមាណ​ជាង ៥​ម៉ឺន​នាក់​បាន​បាត់បង់​ការងារ និង​ប្រាក់ចំណូល​ទាំងស្រុង ខណៈ​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ជាង ៩០​ភាគរយ​ត្រូវ​ផ្អាក​ដំណើរការ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​អះអាង​កាលពី​ចុង​ឆ្នាំ​២០២០ ថា មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​នៅ​ទូទាំង​ប្រទេស​បាន​ព្យួរ​អាជ្ញាប័ណ្ណ​របស់​ខ្លួន​ជិត ១០០​នាក់​ហើយ​ក្នុង​ចំណោម​មគ្គុទ្ទេសក៍​ទេសចរណ៍​សរុប​ជាង ៦​ពាន់​នាក់។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​សិក្សា​ពី​លទ្ធភាព​បើក​ឱ្យ​មាន​ទេសចរ​វ៉ាក់សាំង ដើម្បី​ឱ្យ​វិស័យ​ទេសចរណ៍​ដំណើរការ​ឡើងវិញ​ក្នុង​ការ​ទាញ​យក​ចំណូល​សម្រាប់​សេដ្ឋកិច្ច​ជាតិ និង​ពលរដ្ឋ​ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ Covid-19៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស