27.5 C
Phnom Penh

ក្បាល​ប្រធានាធិបតី​បារាំង លោក Emmanuel Macron រង​ការ​វាយប្រហារ​ដោយ​ពងមាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក Emmanuel Macron ដែល​ជា​ប្រធានាធិបតី​បារាំង​វ័យក្មេង ត្រូវ​បាន​បុរស​ម្នាក់​អាយុ ២០​ឆ្នាំ​ស្រែក​ជេរ​នៅ​ឯ​ពិធី​ពិព័រណ៍​ចំណីអាហារ និង​បដិសណ្ឋារកិច្ច​នៅ​ក្រុង​លីយ៉ុង។ ពងមាន់​មួយ​គ្រាប់​បាន​ហោះ​ចំ​ក្បាល​ប្រធានាធិបតី​បារាំង​រូប​នេះ ក្នុង​អំឡុង​លោក​កំពុង​ទស្សនា​ពិព័រណ៍​ពាណិជ្ជកម្ម​មួយ​នៅ​ទីក្រុង​លីយ៉ុង។

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ឈ្មោះ លីយ៉ុង​ម៉ាក បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ស៊ុត​មួយ​គ្រាប់​គប់​ចំ​ក្បាល​របស់​ប្រធានាធិបតី​បារាំង ខណៈ​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ក្នុង​ហ្វូង​មនុស្ស​នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍។ ពេល​ត្រូវ​ចំ​ក្បាល​លោក Macron គឺ​ពងមាន់​នោះ​មិន​បែក​ទេ ហើយ​ពងមាន់​នោះ​ខ្ទាត​ធ្លាក់​លើ​ឥដ្ឋ​ទើប​វា​បែក។

វីដេអូ​នោះ​បាន​បង្ហាញ​រូបភាព​លោក Macron ត្រូវ​បាន​ការពារ​ដោយ​អង្គរក្ស តែ​មាន​ជន​ដៃដល់​ម្នាក់​អាយុ ២០​ឆ្នាំ​ដែល​ស្រែក​ថា​បដិវត្តន៍​រស់​ឡើងវិញ​ហើយ ក៏​គប់​លោក ម៉ាក្រុង មួយ​ពងមាន់​តែម្ដង។ បុរស​រូប​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​នៅ​កន្លែង​កើតហេតុ។

ទីភ្នាក់ងារ​សារព័ត៌មាន France Press បាន​រាយការណ៍​ថា លោក Macron បាន​ស្នើសុំ​ឱ្យ​ទីប្រឹក្សា​របស់​លោក​តាម​សួរ​អ្នក​គប់​ពងមាន់​លើ​រូបលោក។ លោក Macron ផ្ដាំ​ថា ប្រសិនបើ​ម្នាក់​នោះ​មាន​អ្វី​ចង់​និយាយ​មក​រក​រូបលោក គឺ​សូម​ឱ្យ​គាត់​មក​និយាយ​មក។

លោក Macron បាន​ទៅ​ទស្សនា​ការ​តាំង​ពិព័រណ៍​នេះ ដើម្បី​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ឧស្សាហកម្ម​ភោជនីយដ្ឋាន និង​បដិសណ្ឋារកិច្ច។ ប្រជាជន​ទាំងនោះ​បាន​សរសើរ​លោក Macron ជា​ខ្លាំង​ចំពោះ​ការ​បញ្ជូន​មូលនិធិ​រដ្ឋាភិបាល​ការពារ​ជំងឺ​រាតត្បាត​មក​ជួយ​ឧស្សាហកម្ម​នេះ​ក្នុង​តំបន់។

ហេតុការណ៍​ដូចនេះ បាន​កើតឡើង​ពីរ​លើក​មក​ហើយ ដែល​បាន​កើតឡើង​កន្លងមក​ឃើញ​ថា​ការ​ដឹកនាំ​របស់​លោក Macron មាន​កម្សោយ និង​សម្អប់ ព្រោះ​ឧបទ្ទវហេតុ​នេះ​កើត​ក្រោយ​តែ ៣​ខែ​ប៉ុណ្ណោះ​ដែល​បុរស​ម្នាក់​មិនទាន់​ចេញ​រួច​ពី​ពន្ធនាគារ​ដោយ​ការ​ដាក់​ទោស​បួន​ឆ្នាំ​ករណី​ទះ​កំផ្លៀង​លោក Macron មួយ​ដៃ​យ៉ាង​ធ្ងន់។

ប្រធានាធិបតី Macron ត្រូវ​បាន​បុរស​ម្នាក់​នៅ​ក្នុង​ហ្វូង​មហាជន​ទះ​កំផ្លៀង ខណៈ​ដែល​លោក​បម្រុង​នឹង​និយាយ​ទៅ​កាន់​សាធារណជន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង។

រូបភាព​ដែល​បាន​ចែករំលែក​ពេញ​បណ្ដាញ​សង្គម គឺ CNN កាលណោះ​បាន​បង្ហាញ​រូបភាព​ឃើញ​លោក Macron ដើរ​ទៅ​រក​ហ្វូង​មនុស្ស ហើយ​ចាប់​ដៃ​បុរស​ម្នាក់​នៅ​ក្នុង​ហ្វូង​មហាជន គឺ​មួយ​រំពេច លោក​ត្រូវ​បាន​ស្វាគមន៍​ភ្លាមៗ​ដោយ​ការ​ទះ​មួយ​កំផ្លៀង​របស់​បុរស​នោះ។

ពេល​នោះ អង្គរក្ស​របស់​លោក Macron ក៏​ស្ទុះ​អន្តរាគមន៍​យ៉ាង​ឆាប់​រហ័ស​ដោយ​ចាប់​បុរស​នោះ ហើយ​ការពារ​ប្រធានាធិបតី ប៉ុន្តែ​លោក Macron រង​មួយ​កំផ្លៀង​យ៉ាង​ធ្ងន់​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស