27 C
Phnom Penh

នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល​បញ្ឈប់​ការ​ប្រើ​ឧបករណ៍​តេស្ដ​រហ័ស​ទូទាំង​ប្រទេស​ជាបន្ទាន់

បទវិភាគ

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល បញ្ឈប់​ការ​ប្រើ​ឧបករណ៍​តេស្ដ​រហ័ស​ទូទាំង​ប្រទេស​ក្នុង​ការ​រុករក​អ្នក​មាន​ជំងឺ Covid-19 នៅ​តាម​ភូមិ​បន្ត​ទៀត ព្រោះថា​ការ​ធ្វើ​បែប​នេះ​គឺជា​ការ​បង្ក​ភាព​ស្មុគស្មាញ​ដល់​ប្រជាពលរដ្ឋ​ទៅវិញ ខណៈ​ពលរដ្ឋ​មិន​មាន​ជំងឺ​នេះ​ទាល់តែសោះ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ចេញ​សារ​សំឡេង​ប្រវែង​ជាង ១០​នាទី​ទៅ​ក្នុង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​តាម​បណ្តា​រាជធានី-ខេត្ត​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ថា ឧបករណ៍​តេស្ដ​រហ័ស​ត្រូវ​ប្រើ​ក្នុង​ទីតាំង​ជាក់លាក់ ដើម្បី​រង់ចាំ​ពលរដ្ឋ​ទៅ​ធ្វើ​តេស្ដ​ដោយ​ខ្លួនឯង​វិញ​នៅ​ពេល​ដែល​ពលរដ្ឋ​សង្ស័យ​ថា​ខ្លួន​គាត់​ឆ្លង​វីរុស Covid-19។

លោក ហ៊ុន សែន អះអាង​ថា បើ​ទោះបីជា​ត្រូវ​ផ្អាក​ការ​បិទ​ខ្ទប់​ដើម្បី​ការ​រុករក​អ្នក​ឆ្លង​វីរុស Covid-19 នៅ​តាម​ទីតាំង​ដែល​សង្ស័យ​ក៏ដោយ ក៏​ត្រូវ​នាំគ្នា​អនុវត្ត​វិធានការ​សុខាភិបាល​ជាប់​ជានិច្ច​ដដែល ដើម្បី​ធានា​នូវ​សុវត្ថិភាព​សុខភាព​ពេញលេញ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បើក​ដំណើរការ​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​នៅ​ពេល​ខាងមុខ តាម​គន្លង​ថ្មី​ដែល​ពលរដ្ឋ​នឹង​ត្រូវ​រស់នៅ​ជាមួយ Covid-19។

លោក ហ៊ុន សែន បញ្ជាក់​ថា បើ​កម្ពុជា​នៅតែ​អនុវត្ត​ការ​បិទ​ខ្ទប់​ដើម្បី​រក​អ្នក​ដែល​ឆ្លង​វីរុស Covid-19 ទៀត​នោះ កម្ពុជា​នឹង​មិន​អាច​អនុវត្ត​ការ​រស់នៅ​តាម​គន្លង​ថ្មី​ជាមួយ​ជំងឺ Covid-19 ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បើក​ប្រទេស​ឡើងវិញ​បាន​ទេ ប៉ុន្តែ​បញ្ហា​សំខាន់​គឺ​ត្រូវ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ការ​ព្យាបាល​ចំពោះ​អ្នក​មាន​ជំងឺ Covid-19 វិញ។

ជុំវិញ​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៩៧៨​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៦០៥​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ១៧​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ជាង ១១​ម៉ឺន​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ១​សែន ២​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង ២៣០០​នាក់​ផង​ដែរ។

ក្រសួង​សុខាភិបាល ក៏​បាន​អះអាង​កាលពី​ម្សិលមិញ​ផង​ដែរ​ថា ខ្លួន​បាន​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដូស​ទី​១ បាន​ជាង ១៣​លាន​នាក់ រីឯ​ដូស​ទី​២ បាន​ជាង ១១​លាន​នាក់ ចំណែក​អ្នក​ចាក់​ដូស​ទី​៣ ចំនួន​ជាង ៨​សែន ៨​ម៉ឺន​នាក់​ហើយ​នៅ​ពេលនេះ។

ដោយឡែក​កុមារ​ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ​ចាក់​បាន ៨៩,៤១% ខណៈ​កុមារ​ក្រោម​អាយុ ១២​ឆ្នាំ​ចាក់​បាន ៨៨,០៦% ផង​ដែរ។

ទោះជាយ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា កន្លងទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​ផ្អាក​ការរៀបចំ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ភ្លាមៗ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ក្រោយ​រក​ឃើញ​ការ​ឆ្លង​ជំងឺ​នេះ​យ៉ាង​គំហុក​នៅ​តាម​វត្តអារាម​មួយ​ចំនួន បន្ទាប់ពី​ពិធី​បុណ្យ​កាន់​បិណ្ឌ​បាន​ចាប់ផ្តើម​ត្រឹម​រយៈពេល ២​ថ្ងៃ​ប៉ុណ្ណោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស