29.6 C
Phnom Penh

គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​អាស៊ី​អាគ្នេយ៍ វាយលុក​ទីក្រុង​បាងកក ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​រយៈពេល​ជាង ១០​ឆ្នាំ​មកនេះ ឃើញ​ថា​គ្រោះ​មហន្តរាយ​ធម្មជាតិ​បាន​វាយលុក​យ៉ាង​ខ្លាំង គឺ​ប្រទេស​ទាំង​១០ នៃ​ឧបទ្វីប​នេះ គ្មាន​ប្រទេស​ណាមួយ​ជៀស​ផុត​ឡើយ។ សម្រាប់​ប្រទេស​ថៃ នៅ​ឆ្នាំ​២០២១ នេះ ធ្ងន់ធ្ងរ​ជា​ខ្លាំង។

រហូត​មក​ទល់​ពេលនេះ យ៉ាងហោចណាស់​ពលរដ្ឋ​ក្រុង​បាងកក ប្រមាណ​ជា ១០​លាន​នាក់ ចាប់ផ្ដើម​ជិះ​ទូក​ទៀត​ហើយ​ឱ្យ​តែ​ភ្លៀង​ខ្លាំង​ធ្លាក់​រៀងរាល់​ថ្ងៃ​ដូចនេះ។ មិនតែប៉ុណ្ណោះ រាជធានី​ថៃ​មួយ​នេះ បើ​មិន​ជន់​លិច​ដោយសារ​ទឹកភ្លៀង ក៏​ជន់​លិច​ដោយសារ​ទឹកជំនន់​បុក​ពី​ខេត្ត​ផង​ដែរ។ ក្រុង​បាងកក បាន​លិច​ជា​រៀងរាល់​ឆ្នាំ​ដោយសារ​ទឹកជំនន់​ពី​ទន្លេ​ចៅប្រយ៉ា ហើយ​ម្យ៉ាង​ទៀត​ក្រុង​បាងកក មាន​កម្ពស់​ជាង ១​ម៉ែត្រ​តែប៉ុណ្ណោះ​លើ​នីវូ​សមុទ្រ គឺ​ពេល​ណា​ទឹកទន្លេ​ចៅប្រយ៉ា ឡើង​ខ្លាំង និង​ភ្លៀង​ខ្លាំង គឺ​លិច​ក្រុង​មួយ​នេះ​តែម្ដង។

ពលរដ្ឋ​ថៃ តែងតែ​និយាយ​ចំអក​ថា ឱ្យ​តែ​រដូវ​ភ្លៀង​មកដល់ ពួកគេ​ត្រូវ​ត្រៀម​ជិះ​ទូក​លើ​មហាវិថី​នាវា​របស់​ទីក្រុង។

តែ​យ៉ាងណា អាជ្ញាធរ​ក្រុង​បាងកក បាន​ដោះស្រាយ​ចំពោះ​វិបត្តិ​នេះ​ដែរ តែ​ពុំ​អាច​ធ្វើ​បាន​ជោគជ័យ​ឡើយ។ ពលរដ្ឋ​បាន​និយាយ​ថា ជម្រើស​មាន​តែ​សាងសង់​ក្រុង​ថ្មី​មួយ​ទៀត​ប៉ុណ្ណោះ។

ក្រុម​អ្នក​ជំនាញ​ព្រមាន​ថា ចាប់ពី​ពេលនេះ​ដល់​ឆ្នាំ​២០៥០ ទីក្រុង​បាងកក នឹង​លិច​ដោយសារ​ទឹក​សមុទ្រ​ជោរ​នាច។

រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​កញ្ញា នេះ មួយ​ភាគ​ធំ​នៃ​ទីក្រុង​បាងកក នៅតែ​ជន់​លិច​ដោយ​ទឹកជំនន់​ដែល​បង្ក​ដោយ​ទឹកភ្លៀង​មូសុង ដោយ​វា​ចាប់ផ្ដើម​ធ្លាក់​ខ្លាំង​តាំងពី​ខែ​កក្កដា មក។

តាម​ទម្លាប់ រដ្ឋាភិបាល​ថៃ សម្រេច​លះបង់​សង្កាត់​មួយ​ចំនួន​របស់​ទីក្រុង ដោយ​ទុក​ឲ្យ​ជន់​លិច​ដើម្បី​អាច​បង្ហូរ​ទឹក​ទៅកាន់​ឈូង​សមុទ្រ។ ប៉ុន្តែ​វា​មិន​ដូច​ចិត្ត​នោះ​ទេ ដែល​ទឹកជំនន់​ហូរ​ចេញពី​ទីក្រុង​សំដៅ​ទៅ​សមុទ្រ ពីព្រោះ​ការ​ហូរ​នោះ​វា​មាន​ល្បឿន​យឺត​បំផុត ព្រោះ​ទីក្រុង​ក៏​អាច​ជន់​លិច​ដោយសារ​ទឹក​សមុទ្រ​ផង​ដែរ​នៅ​ឆ្នាំ​២០៥០។

បើ​យោង​តាម​អ្នក​ជំនាញ​របស់​ធនាគារ​ពិភពលោក គ្រោះ​ធម្មជាតិ​ទឹកជំនន់ នឹង​កើតឡើង​ជាបន្តបន្ទាប់​នៅ​ទីក្រុង​បាងកក រហូត​ដល់​ឆ្នាំ​២០៥០ ហើយ​ពេល​នោះ ទីក្រុង​មួយ​នេះ​អាច​នឹង​លិច​តែម្ដង។

បន្ទាប់ពី​ភ្លៀង​ខ្លាំងៗ​ប៉ុន្មាន​ថ្ងៃ​មកនេះ ទឹកជំនន់​កំពុង​វាយប្រហារ​រាជធានី​បាងកក​យ៉ាង​ខ្លាំង។ ផ្លូវ​ជាច្រើន​ក្នុង​ទីក្រុង បាន​លិច​មិន​អាច​ធ្វើ​ដំណើរ​បាន និង​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​ខ្លាំង។ នេះ​បើ​យោង​តាម​សារព័ត៌មាន Bangkok Post។

ប្រឈម​នឹង​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​នេះ អាជ្ញាធរ​ថៃ កំពុង​ព្យាយាម​ការពារ​សង្កាត់​ជាច្រើន​ក្នុង​ក្រុង​បាងកក។ មិន​ថា​ឡើយ​នៅ​ទីក្រុង​បាងកក​មួយ​នេះ​ទេ​ដែល​កំពុង​ជន់​លិច​នោះ​ទេ គឺ​នៅ​ទីក្រុង​អយុធ្យា ជា​ទីក្រុង​បុរាណ​ដែល​ស្ថិតនៅ​ចម្ងាយ​ជិត ៦០​គីឡូម៉ែត្រ​ភាគ​ខាងជើង​រាជធានី​មួយ​នេះ ក៏​កំពុង​ប្រកាស​អាសន្ន​ផង​ដែរ។

អាជ្ញាធរ​កំពុង​ជួយ​សង្គ្រោះ​ទីក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ​យ៉ាង​សកម្ម​បំផុត។ តាម​សេចក្ដី​រាយការណ៍ ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ខេត្ត​ចំនួន​៣០ ក្នុង​ចំណោម ៧៧​ខេត្ត​របស់​រាជាណាចក្រ​នេះ។

ក្រសួង​ទប់ស្កាត់​គ្រោះ​មហន្តរាយ​របស់​ថៃ ឲ្យ​ដឹង​ថា គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​នេះ​បង្ក​ឡើង​ដោយ​ខ្យល់​ព្យុះ​ត្រូពិក Dianmu ដែល​បាន​ប៉ះពាល់​ខ្លាំង​ជាងគេ​នៅ​តំបន់​កណ្តាល និង​ភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ បណ្ដាល​ឲ្យ​ជន់​លិច​ផ្ទះសម្បែង​ជាង ៧​ម៉ឺន​ខ្នង​នៅ​ទូទាំង​ប្រទេស និង​បណ្ដាល​ឱ្យ​មនុស្ស ៦​នាក់​ស្លាប់ និង ២​នាក់​បាត់​ខ្លួន។

សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ឲ្យ​ដឹង​ថា ស្ថានភាព​ទឹកជំនន់​ក្នុង​ខេត្ត​ចំនួន​៧ បាន​ធូរស្បើយ​បន្តិច​ហើយ​នៅ​ថ្ងៃ​នេះ។ តែ​នៅឡើយ​ខេត្ត​ចំនួន​២៣​ទៀត​កំពុង​បន្ត​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ដដែល។ យ៉ាងណា អាជ្ញាធរ​ថៃ បាន​ព្យាករ​រួច​ហើយ​ថា ភ្លៀង​ធ្លាក់​យ៉ាង​សន្ធប់​បន្ថែម​ទៀត នឹង​កើតឡើង​នៅ​តំបន់​ភាគ​ឦសាន និង​ភាគ​កណ្តាល​ប្រទេស​នៅ​ក្នុង​រយៈពេល ៣​ថ្ងៃ​ខាងមុខ​ទៀត។

ចាប់តាំង​ពី​ថ្ងៃ​ចន្ទ ក្នុង​សប្ដាហ៍​នេះ អាជ្ញាធរ​ក្រុង​បាងកក ចាប់ផ្តើម​ដាក់​របាំង និង​បាវ​ខ្សាច់​ការពារ​សង្កាត់​មួយ​ចំនួន ដោយ​ដាក់​គរ​ត្រួត​បាវ​ខ្សាច់​នៅ​តាម​មាត់ទន្លេ​ចៅប្រយ៉ា ជា​ទី​ដែល​កម្ពស់​ទឹក​វាយលុក​ចូល​ក្រុង គឺ​ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​ជន់​លិច​ភាគ​ខាងជើង​ក្រុង​បាងកក។

សាលា​រដ្ឋបាល​ក្រុង​បាងកក បាន​ជូនដំណឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ក្រសួង​ឧតុនិយម បាន​ព្រមាន​ពី​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​នេះ​មាន​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ នេះ សម្រាប់​នៅ​ទីក្រុង​បាងកក។

លោក Aswin Kwanmuang បាន​ឱ្យ​ដឹង​ថា ទឹក​បុក​ចូល​ក្រុង​បាងកក ដោយ​ធ្លាយ​ពី​ទន្លេ​ចៅប្រយ៉ា គឺ ២៨៧៣​ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​កញ្ញា នេះ។ លោក​អភិបាល​ក្រុង​បាងកក សន្យា​ថា សាលាក្រុង​នឹង​ប្រកាស​ជូនដំណឹង​ទៅ​ប្រជាជន​ភ្លាមៗ​បើសិនជា​ឃើញ​មាន​សញ្ញា​ទឹក​បុក​ធ្លាយ​ពី​ទន្លេ​ចៅប្រយ៉ា ក្នុង​ទំហំ​ទប់​មិន​បាន។ តាម​អភិបាល​ក្រុង​បាងកក នៅ​ក្នុង​ដំណាក់កាល​នេះ ក្រុង​បាន​ត្រៀម​រៀបចំ​ជាស្រេច​ម៉ាស៊ីន​បូម​ទឹក និង​បាវ​ខ្សាច់​សម្រាប់​ទប់ទល់​ទឹកជំនន់​ទឹកទន្លេ។

(រូប​ឯកសារ) ទឹក​ជន់​លិច​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ឆ្នាំ​២០១១។

អាជ្ញាធរ​ក្រុង​បាងកក សង្ឃឹម​ថា​នឹង​អាច​ជៀស​ផុត​ពី​វិបត្តិ​គ្រោះ​ទឹកជំនន់​ដូច​ដែល​ទីក្រុង​នេះ​ធ្លាប់​ជួប​ប្រទះ​កាលពី ១០​ឆ្នាំ​មុន។ នៅ​ឆ្នាំ​២០១១ ទឹកជំនន់​បាន​ជន់​លិច​ទីក្រុង​មួយ​ភាគ​ធំ និង​បាន​សម្លាប់​មនុស្ស​ជាង ៥០០​នាក់​នៅ​ទូទាំង​ប្រទេស។ អ្នក​ជំនាញ​ថៃ ផ្នែក​គ្រោះ​ធម្មជាតិ​បាន​ហៅ​ឆ្នាំ​២០១១ ថា​ជា​ឆ្នាំ​ដែល​រាជធានី​បាងកក ជួប​រឿង​អាក្រក់​ខ្លាំង​ណាស់​ក្នុង​រយៈពេល ១០០​ឆ្នាំ​មកនេះ។

តែ​មិនមែន​មាន​តែ​ទីក្រុង​បាងកក មួយ​នេះ​ទេ​ត្រូវ​បាន​អ្នក​ជំនាញ​ព្រមាន​ថា​អាច​លិច​ដោយសារ​នីវូ​ទឹក​សមុទ្រ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​ក្នុង​នោះ​មាន​ក្រុង​ហ្សាការតា សិង្ហបុរី ហូជីមិញ សៀងហៃ ដាកា តូក្យូ និង​កោះ​ម៉ាល់ឌីវ ដែល​ត្រូវ​ប្រឈម​នឹង​ការ​ជន់​លិច​ក្រោម​កម្ពស់​ទឹក​សមុទ្រ​កើន​ឡើង​នៅ​ឆ្នាំ​២០៥០។

សម្រាប់​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ទោះ​ជា​មិនទាន់​ឃើញ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ហានិភ័យ​នេះ​ក៏ដោយ តែ​រាជធានី​នៃ​រាជាណាចក្រ​មួយ​នេះ​តែងតែ​រង​នូវ​ការ​ជន់​លិច​ដោយសារ​ទឹកភ្លៀង​រៀងរាល់​ឆ្នាំ។ ជន់​លិច គឺ​ដោយសារ​ប្រព័ន្ធ​លូ​ហូរ​មិន​ទាន់ និង​ដោយសារ​បឹង​ធម្មជាតិ​នៅ​ជុំវិញ​ក្រុង​ដែល​ជួយ​រំដោះ​ទឹក​របស់​ទីក្រុង ត្រូវ​បាន​ចាក់​ដី​លុប​ដើម្បី​សំណង់​លំនៅឋាន​ថ្មីៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស