32 C
Phnom Penh

អ្នក​ឃ្លាំមើល​ដាក់​ការ​សង្ស័យ​លើ​កាស៊ីណូ​ហ្គេម​អនឡាញ​ខុស​ច្បាប់​ថា​អាច​ជាប់​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​សង្ស័យ​ថា ការ​បើក​កាស៊ីណូ​ហ្គេម​អនឡាញ​ខុស​ច្បាប់ ទំនង​អាច​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បើក​ដៃ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ទើប​កាស៊ីណូ​ខុស​ច្បាប់​មួយ​នេះ​អាច​លាក់​បុគ្គលិក​ដល់​ទៅ​រាប់​រយ​នាក់​រហូត​ដល់​ទៅ​ជិត ២​ឆ្នាំ​ដោយ​ស្ងាត់​ឈឹង​បែប​នេះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily បែប​នេះ បន្ទាប់ពី​ផ្ទុះ​ករណី​ថៅកែ​កាស៊ីណូ​ហ្គេម​អនឡាញ​មួយ​កន្លែង​នៅ​ឯ​ខេត្ត​ព្រះសីហនុ បាន​ឃុំឃាំង​បុគ្គលិក​បម្រើ​ការងារ​រាប់​រយ​នាក់​មិន​ឲ្យ​ចេញ​ក្រៅ​អគារ​ជិត ២​ឆ្នាំ​រហូត​មាន​អ្នក​ស្លាប់ និង​អ្នក​ឆ្លង​វីរុស Covid-19 កាលពី​ពេល​ថ្មីៗ​នេះ។

លោក មឿន តុលា បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ការ​បណ្តែត​បណ្តោយ​ឱ្យ​មាន​ល្បែងស៊ីសង​អនឡាញ​ខុស​ច្បាប់​របស់​អាជ្ញាធរ​មូលដ្ឋាន គឺជា​ការ​បំពាន​ទៅ​នឹង​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្រកាស​បិទ​ល្បែងស៊ីសង​តាម​អនឡាញ​នេះ​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៩ កន្លងទៅ​យ៉ាង​ធ្ងន់ធ្ងរ។

លោក​អះអាង​ថា ប្រសិន​ករណី​ឃាត់ឃាំង​បុគ្គលិក​ឱ្យ​ធ្វើការ​ដោយ​បង្ខំ​ពី​សំណាក់​ថៅកែ​ចិន​នេះ ពិត​ជា​ដូច​ការ​អះអាង​របស់​បុគ្គលិក​រងគ្រោះ​មែន​នោះ ថៅកែ​កាស៊ីណូ​រូប​នេះ​នឹង​ត្រូវ​ជាប់​ចោទ​ពី​បទ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​ដែល​ខុស​ទៅ​នឹង​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា​ទាំងស្រុង។

លោក មឿន តុលា បន្ថែម​ថា ការ​បង្ខំ​ឱ្យ​បុគ្គលិក​ធ្វើការ​បែប​នេះ គឺ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ការងារ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ ជាង​នេះ​ទៀត ការ​ឃាត់ឃាំង​បុគ្គលិក​មិន​ឱ្យ​ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ Covid-19 ក៏​ជា​ការ​រំលោភ​លើ​វិធានការ​រដ្ឋបាល​របស់​រដ្ឋាភិបាល និង​វិធានការ​សុខាភិបាល​ស្ដីពី​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ផង​ដែរ។

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​ការងារ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ អាជ្ញាធរ​គួរតែ​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព ដើម្បី​ចាប់​ជនល្មើស​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ និង​ជា​ការ​ធានា​នូវ​ស្ថិរភាព​សណ្ដាប់ធ្នាប់​សង្គម​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ។

កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១ មាន​ករណី​មួយ​បាន​កើតឡើង​នៅ​សង្កាត់​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ គឺ​មាន​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​កាស៊ីណូ​ហ្គេម​អនឡាញ​មួយ​ឈ្មោះ​ថា ដឺសេនជូរី ចំនួន ៤៣៧​នាក់ ត្រូវ​បាន​ថៅកែ​ជនជាតិ​ចិន ឃុំឃាំង​មិន​ឱ្យ​ចេញ​ក្រៅ​អគារ​អស់​រយៈពេល ១​ឆ្នាំ​កន្លះ​ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ មក រហូត​ទាល់តែ​មាន​បុគ្គលិក​ស្លាប់​ដោយសារ​ជំងឺ Covid-19 ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ក្នុង​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចុង​សប្តាហ៍​នេះ។

វិទ្យុ​បារាំង RFI បាន​ដកស្រង់​សម្ដី​នារី​រងគ្រោះ​ដែល​ជា​បុគ្គលិក​កាស៊ីណូ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា បុគ្គលិក​កាស៊ីណូ​ទាំងនោះ​សុទ្ធតែ​បាន​ឆ្លង​វីរុស Covid-19 ទាំងអស់ ប៉ុន្តែ​ម្ចាស់​កាស៊ីណូ​មិន​អនុញ្ញាត​ឲ្យ​បុគ្គលិក​ទាំងនោះ​ទៅ​ទទួល​ការ​ព្យាបាល​នោះ​ទេ ដោយ​គំរាម​ថា អ្នក​មិនព្រម​ធ្វើការ​នឹង​ត្រូវ​ឃុំ​ខ្លួន​ទុក ប៉ុន្តែ​អ្នក​ដែល​សុខចិត្ត​ធ្វើការ​បន្ត នឹង​ត្រូវ​បន្ថែម​ប្រាក់ឈ្នួល​ឱ្យ ៣០% ពី​លើ​ប្រាក់ខែ​របស់​ពួកគេ។

ប្រភព​ដដែល​អះអាង​ថា ថៅកែ​របស់​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​បុគ្គលិក​ណា​ម្នាក់​ចេញ​ក្រៅ​កាស៊ីណូ​ជា​ដាច់ខាត ខណៈ​កិច្ចសន្យា​រវាង​កាស៊ីណូ និង​បុគ្គលិក បាន​ព្រមព្រៀង​គ្នា​ថា បុគ្គលិក​ទាំងអស់​ដែល​ត្រូវ​វេន​សម្រាក ឬ​មាន​ការ​ចាំបាច់​នៅ​ឯ​ផ្ទះ ដូចជា​ឪពុក​ម្ដាយ​ឈឺ ជាដើម អាច​សុំ​ច្បាប់​ចេញ​ក្រៅ​បាន ប៉ុន្តែ​រយៈពេល​ជិត ២​ឆ្នាំ​មក​នេះ ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ​បាន​រំលោភ​លើ​កិច្ចសន្យា​នេះ​ទាំងស្រុង។

កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចុះហត្ថលេខា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​រដ្ឋ​ចិន លោក ចាវ ឃើជឺ ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ ជាពិសេស​ល្បែងស៊ីសង​អនឡាញ​ខុស​ច្បាប់ អំពើ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ការ​ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់ ជាដើម ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​នេះ​ត្រូវ​គេ​រិះគន់​ថា ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​នៅឡើយ។

ក្រុម​អ្នក​សង្កេតការណ៍​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​របស់​ជនជាតិ​ចិន ទោះបី​សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​ជាបន្តបន្ទាប់​ក៏ដោយ ប៉ុន្តែ​សកម្មភាព​ជនបរទេស​ទាំងនោះ​នៅតែ​បង្ក​ហានិភ័យ បំភិតបំភ័យ​ដល់​សន្តិសុខ​របស់​ពលរដ្ឋ ជាពិសេស​សកម្មភាព​ចាប់​ជំរិត​ទារ​ប្រាក់​តែម្តង។

ករណី​ល្មើស​ដែល​ជនជាតិ​ចិន​ប្រព្រឹត្ត​នៅ​កម្ពុជា​កន្លងមក មាន​ដូចជា ការ​បើក​បន​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត ការ​ឆបោក ការ​លួច​ឆ្លង​ដែន ជួញដូរ​គ្រឿងញៀន ជួញដូរ​មនុស្ស ជួញដូរ​ផ្លូវ​ភេទ ជំរិត​ទារ​ប្រាក់ ការ​កាន់កាប់​ប្រើប្រាស់​អាវុធ​គ្មាន​ការ​អនុញ្ញាត និង​សកម្មភាព​ឧក្រិដ្ឋ​ខុស​ច្បាប់​ជាច្រើន​ទៀត រួម​ទាំង​ការ​បង្ក​ហិង្សា​បាញ់​បោះ កាប់​ចាក់​នៅ​ទី​សាធារណៈ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស