34 C
Phnom Penh

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ការ​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​គ្រាន់តែ​ជា​រូបភាព​ធ្វើ​ឱ្យ​ល្អ​មើល​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​រិះគន់​ថា ការផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ផ្សេង​ទៀត គ្រាន់តែ​ជា​រូបភាព​ធ្វើ​ឱ្យ​ល្អ​មើល​តែប៉ុណ្ណោះ ហើយ​ការ​ផ្ទេរ​ភារកិច្ច​របស់​អភិបាល​ខេត្ត​ទាំងនោះ​នឹង​មាន​ផលប្រយោជន៍​សម្រាប់​បក្ស​កាន់​អំណាច​ក្នុង​ការ​រក​សំឡេងឆ្នោត ប៉ុន្តែ​មិនមែន​ដើម្បី​ភាព​រីកចម្រើន​ដល់​ជាតិ និង​ពលរដ្ឋ​នោះ​ទេ។

អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ការ​ដោះដូរ​អភិបាល​ខេត្ត​នីមួយៗ​របស់​រដ្ឋាភិបាល ហាក់​រក​មិន​ឃើញ​នូវ​ផល​ចំណេញ​ដល់​ជាតិ​នោះ​ទេ ព្រោះថា​បើ​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​ខាងលើ​សុទ្ធសឹងតែ​ជា​មន្ត្រី​ដែល​មិន​ស្អាតស្អំ​ទៅ​ហើយ​នោះ ទោះបីជា​មាន​ការ​ដោះដូរ​អភិបាល​ខេត្ត​ច្រើន​ប៉ុនណា ក៏​នៅតែ​មិន​មាន​ការ​រីកចម្រើន​ដល់​ជាតិ​ដដែល។

លោក​អះអាង​ថា ការ​ផ្ទេរ​ភារកិច្ច​របស់​មន្ត្រី​ថ្នាក់ក្រោម​ដោយ​មិន​បោស​សម្អាត​មន្ត្រី​ខិលខូច​នៅ​ក្បាលម៉ាស៊ីន​ខាងលើ​បែប​នេះ គ្រាន់តែ​ជា​ចេតនា​អាក្រក់​ដើម្បី​បំភ័ន្ត​ភ្នែក​ពលរដ្ឋ​ក្នុង​ការ​រក​សំឡេងឆ្នោត​នៅ​អាណត្តិ​បន្ទាប់​ទៀត​ប៉ុណ្ណោះ។

លោក​ថា ការ​ដោះដូរ​ជាច្រើន​អាណត្តិ​កន្លងមក​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ នៅតែ​គ្មាន​កំណែ​ទម្រង់​អ្វី​ដែល​ចេញ​ជា​លទ្ធផល​វិជ្ជមាន​សម្រាប់​ពលរដ្ឋ​ដដែល។

លោក សៀវ វិសុទ្ធ បញ្ជាក់​ថា បើ​ពលរដ្ឋ​តាមដាន​ឱ្យ​ដិតដល់​នោះ នឹង​មើល​ឃើញ​អំពី​ការ​បន្លំ​របស់​អ្នក​នយោបាយ​ទាំងនោះ​យ៉ាង​ច្បាស់​ក្រឡែត ដូចជា​អភិបាល​ខេត្ត​ដែល​ធ្លាប់​ប្រព្រឹត្ត​អាក្រក់ ហើយ​មាន​ការ​ខឹងសម្បា​ពី​ពលរដ្ឋ និង​ត្រូវ​ជំនួស​មក​វិញ​នូវ​អភិបាល​ខេត្ត​ដែល​គេ​ប្រឹង​ផ្សព្វផ្សាយ​ពី​គុណសម្បត្តិ ដើម្បី​លួង​ចិត្ត​ពលរដ្ឋ​ដែល​មិន​ពេញចិត្ត​នឹង​អភិបាល​ខេត្ត​មុន​របស់​ខ្លួន​នោះ​ជាដើម។

កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្ទេរ​ភារកិច្ច​អភិបាល​ខេត្ត និង​តែងតាំង​មុខតំណែង​មន្ត្រី​ថ្មី​ចំនួន ៨​រូប តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា ដូចជា លោក ម៉ៅ ធនិន ផ្ទេរ​ពី​អភិបាល​ខេត្ត​ពោធិ៍សាត់ ទៅ​ធ្វើជា​អភិបាល​ខេត្ត​កំពត ខណៈ​លោក ជាវ តាយ នឹង​ត្រូវ​ដោះដូរ​ពី​អភិបាល​ខេត្ត​កំពត ទៅ​ធ្វើជា​អភិបាល​ខេត្ត​ពោធិ៍សាត់ ជាដើម។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា វា​ជា​ទម្លាប់​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​ហើយ​ដែល​តែងតែ​ប្រើ​ល្បិច​បោកប្រាស់​ពលរដ្ឋ​ដោយ​ការ​ដោះដូរ​អភិបាល​ខេត្ត​មុន​ការ​បោះឆ្នោត​បែប​នេះ។

លោក​បញ្ជាក់​ទៀត​ថា ក្នុង​អាណត្តិ ៥​ឆ្នាំ​របស់​អភិបាល​ខេត្ត​ទាំងនោះ​ក៏​មាន​អភិបាល​ខេត្ត​ខ្លះ​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាច្រើន សូម្បី​គណបក្ស​កាន់​អំណាច​ខ្លួនឯង​ក៏​ដឹង​ថា បើ​ទុក​ឱ្យ​មន្ត្រី​ប្រភេទ​នោះ​នៅ​កាន់​កិច្ចការ​ខេត្ត​ដដែល​នោះ​តទៅទៀត នឹង​នាំ​ឱ្យ​សន្លឹកឆ្នោត​របស់​ខ្លួន​ធ្លាក់​ចុះ​ជាមិនខាន ដូច្នេះ​ដើម្បី​ស្ដារ​ប្រជាប្រិយភាព​គណបក្ស​ខ្លួន​ឡើងវិញ​មាន​តែ​ប្រើ​វិធី​បែប​នេះ​ប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ភាគច្រើន​ត្រូវ​គេ​សង្កេត​ឃើញ​ថា មិន​ត្រូវ​បាន​បញ្ឈប់​តួនាទី​ជា​មន្ត្រី​រាជការ ឬ​ទទួល​ពិន័យ​ណាមួយ​ទៅ​តាម​ច្បាប់​នោះ​ទេ នៅ​ពេល​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ខុស ប៉ុន្តែ​ផ្ទុយទៅវិញ មន្ត្រី​ទាំងនោះ​បែរជា​ទទួល​បាន​ការ​ដំឡើង​តួនាទី​ធំ​ជាង​មុន ឬ​ផ្លាស់ប្ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​បន្ទាប់ពី​ពួកគេ​រង​ការ​រិះគន់​ពី​មហាជន ឬ​មាន​កំហុស​ឆ្គង​ក្នុង​ការ​គ្រប់គ្រង​មិន​បាន​ល្អ​របស់​ខ្លួន។

កាលពី​ពេល​កន្លងទៅ អតីត​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​មន្ត្រី​យោធា​ផ្កាយ​៤ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ បន្ទាប់ពី​លោក​រង​ការ​រិះគន់​ដោយសារតែ​មាន​កំហុស​ឆ្គង​ក្នុង​ការ​គ្រប់គ្រង ធ្វើ​ឲ្យ​មាន​ករណី​បាក់​រលំ​អគារ​សំណង់​ក្រុមហ៊ុន​ចិន​មួយ​ដែល​បាន​សម្លាប់​កម្មករ​ខ្មែរ​រាប់​សិប​នាក់​កាលពី​អំឡុង​ឆ្នាំ​២០១៩ កន្លងទៅ។

ជុំវិញ​បញ្ហា​នេះ ក៏​មាន​ករណី​ស្រដៀង​គ្នា​នេះ​ផង​ដែរ គឺ​អតីត​អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង ដែល​រង​ការរិះគន់​ពី​មហាជន​ថា ដឹកនាំ​មិន​មាន​ភាព​រីកចម្រើន​ដើម្បី​ជា​ប្រយោជន៍​របស់​ខេត្ត ក៏​ត្រូវ​បាន​ដំឡើង​ទៅជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​៤ និង​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ថែម​ទៀត។

ចំណែក​លោក ញឹម វណ្ណដា ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ដក​ចេញ​ពី​តួនាទី​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដោយសារតែ​មិន​ទទួល​ខុសត្រូវ​លើ​ការងារ និង​ការ​ភូតភរ​មេដឹកនាំ​នោះ ក៏​ត្រូវ​បាន​ផ្តល់​តួនាទី​ថ្មី​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​នឹង​ទេសរដ្ឋមន្ត្រី​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​រិះគន់​ថា ការ​ប្រើ​វិធី​បំភ័ន្ត​ពលរដ្ឋ​បែប​នេះ បាន​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​រាជរដ្ឋាភិបាល ខូច​ឈ្មោះ​នាយករដ្ឋមន្ត្រី​យ៉ាង​ធ្ងន់ធ្ងរ ជាង​នេះ​ទៀត ថែមទាំង​ធ្វើ​ឲ្យ​ពលរដ្ឋ​លែង​គោរព លែង​ទុកចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស