26 C
Phnom Penh

ក្រុម​តស៊ូ​មតិ​រិះគន់​ថា​ការ​លើកឡើង​ពី​គោលការណ៍​អភិវឌ្ឍ​នៅ​មូលដ្ឋាន​របស់​លោក ស ខេង គឺ​មិន​អាច​ទៅ​រួច​ជាដាច់ខាត

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​បាន​រិះគន់​ថា បើ​ទោះបីជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង លើកឡើង​ពី​ចំណុច​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​នៅ​ថ្នាក់​មូលដ្ឋាន​ឱ្យ​បាន​ល្អ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ការពិត​ជាក់ស្តែង គឺ​មិន​អាច​ទៅ​រួច​ជាដាច់ខាត ប្រសិនបើ​កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស​ដូច​សព្វថ្ងៃ​នេះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​ថ្លែង​បែប​នេះ​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​បង្កើន​ការ​យកចិត្ត​ទុកដាក់​ធ្វើ​កិច្ចការ​ដើម្បី​បម្រើ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យ​បាន​ហ្មត់ចត់ ជាជាង​គិតគូរ​តែ​ពី​ប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​មេដឹកនាំ​កំពូល​របស់​បក្ស​កាន់​អំណាច​ដូច​ពេល​កន្លងមក។

លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​នេះ​ថា ការ​លើកឡើង​របស់​លោក ស ខេង ដែល​បាន​បង្ហាញ​ពី​ក្រមសីលធម៌ និង​ផ្ដល់​ការ​អប់រំ​មន្ត្រី​របស់​ខ្លួន​ឱ្យ​ធ្វើ​ល្អ​ចំពោះ​ពលរដ្ឋ​ក៏​ពិតមែន ប៉ុន្តែ​គាត់​ក៏​ជា​មេដឹកនាំ​ដែល​បាន​ចូល​ដៃ​ជាមួយ​លោក ហ៊ុន សែន រំលាយ​បក្ស​ប្រឆាំង និង​ប្លន់​យក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ហើយ​ដែរ។

លោក​អះអាង​ថា បើ​ទោះបីជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​មាន​គំនិត​ធ្វើ​កំណែ​ទម្រង់​នៅ​មូលដ្ឋាន​ក៏ដោយ ក៏​មិន​អាច​អនុវត្ត​បាន​ដែរ ព្រោះថា​លោក ស ខេង ក៏​ជា​មេដឹកនាំ​ដែល​កើត​ចេញពី​បក្ស​កុម្មុយនីស្ត​វៀតណាម​ដែរ ដូច្នេះ​ការ​លើកឡើង​របស់​គាត់​គ្រាន់តែ​និយាយ​ចោល​ប៉ុណ្ណោះ ត្បិត​តាម​របៀប​ដឹកនាំ​របស់​ពួក​កុម្មុយនីស្ត មុន​នឹង​សម្រេច​អនុវត្ត​ផែនការ​អ្វី​មួយ ត្រូវតែ​ឆ្លង​ការ​យល់ព្រម​ពី​ថ្នាក់លើ​របស់​ខ្លួន​ជាដាច់ខាត។

លោក​បន្ត​ថា បញ្ហា​គ្រប់​យ៉ាង​របស់​កម្ពុជា​មិនមែន​ដោយសារ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​ប្រព្រឹត្ត​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​ភាគច្រើន​ហ៊ាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​កាប់​បំផ្លាញ​ព្រៃឈើ​ខ្មែរ និង​នាំគ្នា​លួច​លក់​ធនធាន​រ៉ែ​ដ៏​មហាសាល​របស់​កម្ពុជា​កន្លងមក គឺ​ដោយសារតែ​មាន​ការ​បើក​ដៃ​ពី​មន្ត្រី​កំពូលៗ​ខាងលើ​តែប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ក្នុង​ពិធី​ប្រកាស​កាន់​មុខតំណែង​អភិបាល​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា កន្លងមក​ប្រជាពលរដ្ឋ​មិន​បាន​ស្អប់​មេដឹកនាំ​បក្ស​កាន់​អំណាច​នោះ​ទេ ប៉ុន្តែ​ដោយសារ​មន្ត្រី​មូលដ្ឋាន​ដូចជា​មេឃុំ ស្មៀន​ឃុំ មេ​ប៉ុស្តិ៍ និង​មេភូមិ ជាដើម ដឹកនាំ​មិន​បាន​ល្អ ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​នឹង​មេដឹកនាំ​កំពូលៗ​បែប​នេះ។

លោក​អះអាង​ថា ក្នុង​នាម​ជា​មន្ត្រី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​ខិតខំ​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ មិន​ត្រូវ​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​ខ្លួនឯង​នោះ​ទេ ព្រោះថា​ការ​រិះគន់​របស់​ពលរដ្ឋ គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​សម្រាប់​ពិនិត្យ​មើល​ទង្វើ​របស់​ខ្លួន ដូច្នេះ​ត្រូវ​នាំគ្នា​ខិតខំ​ប្រមូល​បញ្ហា​នានា​របស់​ពលរដ្ឋ​យក​មក​ដោះស្រាយ​ឱ្យ​មាន​តម្លាភាព យុត្តិធម៌ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ភាព​កក់ក្ដៅ​ថែមទៀត។

ក្រុម​អ្នក​សង្កេតការណ៍​ប្រតិកម្ម​ថា ការ​លើកឡើង​របស់​លោក ស ខេង មិន​ឆ្លុះបញ្ចាំង​ពី​ភាព​ជាក់ស្តែង​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឯក​បក្ស​បច្ចុប្បន្ន​នោះ​ទេ ព្រោះថា​បើ​ទោះបីជា​មាន​មន្ត្រី​មូលដ្ឋាន​ល្អ​ក៏​មិន​អាច​បម្រើ​ពលរដ្ឋ​បាន​ដែរ ដូច្នេះ​មាន​តែ​មន្ត្រី​ដែល​ស្មោះស្ម័គ្រ និង​បម្រើ​ផលប្រយោជន៍​ឱ្យ​បក្ស​ប៉ុណ្ណោះ ទើប​អាច​បន្ត​ធ្វើជា​មន្ត្រី​បាន​យូរអង្វែង បើមិនដូច្នោះទេ ពួកគេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​បញ្ឈប់​ពី​តួនាទី ឬ​ដក​តំណែង​ជាដើម។

ប្រភព​ដដែល​លើកឡើង​ថា បើ​លោក ស ខេង ពិតជា​គិតគូរ​ពី​ប្រយោជន៍​ប្រជាពលរដ្ឋ​ពិតមែន ហេតុ​អ្វី​បាន​ជា​ចូល​ដៃ​ជាមួយ​លោក ហ៊ុន សែន ប្លន់​តំណែង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​បក្ស​ប្រឆាំង​ទាំង ៥០០៧​នាក់ ដែល​ជា​តំណាង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។

ពួកគេ​បន្ថែម​ថា ការ​អះអាង​របស់​មន្ត្រី​កំពូល​បក្ស​កាន់​អំណាច​រូប​នេះ​គ្រាន់តែ​ដើម្បី​លុបលាង​ទង្វើ​អាក្រក់​ខ្លួនឯង និង​ព្យាយាម​រក​សំឡេងឆ្នោត​សម្រាប់​អាណត្តិ ២០២២ និង ២០២៣ ខាងមុខ​នេះ​ប៉ុណ្ណោះ ជាក់ស្ដែង​គឺ​មិនមែន​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ពិតប្រាកដ​នោះ​ទេ។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដើម្បី​ឱ្យ​មន្ត្រី​មូលដ្ឋាន​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ពេញលេញ​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ ពួកគេ​ត្រូវតែ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​បរិបូណ៌ និង​មាន​ឧត្តមគតិ​មោះមុត​ដើម្បី​ជាតិ និង​ប្រជាជន​ពិតប្រាកដ មិនមែន​គ្រាន់តែ​ដើម្បី​រក​ផលប្រយោជន៍​ឱ្យ​គណបក្ស​របស់​ពួកគេ​នោះ​ឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស